ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្ត្រីក្រសួងកសិកម្ម  ជម្រុញឲ្យប្រជាពលរដ្ឋដាំ បន្លែសុវត្ថិភាព ឱ្យបានច្រើនទាំងរដូវប្រាំងនិងវស្សា ដើម្បីបំពេញតម្រូវការទីផ្សារ

187

ត្បូងឃ្មុំ ៖ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញឱ្យប្រជាកសិករ មន្តី្រជំនាញកសិកម្មខេត្ត ខិតខំរួមគ្នា ផលិតបន្លែសុវត្ថិភាព ឱ្យបានគ្រប់មុខដើម្បីបំពេញតម្រូវការទីផ្សារក្នុងស្រុក ពិសេសបង្កើនប្រាក់ចំណូលគ្រួសារកសិករឱ្យបានប្រសើរឡើង ។ ការផ្លែងបែបនេះរបស់ឯកឧត្តម វេង សាខុន បានធ្វើឡើងក្នុងឳកាសអញ្ជើញជាអធិបតីក្នុងវេទិការផ្សារណាត់បន្លែសុវត្ថិភាពដែលរៀបចំធ្វើ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨ ក្នុងបរិវេណចំណតរថយន្តក្រុងសួង ក្នុងភូមិសួងលិច សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ។

ឯកឧត្តម វេង សាខុន មានប្រសាសន៍លើកឡើងថា បច្ចុប្បន្នដោយសារប្រជាជនកម្ពុជា មានកំណើនជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ និងមានជីវភាពកាន់តែ ប្រសើរ។ និន្នាការ និងទម្លាប់នៃការហូបចុក ក៏មានការប្រែប្រួលដោយពួកគាត់បាន យកចិត្តទុកដាក់ខ្ពស់លើគុណភាពនិងសុវត្ថិភាពចំណីអាហារ ជាពិសេសបន្លែនិង ផ្លែឈើស្រស់ ។ ម៉្យាងទៀតបើយោងតាមរបាយការណ៍អង្កេតបន្លែកាលពីពេលកន្លងទៅ ប្រទេសកម្ពុជានាំចូលបន្លែអាស្រ័យ លើរដូវកាល ប្រមាណពី២០០ទៅ៤០០តោន ក្នុង១ថ្ងៃ ដែលមានតម្លៃទឹកប្រាក់ប្រហែលពី១៥០ទៅ២០០ លានដុល្លាក្នុង១ឆ្នាំ ។ ប៉ុន្តែការផលិតនិងផ្គត់ផ្គង់បន្លែមានសុវត្ថិភាព នៅលើទីផ្សារក្នុងស្រុកនៅមានកម្រិត តិចតួចនៅឡើយ ដូច្នេះការបង្កើនផលិតកម្មបន្លែសុវត្ថិភាព និងមានការបិទស្លាកសញ្ញាឲ្យបានត្រឹមត្រូវតាមស្តង់ដារ ជាការចាំ បាច់បំផុតដែលត្រូវសហការគ្នា សម្រេចឱ្យបានដល់គោលដៅនេះ។

