នគរបាលខណ្ឌពោធិ៍សែនជ័យ ចាប់ជនសង្ស័យ 2 នាក់ ដែលឆក់កាបូបបានលុយ៣ម៉ឺនដុល្លារ ពីស្រីម្នាក់
ភ្នំពេញ៖ ជនសង្ស័យចំនួន២នាក់បានជិះម៉ូតូធ្វើសកម្មភាព ឆក់កាបូបលុយពីស្ត្រីជនជាតិចិនម្នាក់ បានសម្រេច ហេីយព្យាយាមជិះម៉ូតូគេចខ្លួន តែត្រូវបានកម្លាំងអន្តរាគមន៍ល្បាតឃេីញដេញចប់បានភ្លាមៗ កាលពីវេលាម៉ោង១០និង៥០នាទីយប់ថ្ងៃទី១០ខែមេសាឆ្នាំ២០១៩ ត្រង់ចំណុចមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមបណ្តោយផ្លូវហសព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ។
នគរបាលខណ្ឌពោធិសែនជ័យបានឲ្យដឹងថា ជនសង្ស័យ ឈ្មោះលឹម លាងហេង ភេទប្រុសអាយុ១៧ឆ្នាំមុខរបរមិនពិតប្រាកដរស់នៅភូមិថ្មគោល សង្កាត់ចោមចៅទី២ ខណ្ឌពោធិសែនជ័យ និងឈ្មោះជាង សី ភេទប្រុសអាយុ១៥ឆ្នាំស្នាក់នៅក្បែរសាលាគោកបញ្ជាន់ ភូមិចោមចៅទី២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ មានទីលំនៅកំណើតឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ។ ចំណែកជនរងគ្រោះឈ្មោះ ZENG CHUN ភេទស្រីអាយុ ៤២ឆ្នាំ ជាជនជាតិចិនដីគោក។ មុនពេលកេីតហេតុ ជនរងគ្រោះ បានចុះពីលេីសណ្ឋាគារដេីរលេងតាមផ្លូវ ស្រាប់តែឃេីញគេកំពុងធ្វេីកម្មវិធីជប់លៀង ក៏ទាញទូរស័ព្ទថតលេង ភ្លាមនោះក៏លេចមុខជនសង្សយចំនួន២នាក់ជិះម៉ូតូម៉ាកឃ្លីកពណ៌ខ្មៅ មិនមានស្លាកលេខមកធ្វេីសកម្មភាពឆក់ការបូបយួពីដៃជនរងគ្រោះ បានសម្រេចហេីយព្យាយាមជិះគេចខ្លួន តែត្រូវបានកម្លាំងអន្តរាគមន៍ល្បាតឃេីញក៏ដេញចាប់បានភ្លាមៗតែម្តង។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងអន្តរាគមន៍ពិសេស ខណ្ឌពោធិ៍សែនជ័យប្រគល់ឲ្យ ប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ធ្វេីការសាកសួរបន្ត និងបញ្ជូនទៅអធិការនគរបាលខណ្ឌ ដេីម្បីចាត់ការតាមច្បាប់។ ចំណែកលុយរបស់ជនរងគ្រោះ ដែលចោរឆក់នោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនទៅជនរងគ្រោះវិញ៕