ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អង្គភាពចំនួន៤ មានស្នាដៃ ក្នុងយុទ្ធនាការ ប្រឆាំងគ្រឿងញៀន ទទួលបានថវិការង្វាន់ជាង២៩ម៉ឺនដុល្លារ

263

ភ្នំពេញ៖ ថវិកាសរុប ១.១៦៦.២៥៦.៨០០រៀល ស្នើនឹង២៩១.៥៦៤,២ដុល្លារ ត្រូវបានប្រគល់ជូនអង្គភាព ដែលមានស្នាដៃចំនួន៤ ជាការលើកទឹកចិត្ត ក្នុងការបំពេញការងារ ក្នុងយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀន លើកទី២ ខណៈដែលយុទ្ធនាការលើកទី១ ត្រូវបានប្រគល់ ជូនយូរហើយ ដែលមានជាង ៥៦ម៉ឺនដុល្លារ ។ ថវិកាមួយភាគ បានយកទៅប្រើប្រាស់ ដើម្បីសាងសង់មជ្ឈមណ្ឌលជាតិ សម្រាប់ព្យាបាល ស្ដារនីតិសម្បទា​ អ្នកញៀនគ្រឿងញៀន នៅក្នុងខេត្តព្រះសីហនុ និងមួយចំនួនទៀត បានឧបត្ថម្ភ និងផ្ដល់ជារង្វាន់ ដល់មន្ដ្រីអ្នកអនុវត្តន៍ច្បាប់ ។

ពិធីសំណេះសំណាល និងប្រគល់ថវិការង្វាន់ លើកទឹកចិត្តនេះ ត្រូវបានធ្វើឡើង នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨នេះ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រោមអធិបតីភាព លោក នាយឧត្តមសេនីយ៍ មាស​ វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំង គ្រឿងញៀន និងជាអនុប្រធានអចិន្រ្តៃយ៍ នៃលេខាធិការដ្ឋាន យុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនលើកទី២ និងលោក នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និងជាសមាជិក នៃលេខាធិការដ្ឋាន យុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនលើកទី២ ។

លោកនាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានឲ្យដឹងថា អង្គភាពទាំង៤ ដែលត្រូវបានប្រគល់ថវិកា ជូននោះ រួមមាន៖ ទី១៖​មន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បង្ក្រាបបាន ២៦ករណី រង្វាន់ស្មើនឹង ១៧៩.៩៣៧,១ដុល្លារ ទី២៖ក្រុមស៊ើបអង្កេត បទល្មើសឆ្លងកាត់ព្រំដែន បង្រ្កាបបាន២ករណី រង្វាន់ស្មើនឹង ១៤.៣១៥,៧ដុល្លារ ទី៣៖ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត បង្ក្រាបបាន១១ករណី រង្វាន់ស្នើនឹង៤៦.៨៧២,៩ដុល្លារ ទី៤៖កងរាជអាវុធហត្ថ បង្ក្រាបបាន១៥ករណី ស្នើនឹង៤០.៤៣៨,៥ដុល្លារ ។

លោក នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានគូសបញ្ជាក់ថា ថវិកាលើកទឹកចិត្តនេះ គឺជាគោលការណ៍សម្រេចរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ហើយក៏ជាការយកចិត្តទុកដាក់របស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿង និងឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាអនុប្រធានយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿង ។

ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានបញ្ជាក់ថា អង្គភាពដែលបានទទួលថវិកានេះ ត្រូវប្រើប្រាស់ដើម្បីដឹកនាំ រៀបចំផែនការបង្ក្រាប ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនបន្ដទៀត មិនមែនផ្ដល់ជូនដើម្បីយកទៅចាយស្រេចតែចិត្តនោះទេ ពោលត្រូវយកទៅបម្រើឲ្យកិច្ចការជំនាញតទៅទៀត ។

លោកនាយឧត្តមសេនីយ៍ មាស វិរិទ្ធ សម្រាប់ប្រតិបត្តិការ យុទ្ធនាការប្រយុទ្ធប្រឆាំងនេះ រហូតមកដល់ពេលនេះ កម្លាំងសមត្ថកិច្ច បានលក់អចលនទ្រព្យ ដែលរឹបអូស បាន​ក្នុងប្រតិបត្តិការ ​ចំនួន២កន្លែង រួចមកហើយ ដែលទឹកប្រាក់ប្រមាណ ១លានដុល្លារអាមេរិក ។ ថវិកាដែលបានពីការលក់នោះ មួយភាគ បានយកទៅប្រើប្រាស់ ដើម្បីសាងសង់មជ្ឈមណ្ឌលជាតិ សម្រាប់ព្យាបាល ស្ដារនីតិសម្បទា​ អ្នកញៀនគ្រឿងញៀន នៅក្នុងខេត្តព្រះសីហនុ និងមួយចំនួនទៀត បានឧបត្ថម្ភ និងផ្ដល់ជារង្វាន់ ដល់មន្ដ្រីអ្នកអនុវត្តច្បាប់ ។

លោកនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានកោតសរសើរ ចំពោះកងកម្លាំងអ្នកអនុវត្តន៍ ច្បាប់ទាំងអស់ ដែលខិតខំប្រឹងប្រែង បង្ក្រាបគ្រឿងញៀន ដែលទទួលបានលទ្ធផល យ៉ាងល្អប្រសើរ ហើយសូមឲ្យកងកម្លាំងទាំងអស់ បន្ដនូវកិច្ចខិតខំប្រែងនេះ បន្ថែមទៀត ដើម្បីស្របតាមគោល នយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ៕​

អត្ថបទដែលជាប់ទាក់ទង