ចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រតិបត្តិការរួមគ្នាលើការដឹកជញ្ជូនតាមផ្លូវដែកឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ និងពិធីប្រគល់-ទទួល ក្បាលរថភ្លើង
ថ្ងៃចន្ទ ៣រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ បន្ទាប់ពី ពិធីតភ្ជាប់មុខតំណស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន) និងបើកការដ្ឋានសាងសង់ អគារច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥រួចមក លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រតិបត្តិការរួមគ្នាលើការដឹកជញ្ជូនតាមផ្លូវដែកឆ្លង កាត់ព្រំដែនកម្ពុជា-ថៃ និងចូលរួមពិធីប្រគល់-ទទួលក្បាលរថភ្លើង (DMU) ដែលជាអំណោយរបស់រាជរដ្ឋា ភិបាលនៃព្រះរាជាណាចក្រថៃជូនរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។
ពិធីខាងលើនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ ដោយមានការចូលរួម ពីគណប្រតិភូ នៃប្រទេសទាំងពីរ ដែលជាការបើកទំព័រ ប្រវត្តិសាស្ត្រថ្មីមួយទៀត សម្រាប់កម្ពុជា-ថៃ ក្នុងការតភ្ជាប់ផ្លូវដែកសារជាថ្មី ក្រោយពីបានកាត់ផ្តាច់ដោយសារសង្គ្រាម។
កិច្ចព្រមព្រៀងប្រតិបត្តិការរួមគ្នាលើការដឹកជញ្ជូនឆ្លងកាត់ព្រំដែនតាមផ្លូវដែក និងការតភ្ជាប់ផ្លូវដែកកម្ពុជា និងថៃ ពិតជានាំមកនូវកាលានុវត្តភាពថ្មី សម្រាប់វិស័យដឹកជញ្ជូនតាមផ្លូវដែក ដែលជាមធ្យាបាយដឹក ជញ្ជូនទំនិញដ៏ស័ក្តិសិទ្ធ មានតម្លៃថោក និងមានសុវត្ថិភាពខ្ពស់ រួមចំណែកក្នុងការអភិវឌ្ឍខឿន សេដ្ឋកិច្ចជាតិរបស់ប្រទេសទាំងពីរ និងរួមចំណែកក្នុងការតភ្ជាប់ និងអភិវឌ្ឍតំបន់អាស៊ាន និងមហាអនុ តំបន់មេគង្គផងដែរ។
ជាមួយគ្នានោះផងដែរ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ បានផ្ដល់អំណោយក្បាលរថភ្លើង (DMU) ចំនួន០១គ្រឿង (មានទូដឹកអ្នកដំណើរចំនួន ៤) ដែលអាចផ្ទុកអ្នកដំណើរបានរហូតដល់ ៣២០នាក់ ជូនព្រះរាជាណាចក្រកម្ពុជាផងដែរ។
សូមបញ្ជាក់ថា៖ ផ្លូវដែកភ្នំពេញ-ប៉ោយប៉ែតព្រំដែនកម្ពុជា-ថៃ ដែលមានប្រវែង ៣៨៦គីឡូម៉ែត្រ ត្រូវបាន រាជរដ្ឋាភិបាលកម្ពុជាស្តារឡើងវិញរួចហើយ ថ្វីត្បិតតែមិនទាន់មានលក្ខណៈស្តង់ដារ និងទំនើបក៏ពិតមែន ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាមានចក្ខុវិស័យយុទ្ធសាស្ត្រ និងផែនការច្បាស់លាស់ក្នុងការអភិវឌ្ឍវិស័យផ្លូវដែក ដើម្បីឱ្យការដឹកជញ្ជូនតាមផ្លូវដែកក្លាយជាឆ្អឹងខ្នងនៃការដឹកជញ្ជូននៅកម្ពុជា៕