អគ្គស្នងការ ណែនាំរក្សាសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩នេះ បានចេញសេចក្ដីណែនាំចំនួន៥ចំណុច ស្ដីអំពីការរក្សាសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩។
តាមរយៈសេចក្ដីណែនាំថ្ងៃទី១១ ខែមេសានេះ វិធានការ៥ចំណុចនោះរួមមាន៖
ទី១៖ ត្រូវធ្វើការរឹតបន្ដឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក តាមផ្លូវជាតិ និងផ្លូវរាជធានី-ខេត្ត ទប់ស្កាត់ការបើកបរលើសល្បឿនកំណត់ ការបើកបរក្នុងស្ថានភាពស្រវឹង ការមិនពាក់មួកសុវត្ថិភាព និងករណីល្មើសច្បាប់ផ្សេងទៀត ដែលបង្កឲ្យមានគ្រោះថ្នាក់ ដោយធ្វើការឃាត់យានយន្តល្មើស ចេញប័ណ្ណពិន័យ ហើយណែនាំឲ្យបង់ប្រាក់ពិន័យ នៅស្នាក់ការនគរបាលចរាចរណ៍ផ្លូវគោក។ ចំពោះករណីបើកបរក្នុងស្ថានភាពស្រវឹង ក្រៅពីអនុវត្តការពិន័យតាមច្បាប់ ត្រូវឃាត់អ្នកបើកបរ នៅស្នាក់ការនគរបាលចរាចរណ៍ផ្លូវគោក រហូតដល់ពិនិត្យឃើញថា គ្មានជាតិអាល់កុលពីក្នុងរាងកាយ ទើបអនុញ្ញាតឲ្យបន្តការបើកបរ។
ទី២៖ នៅតាមផ្លូវជាតិ ការដាក់ប៉ុស្តិ៍ត្រួតពិនិត្យរឹតបន្ដឹងច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ក្នុងរាជធានីខេត្តនីមួយៗ អាចដាក់បានតែមួយគោលដៅ ។ នៅតាមផ្លូវរាជធានី-ខេត្ត ត្រូវដាក់ប៉ុស្តិ៍ត្រួតពិនិត្យចល័តក្នុងកម្រិតតិចបំផុត ហើយត្រូវទទួលបានការឯកភាពជាមុនពី អភិបាល និងជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោករាជធានី-ខេត្ត ។
ទី៣៖ ត្រូវរៀបចំសណ្តាប់ធ្នាប់ចរាចរណ៍ ឲ្យមានរបៀបរៀបរយមិនឲ្យមានការកកស្ទះ ដោយចាត់វិធានការ ម៉ឺងម៉ាត់តាមច្បាប់ ចំពោះការចតយានយន្ត ការលក់ដូរ ឬសកម្មភាពផ្សេងៗ នៅតាមគោលដៅដែលបានហាមឃាត់ ដូចជាតាមដងផ្លូវទីប្រជុំជន វត្តអារាម រមណីយដ្ឋាន តំបន់ទេសចរណ៍ និងទីតាំងកម្សាន្ដសប្បាយ។
ទី៤៖ ត្រូវផ្សព្វផ្សាយបណ្តាញទំនាក់ទំនងទទួល និងផ្តល់ព័ត៌មានរហ័ស របស់អង្គភាពនគរបាលចរាចរណ៍ផ្លូវគោក ដល់សាធារណជនបានជ្រាប ដើម្បីធ្វើការទំនាក់ទំនងទទួលសំណូមពរនានា ដូចជាការស្នើសុំជួយសង្គ្រោះជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ជាដើម។ ជាមួយនេះត្រូវត្រៀមមន្ត្រីជំនាញ និងមធ្យោបាយ សម្រាប់ជួយសង្គ្រោះជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ឲ្យបានទាន់ពេល ។
ទី៥៖ ត្រូវផ្សព្វផ្សាយអប់រំសីលធម៌វិន័យ និងធ្វើការត្រួតពិនិត្យយ៉ាងម៉ត់ចត់ ចំពោះសកម្មភាពរបស់មន្រ្តីមាន សមត្ថកិច្ចត្រួតពិនិត្យរឹតបន្ដឹង ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ជាមួយការឧបត្ថម្ភលើកទឹកចិត្តធានាបំពេញភារកិច្ច ប្រកបដោយសីលធម៌ស្អាតស្អំ ទន់ភ្លន់ តែម៉ឺងម៉ាត់ និងទទួលបានជំនឿជឿជាក់ពីប្រជាពលរដ្ឋ៕