ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រកឃើញហើយជនឆ្លៀតឱកាស បោកប្រាស់ ថវិកាបងប្អូនពលករខ្មែរ ចេញមកចូលឆ្នាំថ្មី នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត

117

 


​ភ្នំពេញ​៖ មន្ត្រី​ប្រចាំ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត បាន​ឃាត់​បុរស​ម្នាក់​ ពីបទជំរិតទារប្រាក់ពីពលករខ្មែរ មកពីប្រទេសថៃ ដើម្បី​ចូលរួម​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំថ្មី​។

​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ប៉ុស្ដិ៍នគរបាល​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត កាលពី​ថ្ងៃទី​១១​មេសា   ឆ្នាំ​២០១៩  បានបង្ហាញ​មុខ​បុរស​ម្នាក់ និង​រៀបរាប់​យ៉ាងខ្លី​ថា «​ការឃាត់ខ្លួន​មេខ្យល់​ជំរិត​ទារប្រាក់​ពី​បងប្អូន​ពលករ នៅតែ​បន្ត​ដូច​ភ្លៀងរលឹម​។ សូម​បងប្អូន​មក​ទាក់ទង​មន្ត្រី​ដោយផ្ទាល់ ចៀសវាង​ការចាញ់បោក និង​ខាតបង់​ប្រាក់កាស​»​។​

ពលករខ្មែរ បានសម្រុកចេញពីប្រទេសថៃ ដើម្បីចូលរួមពិធីបុណ្យ ចូលឆ្នាំប្រពៃណីខ្មែរ ដើម្បីជួបជុំសាច់ញាតិ បងប្អូន ពុក ម៉ែ មា មីង កូនក្មួយ ហើយកាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ កាលពីម្សិលមិញនេះ។ ក្នុងខណៈពេលកំពុងឈរតំរៀបគ្នាជួរ តែងតែមានជនឆ្លៀតឱកាស ប្រព្រឹត្តបទល្មើសផ្សេងៗ ដូចជាៈ ដើរតួរជាអ្នកជួយសម្រួល ដើម្បីទទួលបាននូវកំរ៉ៃជើងសារ ធ្វើអោយប៉ៈពាល់ដល់សន្តិសុខសង្គម និងខាតបង់ ថវិការបស់ពលករ ។

បើតាមសមត្ថកិច្ច អន្តោរប្រវេសន៍ បានប្រាប់ឲ្យដឹងថា៖ ជនប្រព្រឹត្ត មានឈ្មោះ ខៀវ សាវុធ ភេទប្រុស អាយុ៣៦ឆ្នាំ សញ្ជាតិខ្មែរ មុខរបរអូស រទេះ បច្ចុប្បន្នស្នាក់នៅផ្ទះជួល ក្រោយនាគមាសចាស់ កាលពីព្រឹកថ្ងៃទី០៩ ខែឆ្នាំដដែល គាត់បាននាំពលករចេញពីប្រទេសថៃ មកប្រទេសកម្ពុជា ចំនួន០៣នាក់ ក្នុងតម្លៃម្នាក់៦០០ បាត។ តែពេលនាំចូលមកត្រូវមន្រ្តីប្រចាំការ នៅក្បាលស្ពាន ឃាត់ខ្លួនបានរួចបញ្ជូនមក ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដើម្បីសាកសួរ។

សមត្ថកិច្ចដដែលបានបន្តថា៖ គាត់បានសារភាពទទួលកំហុស នៅចំពោះមុខសមត្ថកិច្ច និងបានធ្វើកិច្ចសន្យា បន្ទាប់ពីធ្វើកំណត់ហេតុហើយ យើងបានអនុញ្ញាតឲ្យ គាត់ត្រឡប់ទៅផ្ទះវិញ ។ ចំពោះទង្វើ នៃជននោះ សមត្ថកិច្ច បានពិនិត្យទៅលើធាតុផ្សំ នៃ បទល្មើស ដែលមាន ធាតុ ច្បាប់ ធាតុផ្លូវចិត្ត ​និង ធាតុសម្ភារ ចំពោះធាតុទាំងបីនេះ ចង់ចូលក្នុងមាត្រា ឬ ធាតុណាមួយ ជននោះមិនអាចរួចផុត ពីសំណាញ់ច្បាប់ដែរ តែដោយសារជាអំពើ របស់ជននេះ ទើបជាលើកដំបូង ហើយមិនយល់អំពីផ្លូវច្បាប់ ទើបដោះលែងត្រឡប់ទៅវិញ ដោយគ្រាន់តែឲ្យគាត់ធ្វើកិច្ចសន្យាប៉ុណ្ណោះ ។

​ទោះយ៉ាងណាអ្នកសារព័ត៌មាន មិនអាច​សុំ​ការបកស្រាយ​ពីលោក ខឹម ចិ​ត្រា ប្រធាន​ប៉ុស្ដិ៍នគរបាល​ច្រកទ្វារ​នេះ​បានឡើយ។

​ជិត​បុណ្យចូលឆ្នាំ​ខ្មែរ ពលករ​ដែល​ធ្វើការ​នៅ​ប្រទេស​ថៃ​ជាច្រើន បាននាំគ្នា​សម្រុក​មក​ស្រុកកំណើត​វិញ ដែល​បណ្តាលឱ្យមាន​ភាព​កកស្ទះ​ពេញ​តាម​ច្រកព្រំដែន និង​មាន​អ្នក​ខ្យល់គរ​ផងដែរ ពេល​កំពុង​តម្រង់​ជួរ​ប្រថាប់ត្រា ដោយសារតែ​ក្តៅ​និង​ហប់​ពេក​។ ជាមួយគ្នានេះ ក៏មាន​ការលេចឮថា មន្ត្រី​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ បានទារប្រាក់ពីពលករមកពីប្រទេសថៃពី១០០​ទៅ​២០០​បាត​ផងដែរ​៕

 

អត្ថបទដែលជាប់ទាក់ទង