គ្រូបង្វឹក និងគ្រូជំនួយ១៦៥នាក់ស្វែងយល់ពីផែនការ និងទ្រឹស្តីហាត់ហ្វឹកហ្វឺនត្រៀម SEA GAMES
ភ្នំពេញ៖សិក្ខាកាមចំនួន១៦៥នាក់ដែលជាគ្រូបង្វឹកនិងគ្រូជំនួយមកពីសហព័ន្ធកីឡាជាតិចំនួន៣៤និងក្រុមគ្រូ បង្វឹកកីឡាជនពិការចំនួន១០នាក់បានចូលរួមវគ្គបណ្តុះបណ្តាលវគ្គស្ដីពីផែនការរៀបការបង្ហាត់និងទ្រឹស្តីហាត់ហ្វឹក
ហ្វឺនរបស់កីឡាករជម្រើសជាតិរយៈពេល៣ថ្ងៃនៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។
វគ្គនេះចាប់ផ្ដើមពីថ្ងៃទី២២ដល់២៤មេសា ។ លោកប៊ូ ជុំសេរិអនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និង កីឡានិង លោកអ៊ុក សិទ្ធិជាតិអគ្គនាយកកីឡាបានអញ្ជើញចូលរួមក្នុងពិធីបើកសិក្ខាសាលានេះ ។សិក្ខាកាមដែលចូលរួម
មានចំនួន១៦៥រូបដែលពួកគេជាគ្រូបង្វឹក និង គ្រូជំនួយកីឡាករ-កីឡាការិនីជម្រើសជាតិ និង កីឡាករ-កីឡាការិនីថ្នាល ។
សម្រាប់ឆ្នាំនេះការប្រមូលផ្ដុំកីឡាជម្រើសជាតិមានរយៈពេល៧ខែដោយប្រមូលផ្ដុំលើកីឡាចំនួន៣៤ប្រភេទដែលមានកីឡាការ-កីឡាការិនីចំនួន៥០៤នាក់ ។ ចំពោះកីឡាថ្នាលប្រមូលផ្ដុំលើ៣១ប្រភេទកីឡាដែលមានកីឡាករ-កីឡាការិនីចំនួន៥០០នាក់ ។
ការប្រមូលផ្ដុំឆ្នាំនេះគឺមានការទម្រង់ឡើងវិញដោយកីឡាករ-កីឡាការិនីទាំងជម្រើសជាតិទាំងថ្នាលត្រូវហូបចុកដែលរៀបចំដោយមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាដែលជាអាហារមានកាឡូរីត្រឹមត្រូវតាមនិយាមកីឡា ។កីឡា
ជម្រើសជាតិប្រមូលផ្ដុំរយៈពេល២១៤ថ្ងៃដើម្បីហ្វឹកហាត់ ។
លោកប៉ុនសុខប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានបញ្ជាក់ថាសិក្ខាសាលានេះមានគោលបំណងពង្រឹងគុណភាពនិងប្រសិទ្ធិភាពនៃការបង្ហាត់និងការហាត់របស់ក្រុមជម្រើសជាតិព្រមទាំងក្រុមថ្នាលឲ្យបានត្រឹមត្រូវតាម
លក្ខណៈបច្ចេកទេសមានន័យថា មានផែនការល្អ ហើយគុណផលកើនឡើងក្នុងការប្រកួតកីឡា SEA GAMES លើកទី៣០ នៅប្រទេសហ្វីលីពីន ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ ជាពិសេសការត្រៀមលក្ខណៈឆ្ពោះទៅ SEA GAMES លើកទី៣២ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា និងចូលរួមការប្រកួតអន្តរជាតិនានា។
លោកប៊ូ ជុំសេរិបញ្ជាក់ថាវគ្គបំប៉ននេះធ្វើឡើងដើម្បីឲ្យគ្រូបង្វឹកចេះរៀបចំផែនការហ្វឹកហាត់ កម្មវិធីហ្វឹកហាត់ឲ្យស្របតាមស្ដង់ដារសាកល ។
វាគ្មិនដែលចូលរួម្យទ្ទេសនាមក្នុងសិក្ខាសាលនេះមានលោកព្រំ វណ្ណារឿនមន្ត្រីមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាធ្វើបទបង្ហាញពីការប្រឆាំងសារធាតុដូប៉ា(សារធាតុលើកកម្លាំងដែលហាមមិនឲ្យប្រើក្នុងកីឡា)។លោកប្រាក់ វណ្ណារ៉ាមន្ត្រីសហព័ន្ធកីឡាបាល់ទាត់ធ្វើបទបង្ហាញពីផែនការហ្វឹកហាត់ ។
លោកវេជ្ជបណ្ឌិតស្ដើងជាប្រធានគនៈកម្មការវេជ្ជសាស្រ្តអមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាធ្វើបទបង្ហាញពីរបបអាហារ និងភេសជ្ជៈសម្រាប់អត្តពលិក ការបង្ការរបួសក្នុងកីឡា ការសង្គ្រោះបឋមរបស់គ្រូបង្វឹក និងការប្រឆាំងសារធាតុដូប៉ា ។
លោកវ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាធ្វើបទបង្ហាញពីផែនការ និង វិធីសាស្រ្តហាត់ហ្វឹកហ្វឺនកីឡាកម្រិតខ្ពស់ លោករ៉ាម៉ាដែលជាអ្នកឯកទេសខាងសាច់ដុំធ្វើបទបង្ហាញពីការប្រើប្រាស់ឧបករណ៍ហាត់ជំនួយសាច់ដុំ និង លោកប៊ូ ជុំសេរីធ្វើបទបង្ហាញពីគ្រូបង្វឹកនិងការអភិវឌ្ឍន៍គុណផល ។