ក្រសួងពីរ ពន្លឿនការចុះពិនិត្យវាស់វែង ដោះស្រាយបញ្ហាដីធ្លី ជូនពលរដ្ឋនៅឃុំចំនួន៣ ក្នុងស្រុកគិរីសាគរ
(ភ្នំពេញ)៖ ក្រសួងបរិស្ថាន បានចេញលិខិតមួយជម្រាបជូនដល់ អភិបាលនៃគណៈអភិបាលខេត្តកោះកុង សំណើសុំចាត់មន្រ្តីជំនាញបច្ចេកទេស ដើម្បីសហការជាមួយក្រុមការងារក្រសួងបរិស្ថាន និងក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះពិនិត្យវាស់វែងកំណត់អត្តសញ្ញាណដី ដែលប្រជាពលរដ្ឋរស់នៅកាន់កាប់ ប្រើប្រាស់ និងអាស្រ័យផលជាក់ស្តែង ក្នុងឃុំព្រែកខ្សាច់ ឃុំភ្ញីមាស និងឃុំកោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់។
នេះបើយោងតាមសេចក្តីស្នើសុំរបស់ក្រសួងបរិស្ថាន នៅថ្ងៃទី៥ ខែកក្កដានេះ លោក ផៃ ប៊ុនឈឿន រដ្ឋលេខាធិការក្រសួងបរិស្ថាន បានឲ្យដឹងថា “ដើម្បីពន្លឿនការដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋរស់នៅកាន់កាប់ ប្រើប្រាស់ និងអាស្រ័យផលជាក់ស្តែង ក្នុងឃុំព្រែកខ្សាច់ ឃុំភ្ញីមាស និងឃុំកោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង ក្រសួងបរិស្ថាន សូមលោកជំទាវ ចាត់មន្រ្តីជំនាញបច្ចេកទេស ដើម្បីសហការជាមួយក្រុមការងារក្រសួងបរិស្ថាន និងក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកមុ្មនិងសំណង់ ចុះពិនិត្យវាស់វែងកំណត់អត្តសញ្ញាណដី ដែលប្រជាពលរដ្ឋរស់នៅកាន់កាប់ ប្រើប្រាស់ និងអាស្រ័យផលជាក់ស្តែង ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់”។
លោកផៃ ប៊ុនឈឿន បានបញ្ជាក់ថា ការចុះពិនិត្យ និងវាស់វែងកំណត់អត្តសញ្ញាណដីខាងលើ នឹងចាប់ផ្តើមនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨នេះ ដូច្នេះសូមលោកជំទាវពិនិត្យ និងចាត់ចែងតាមការគួរ៕
សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថាន ដូចខាងក្រោម៖