ឯកឧត្តមថា ដើម្បីឆ្លើយតបនឹងបញ្ហាដែលកំពុងជួបប្រទះខាងលើនេះ រាជរដ្ឋា ភិបាលដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិការ បានខិតខំធ្វើយ៉ាងណាប្រមូលផ្តុំ និងប្រើប្រាស់ធនធាន និងសក្តានុពលដែលមានស្រាប់ ព្រមទាំងកៀងគរជំនួយបន្ថែមទៀត សំដៅលើកកម្ពស់ផលិតភាពកសិកម្ម ដោយបង្វែរទិសពីការអភិវឌ្ឍន៍តាមផែនវិបុលកម្ម ទៅកាន់ការអភិវឌ្ឍន៍តាមបែបប្រពលវប្បកម្ម និងកសិពាណិជ្ជកម្ម ពោលគឺការពង្រីកសមត្ថភាពដាំដុះលើផ្ទៃដីដែលមានស្រាប់ តាមរយៈការបង្កើនរដូវដាំដុះដោយ ប្រើប្រាស់បច្ចេកទេសទំនើប ប្រើប្រាស់គ្រាប់ពូជដែល មានគុណភាពល្អ និងការបង្កើនតម្លៃបន្ថែមក្នុងការកែច្នៃ កសិផល ឆ្លើយតបទៅតាមតម្រូវការទីផ្សារទាំងបរិមាណគុណភាព សុវត្ថិភាព និងស្តង់ដារ។ ជាក់ស្តែង រាជរដ្ឋាភិបាលកម្ពុជាបានសាកល្បងលើកដំបូងក្នុងការវិនិយោគថវិកាចំនួន ២០ លាន ដុល្លារអាមេរិក រយៈពេល៣ឆ្នាំគឺពីឆ្នាំ២០១៦ដល់២០១៩ ដើម្បីឱ្យអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អនុវត្តគម្រោងជំរុញផលិតកម្ម ស្បៀង ក្នុងខេត្តគោលដៅចំនួន១១។ ដើម្បីធានាឱ្យមានទីផ្សារតម្លៃកសិផលបានល្អសម្រាប់កសិករ ក្នុងរយៈពេលវែង ក៏ដូចជាការធានាបាននូវផលប្រយោជន៍ សម្រាប់ កសិករការលើទឹកចិត្តកសិករដែលជាអ្នកផលិត និងលើកស្ទួយផលិតផលកសិកម្ម របស់ជាតិគួរត្រូវបានពិនិត្យពិចារណាលើការកែលម្អ រចនាសម្ព័ន្ធខ្សែក្រវាត់ផលិតកម្មបន្លែ មធ្យោបាយដឹកជញ្ជូនបន្លែប្រកបដោយសុវត្ថិភាព និងមធ្យោបាយផលិតបាន ទាំងរដូវប្រាំងនិងវស្សា ព្រមទាងមធ្យោបាយត្រួតពិនិត្យគុណភាពបន្លែ ឬផលិតផលកសិកម្ម បន្ថែមលើបទដ្ឋានបច្ចេកទេសនៃការផលិតបន្លែ តាមគោលការណ៍នៃ ការអនុវត្តកសិកម្មល្អ (GAP) ដែលបានណែនាំឱ្យកសិករអនុវត្តកន្លងមក។

លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍បញ្ជាក់ថា វេទិកាផ្សារណាត់បន្លែសុវត្ថិភាពធ្វើឡើងក្នុងគោលបំណង បង្កើនការយល់ដឹងពីបន្លែសុវត្ថិភាព ដល់អ្នកប្រើប្រាស់និងផ្សារភ្ជាប់ រវាងអ្នកផលិតជាមួយនឹងគ្រប់តួអង្គក្នុងខ្សែច្រវាក់តម្លៃ ក្នុងទិសដៅលើកកម្ពស់ពាណិជ្ជូបនីកម្ម រួមចំណែកជំរុញផលិតកម្មកសិកម្មឱ្យប្រសើរឡើងទាំងបរិមាណនិងគុណភាព បង្កើន ប្រាក់ចំណូល និងសេដ្ឋកិច្ចគ្រួសារកសិករឆ្លើយតបទៅនឹងគោលនយោបាយស្តីពីការ ផ្សព្វផ្សាយកសិកម្ម មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ សហការជាមួយអគ្គនាយកដ្ឋានកសិកម្ម ដោយមានការគាំទ្រថវិកាពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈគម្រោងជំរុញផលិតកម្មស្បៀង នឹងរៀបចំព្រឹត្តិការណ៍ធុរៈកិច្ចកសិកម្ម “វេទិកាផ្សារណាត់បន្លែសុវត្ថិភាព”នេះ។

ដោយ ៖ មរតក

អត្ថបទដែលជាប់ទាក់ទង