ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្នងការនគរបាលរាជធានី ដាក់ពិន័យបញ្ឈរជើងអធិការរងខណ្ឌដង្កោម្នាក់ និងមន្ដ្រីនគរបាល២នាក់ ដែលវាយគេតាមអំពើចិត្ត

100


ភ្នំពេញ៖ ពាក់ព័ន្ធករណីនគរបាលខណ្ឌដង្កោវាយ មន្ដ្រី ACUបណ្តាលឲ្យរងរបួសនោះ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានកោះហៅមន្ត្រីនគរបាលដែលប្រព្រឹត្តបទល្មើសនោះមកសួរនាំហើយនៅដំណាក់កាលចុងក្រោយក៏បាន សម្រេចដាក់ពិន័យបញ្ឈរជើងអធិការរងនគរបាលខណ្ឌដង្កោម្នាក់ និងមន្ដ្រីនគរបាលចំនួន ២រូបផ្សេងទៀត នៅការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។

មន្ដ្រីនគរបាលជានខ្ពស់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាន ឲ្យដឹងនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩នេះថា បន្ទាប់ពីសិក្សា និងស្រាវជ្រាវចប់សព្វគ្រប់ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានសម្រេចដាក់ពិន័យ អធិការរងខណ្ឌដង្កោម្នាក់ នាយប៉ុស្ដិ៍ម្នាក់ និងមន្ដ្រីនគរបាលចរាចរណ៍ម្នាក់ ដែលល្មើសវិន័យរបស់កងកម្លាំងដោយដាក់បញ្ឈរជើងនៅការិយាល័យបុគ្គលិក។
មន្រ្តីនគរបាលចំនួន ៣នាក់ ក្នុងនោះអធិការរងម្នាក់មានឈ្មោះ នាក់ ណារ៉ូ ។
ជនរងគ្រោះ លោក ឃឹម ខុម អាយុ៦៤ឆ្នាំ មានអាសយដ្ឋាននៅភូមិព្រែករទាំង សង្កាត់ព្រែក កំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ជាមន្ត្រីកិច្ចសន្យានៃ អង្គភាពប្រឆាំងអំពើពុករលួយ បានដាក់ពាក្យប្តឹងទៅកាន់ស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ផ្កាយ៣ ស ថេត ដោយចោទប្រកាន់ទៅលើ មន្រ្តីនគរបាលខណ្ឌដង្កោមួយក្រុម ដឹកនាំដោយអធិការរងម្នាក់ ថា បានតាមប្រើហិង្សាព្រួតវាយយ៉ាងខ្លាំងលើរូបគាត់ ដោយសារតែការច្រឡំករណីគ្រោះថ្នាក់ចរាចរណ៍។

ករណីនេះត្រូវបានបែងចែកជា២ផ្សេងគ្នា ដោយមួយពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌ ដែលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានហៅនគរបាល៣រូប មកសួរនាំ និងកំពុងតែបើកការស៊ើបអង្កេត។
ដោយឡែក មួយករណីទៀត ពាក់ព័ន្ធនឹងបទល្មើសចរាចរណ៍ ដោយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក កំពុងតែស្រាវជ្រាវ ដោយសំអាងថា ក្នុងហេតុការណ៍នេះមន្ដ្រីជាប់កិច្ចសន្យារបស់ ACU បានបង្កគ្រោះថ្នាក់ចរាចរណ៍ និងមានជាតិអាកុល ហួសកម្រិតកំណត់ ដែលនាំឲ្យមានការទទួលខុសត្រូវតាមផ្លូវច្បាប់ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង