សត្វឥន្ទ្រី និងសត្វសំពោច ដែលឈ្មួញ ប្រុងលោតទៅឆត្រនាំទៅវៀតណាម ត្រូវសមត្ថកិច្ចស្ទាក់ចាប់នៅស្រុកសំបូរ
ក្រចេះ៖ សតសត្វព្រៃរស់ដ៏កម្រ គឺ សត្វឥន្ទ្រីចំនួន២០ក្បាល និងសត្វសំពោច៨ក្បាល ត្រូវបាន ក្រុមសមត្ថកិច្ចខេត្តក្រចេះ នៅព្រឹកថ្ងៃទី១០ មេសា បង្ក្រាបបទល្មើសជួញដូរសត្វព្រៃធ្វើការរំដោះចេញពីរថយន្តឈ្មួញលួចដឹកជញ្ជូន ។ ក្រុមសមត្ថកិច្ច បាននិយាយថា ពពួកសត្វព្រៃដ៏កម្រទាំងនេះ ត្រូវបានឈ្មួញលួចដឹកតាមរថយន្តកាមេរីឆ្លាម១គ្រឿង ទំនងជាដឹកចេញពីខេត្តស្ទឹងត្រែង ឆ្ពោះទៅកាន់ព្រំដែនវៀតណាម តែត្រូវបានធ្វើការស្រាវជ្រាវស្ទាក់ចាប់បាននៅលើផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិព្រះ ឃុំអូរគ្រៀង ស្រុកសំបូរ ។
សង្កាត់រដ្ឋបាលព្រៃឈើអូរគ្រៀង សហការជាមួយកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត និងកម្លាំងអាវុធហត្ថស្នាក់ការសន្តិសុខ៧០៨ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩នេះ បានស្ទាក់ចាប់រថយន្ដមួយគ្រឿង ដឹកសត្វព្រៃរស់ជាច្រើនក្បាល បម្រុងលោតឆត្រទៅវៀតណាម ។
មន្រ្តីសង្កាត់រដ្ឋបាលព្រៃឈើអូរគ្រៀង បានឲ្យដឹងថា រថយន្ដដែលសមត្ថកិច្ចឃាត់បាននោះ គឺរថយន្ដម៉ាកមាមរីឆ្លាម ពណ៌ស្ករ ស្លាក់លេខ ព្រះសីហនុ 2A-2647 ដឹកសត្វព្រៃរស់ មានសំពោចចំនួន៨ក្បាល ស្មើ១៧គីឡូក្រាម និងសត្វឥន្រ្ទីចំនួន ២០ក្បាល។
លោក កែវ ចំណាន នាយសង្កាត់រដ្ឋបាលព្រៃឈើអូរគ្រៀង បានឲ្យដឹងថា កម្លាំងសមត្ថកិច្ចឃាត់បានរថយន្ដ តែអ្នកបើកបររត់គេចខ្លួនមិនស្គាលអត្តសញ្ញាណនោះទេ ហើយសត្វទាំងនោះ ត្រូវរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើអូរគ្រៀង បណ្ដោះអាសន្ន រង់ចាំអង្កការ វាយ អេត មកទទួលយកនៅថ្ងៃស្អែក។
សកម្មភាពបង្ក្រាបឈ្មួញដឹកជញ្ជូន មិនត្រូវបានឃាត់ខ្លួនមនុស្សនោះទេ ដោយសមត្ថកិច្ចអះអាងថា អ្នកបើករថយន្តបានគេចខ្លួនបាត់ ក្រោយការតាមស្ទាក់ចាប់រថយន្តនោះបាន ។ នាយសង្កាត់រដ្ឋបាលព្រៃឈើអូរគ្រៀង លោក កែវ ចំណាន បានប្រាប់ឲ្យដឹងថា សត្វព្រៃត្រូវនាំមករក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើ ដើម្បីរង់ចាំចំណាត់ការធ្វើការដោះលែង ចូលក្នុងព្រៃឱ្យមានសុវត្ថិភាពវិញ ។
បទល្មើសដឹកជញ្ជូនសត្វព្រៃ គឺនៅតែមានលួចលាក់ក្នុងរូបភាពផ្សេងៗពីក្រុមឈ្មួញដដែល ហើយក្នុងទិសដៅនាំចេញនៅប្រទេសវៀតណាមទៀតផង ។ ប្រភពបាននិយាយថា សត្វព្រៃគ្រប់ប្រភេទសព្វថ្ងៃ កំពុងតែមាននៅទីផ្សារខ្ពស់ តាមព្រំដែនជាប់ប្រទេសវៀតណាម ។ ការលួចធ្វើអាជីវកម្មពីឈ្មួញទុច្ចរិតលើជំនួញខុសច្បាប់នេះ ក៏កំពុងតែមានសន្ទុះខ្លាំងដោយពួកគេបានប្រើគ្រប់រូបភាពមធ្យោបាយ ដើម្បីដឹកជញ្ជូន ៕