វិភាគ៖ រថយន្តក្រុងរបស់រាជធានីភ្នំពេញ បង្កើនក្តីសប្បាយរីករាយដល់ប្រជាពលរដ្ឋ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្
កាលពីព្រឹកព្រលឹមថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ អាជ្ញាធររាជធានីភ្នំពេញ បានបញ្ចេញរថយន្តក្រុងសាធារណៈ ចំនួន ៦០គ្រឿង ដឹកប្រជាពលរដ្ឋដោយឥតគិតថ្លៃ ពីភ្នំពេញ ទៅស្រុកកំណើត នៅតាមបណ្តាខេត្តនានា ដើម្បីចូលរួមពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ។
នៅពេលចេញឡើងឡានក្រុង ចេញដំណើរនៅថ្ងៃដំបូង កាលពីព្រឹកថ្ងៃទី១២មេសា មានប្រជាពលរដ្ឋយ៉ាងច្រើនកុះករ នាំគ្នាជិះរថយន្តក្រុង ឆ្ពោះទៅស្រុកកំណើត ដោយក្តីរីករាយ និងសាទរចំពោះការផ្តល់រថយន្តជិះដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែមេសា។
ឡានក្រុងជិះដោយឥតគិតថ្លៃទាំងនោះ បានចេញដំណើរពីភ្នំពេញ នៅម៉ោង ៥ ព្រឹក ថ្ងៃទី១២ ខែមេសា ដោយរត់លើផ្លូវ ៥ខ្សែ ចេញពីភ្នំពេញ ទៅកាន់ខេត្តកណ្ដាល ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តតាកែវ ខេត្តកំពត ខេត្តកែប កំពង់ស្ពឺ ខេត្តព្រះសីហនុ កំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ធំ និងខេត្តសៀមរាប។
អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យការរៀបចំឡានក្រុង ដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ពីភ្នំពេញ ទៅកាន់បណ្តាខេត្តនានា កាលពីព្រឹកថ្ងៃទី១២មេសា។ មិនត្រឹមតែប្រជាពលរដ្ឋ អ្នកដំណើរទេ ដែលសប្បាយរីករាយ សូម្បីតែអភិបាលរាជធានី និងថ្នាក់ដឹកនាំមន្ត្រីជំនាញ ក៏សប្បាយរីករាយនឹងឡានក្រុងជិះគិតថ្លៃនេះផងដែរ។
មិនត្រឹមតែដឹកជញ្ជូនអ្នកដំណើរតែលើផ្លូវចេញពីភ្នំពេញទេ តែឡានក្រុងរបស់សាលារាជធានីភ្នំពេញទាំង ៦០ គ្រឿង ក៏ដឹកជញ្ជូនអ្នកដំណើរដោយឥតគិតថ្លៃ មកពីតាមបណ្តាខេត្តនានា ចូលរាជធានីភ្នំពេញវិល គឺរថយន្តក្រុងទាំងនោះ រត់ទៅមកៗ មួយថ្ងៃពីរបីជើង ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨។ ពោលគឺនៅមុនពេលចូលឆ្នាំ នៅថ្ងៃចូលឆ្នាំ និងនៅក្រោយថ្ងៃចូលឆ្នាំ។
ក្រៅពីឡានក្រុងរត់ទៅតាមខេត្ត នៅភ្នំពេញ សាលារាជធានីភ្នំពេញ ក៏បានដាក់ឲ្យដំណើរការជាធម្មតានូវរថយន្តក្រុងសាធារណៈដែលមានស្រាប់រាល់ថ្ងៃ ហើយនៅថ្ងៃបុណ្យចូលឆ្នាំ ៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០១៨ ឡានក្រុងនៅភ្នំពេញទាំង ៨ខ្សែ ដឹកអ្នកដំណើរដោយមិនគិតថ្លៃ ដើម្បីដើរលេងបុណ្យចូលឆ្នាំថ្មី ផងដែរ។
ជាការពិត ការផ្តល់នូវការដឹកជញ្ជូនឥតគិតថ្លៃនេះ ពិតជាបានជួយសម្រាលនូវការលំបាកយ៉ាងច្រើនរបស់ប្រជាពលរដ្ឋ អ្នកធ្វើដំណើរពីភ្នំពេញ ទៅកាន់ស្រុកកំណើតនៅតាមខេត្តនានា ព្រោះថា អំឡុងពេលបុណ្យចូលឆ្នាំនេះ ឡានក្រុងដឹកអ្នកដំណើរ ដែលជាឡានរបស់ក្រុមហ៊ុនឯកជន បានឡើងថ្លៃ។ ឡានក្រុងទាំងនោះ មិនត្រឹមឡើងថ្លៃ ១ ភាគ ៣ នៃតម្លៃសំបុត្រធម្មតាទេ តែថែមទាំងរកសំបុត្រទិញជិះមិនបានទៀតផង។ នោះគឺតម្លៃសំបុត្រ ថ្ងៃធម្មតា ពីភ្នំពេញ-បាត់ដំបង ត្រឹមតែ ៣ម៉ឺនរៀល តែនៅថ្ងៃទី១២មេសា នៅមុនថ្ងៃចូលឆ្នាំនេះ សំបុត្រឡើងដល់ ៤ម៉ឺនរៀល ហើយរកទិញមិនបានទៀត ទាល់តែកក់ពីរបីថ្ងៃមុន ទើបបាន។
សរុបមក រាជរដ្ឋាភិបាល តាមរយៈសាលារាជធានីភ្នំពេញ រៀបចំឡានក្រុងដឹកអ្នកដំណើរដោយឥតគិតថ្លៃ ពីភ្នំពេញ តាមផ្លូវជាតិជាច្រើន នាអំឡុងពេលចូលឆ្នាំថ្មី ប្រពៃណីជាតិនេះ ពិតជាសម្រួលការលំបាករបស់ប្រជាពលរដ្ឋ ហើយបានបង្កើតស្នាមញញឹម និងបង្កើនការសប្បាយរីករាយដល់ប្រជាពលរដ្ឋយើងកាន់តែសប្បាយ នៅស្រុកកំណើតក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ នាឆ្នាំនេះ។ សូមទេវតាឆ្នាំថ្មី ប្រសិទ្ធពរជ័យដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋខ្មែរ សូមជួបប្រទះតែសេចក្តីសុខ រួចចាកទុក្ខភ័យទាំងពួង។ សួស្តីឆ្នាំថ្មី!
ដោយ៖ សុខ ស្រីពៅ