ចង់ឲ្យទីក្រុងភ្នំពេញស្អាត និងមានសោភ័ណភាព ស្រស់ស្អាត ចាប់ផ្ដើមពីយើងទាំងអស់គ្នា ក្នុងនោះ រួមទាំងកម្មករស៊ិនទ្រីផង
ភ្នំពេញ៖ លោកអភិបាលរាជធានីភ្នំពេញ បានលើកឡើងថា៖ “បើគ្មានបងប្អូនទាំងអស់ ជាអ្នកប្រមូល និងបោសសម្អាតសំរាមនោះទេ ទីក្រុងមួយនេះ ក៏ពុំមានសោភ័ណភាពស្រស់ស្អាត ដូចសព្វថ្ងៃនោះដែរ”។
នារសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជា អធិបតីក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនី និងអ្នកបើកបររបស់ក្រុមហ៊ុន ស៊ិនទ្រី ចំនួន ១.៧១១នាក់។
ក្នុងពិធីនោះលោកឃួង ស្រេង ស្រេង បានសម្ដែងនូវអារម្មណ៍នឹករលឹក អរគុណដល់បងប្អូនកម្មករ កម្មការិនី និងអ្នកបើកបរក្រុមហ៊ុន ស៊ិនទ្រី ដែលបានខិតខំបញ្ចេញកម្លាំងកាយ កម្លាំងចិត្ត បោសសម្អាត និងប្រមូលសំរាម ក្នុងរាជធានីភ្នំពេញ របស់យើងឱ្យស្រស់ស្អាត ដើម្បីបរិស្ថានល្អ អនាម័យស្អាត។
លោកអភិបាល បានផ្ដាំផ្ញើដល់បងប្អូនទាំងអស់ ត្រូវគិតគូរថែរក្សា សុខភាពឱ្យបានល្អ និងត្រូវចូលរួមបោះឆ្នោត ឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ កក្កដា ២០១៨ ដើម្បីប្រើប្រាស់សិទ្ធិជាពលរដ្ឋល្អ៕