សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិសារអាហារសាមគ្គីជាមួយថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមសម្ព័ន្ធខ្មែរ-ចិន នៅកម្ពុជា
នៅល្ងាចថ្ងៃអង្គារ ៥កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមក្នុងពិធីជួបជុំ និងពិសារអាហារសាមគ្គីជាមួយថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមសម្ព័ន្ធខ្មែរ-ចិន នៅមជ្ឈមណ្ឌលកោះពេជ្រ។
ពិធីនេះនឹងមានការអញ្ជើញចូលរួមពីមន្ត្រីថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមឯកអគ្គរដ្ឋទូតប្រទេសចិនប្រចាំនៅកម្ពុជា ថ្នាក់ដឹកនាំសមាគមកម្ពុជា-ចិន និងបងប្អូនពាណិជ្ជករខ្មែរ-ចិន ជាច្រើនរូបទៀតផងដែរ។ ពិធីជួបជុំនេះ គឺដើម្បីអបអរសារទរមុនការឈានមកដល់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរផង និងបង្កើនទំនាក់ទំនងជាមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងបងប្អូនខ្មែ-ចិនឲ្យកាន់តែជិតស្និទ្ធបន្ថែមទៀតផងដែរ។
ការជួបជុំរវាងសម្ដេចតេជោនាយករដ្ឋមន្ត្រីនិងបងប្អូនសម្ព័ន្ធសមាគមខ្មែរ-ចិននេះ គឺជាជំនួបលើកទី៣ផងដែរ ដែលសកម្មភាពនេះគឺជាការផ្តល់កិត្តិយសដ៏ថ្លៃថ្លាបំផុតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដល់បងប្អូនសម្ព័ន្ធសមាគមខ្មែរ-ចិន ជាពិសេសបង្ហាញពីការយកចិត្តទុកដាក់ចំពោះបងប្អូនអ្នកវិនិយោគ ពាណិជ្ជករ និងធុរជន ដែលកំពុងរកទទួលទាននៅក្នុងប្រទេសកម្ពុជា៕