អ្នកជំនាញអំពាវនាវអោយមានការដំឡើងពន្ធថ្នាំជក់ ដើម្បីបង្ការមនុស្សកុំអោយស្លាប់បន្ត និងធ្វើអោយប្រសើរដល់ការថែទាំសុខភាព
ភ្នំពេញ៖ អ្នកជំនាញមកពីសម្ព័ន្ធត្រួតពិនិត្យថ្នាំជក់អាស៊ីអគ្នេយ៍ (SEATCA) អង្គការសុខភាពពិភពលោក និងអង្គការចលនាដើម្បីសុខភាពកម្ពុជា បានអំពាវនាវអោយរាជរដ្ឋាភិបាលកម្ពុជា ដំឡើងពន្ធលើផលិតផលថ្នាំជក់បន្ថែម ដើម្បីកាត់បន្ថយការប្រើប្រាស់ថ្នាំជក់ បង្ការកុំអោយមានអ្នកស្លាប់បន្ត និងបង្កើនប្រាក់ចំណូលពន្ធបន្ថែម ដែលត្រូវការជាចាំបាច់សម្រាប់ពង្រឹងការថែទាំសុខភាពសម្រាប់ប្រជាពលរដ្ឋគ្រប់រូប។ សន្និសីទសារព័ត៌មាន នៅ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ មានសណ្ឋាគារសាន់វេ។
បច្ចុប្បន្ននេះ ប្រជាពលរដ្ឋកម្ពុជាលើសពី២លាននាក់ប្រើប្រាស់ផលិតផលថ្នាំជក់ ក្នុងនោះមានអ្នកជក់បារីជាង១.៥លាននាក់ និងអ្នកចុកថ្នាំជក់ជិត០.៥លាននាក់។ រីឯការប្រើប្រាស់ថ្នាំជក់ក្នុងចំណោមយុវជន ក៏កំពុងកើនឡើងដែរ។
“គោលនយោបាយពន្ធលើថ្នាំជក់ ត្រូវបានពង្រឹងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែគោលនយោបាយទាំងនេះ ពុំទាន់ឆ្លើយតបទាំងស្រុងចំពោះការកាត់បន្ថយការប្រើប្រាស់ថ្នាំជក់ និងការបង្កើនប្រាក់ចំណូលពន្ធរបស់រាជរដ្ឋាភិបាល សម្រាប់កម្មវិធីអភិវឌ្ឍសង្គមនៅឡើយ។ កម្ពុជា ហូតពន្ធតែ២៥%ទៅ៣០%ធៀបនឹងតំលៃលក់រាយល់ផលិតផលថ្នាំជក់ ហើយកម្ពុជាស្ថិតក្នុងចំណោប្រទេសដែលមានអត្រាពន្ធលើថ្នាំជក់ទាបជាងគេបំផុត ក្នុងបណ្តាប្រទេសអាស៊ាន” ប្រសាសន៍លោកវេជ្ជ. Ulysses Dorotheo, នាយកប្រតិបត្តិ សម្ព័ន្ធ SEATCA។
“ការដំឡើងពន្ធថ្នាំជក់អោយខ្ពស់ គឺជាវិធានការដែលមានប្រសិទ្ធភាពខ្ពស់ ប៉ុន្តែមិនចំណាយច្រើនទេ ដែលវិធានការនេះត្រូវបានផ្តល់អនុសាសន៍ដោយអង្គការសុខភាពពិភពលោក ថាជាវិធានការឈ្នះឈ្នះ ព្រោះវាមិនតម្រូវអោយរាជរដ្ឋាភិបាលចំណាយអ្វីទាំងអស់ ផ្ទុយទៅវិញ វាបានផ្តល់នូវប្រាក់ចំណូលពន្ធសម្រាប់ទ្រទ្រង់ការថែទាំសុខភាពប្រជាពលរដ្ឋគ្រប់រូប ព្រមទាំងកាត់បន្ថយអ្នកជក់បារីនិងបង្ការកុំអោយមានជម្ងឺដែលបង្កដោយថ្នាំជក់ នោះជាការបង្ការកុំអោយមានអ្នកស្លាប់ និងទទួលបានប្រាក់ចំណូលពន្ធបន្ថែម” ប្រសាសន៍លោកវេជ្ជ. យ៉ិល ដារ៉ាវុធ តំណាងអង្គការសុខភាពពិភពលោក។
លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិ អង្គការចលនាដើម្បីសុខភាពកម្ពុជា បានបន្ថែមថា “អ្នកជំនាញផ្នែកសុខភាពនិងសេដ្ឋកិច្ច បានឯកភាពគ្នាថា យើងអាចទទួលបានផលប្រយោជន៍សុខភាពសាធារណៈបាន លុះត្រាតែពន្ធលើផលិតផលថ្នាំជក់ត្រូវបានគេដំឡើងជាទៀងទាត់ អោយទាន់កំរិតអតិផរណា និងការកើនឡើងនៃប្រាក់ចំណូលក្នុងគ្រួសារ។ រាជរដ្ឋាភិបាលគួរតែមានទិសដៅធ្វើយ៉ាងណាអោយផលិតផលថ្នាំជក់មានតំលៃថ្លៃ ដើម្បីកាត់បន្ថយការប្រើប្រាស់”។
ការសិក្សាបានបង្ហាញថា ប្រជាពលរដ្ឋមានលទ្ធភាពទិញបារី២ដងច្រើនជាង បើប្រៀបធៀបរវាងឆ្នាំ ២០១៦ ទៅនឹងឆ្នាំ២០០២។ ការអង្កេតលើមតិយុវជនដែលធ្វើឡើងដោយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅឆ្នាំ២០១៨ បានបង្ហាញថា យុវជនភាគច្រើន នឹងឈប់ទិញបារីជក់ បើតំលៃបារីឡើងដល់១០០០០រៀលក្នុង១កញ្ចប់។ បារីដែលមានពេញនិយមជាងគេ មានតំលែត្រឹតតែ ២០០០រៀលប៉ុណ្ណោះ បច្ចុប្បន្ន។
ស្របតាមការណែនាំអន្តរជាតិ និងឧត្តមានុវត្តស្តីពីការហូតពន្ធថ្នាំជក់ អ្នកជំនាញក៏បានផ្តល់អនុសាសន៍ថា រចនាសម្ព័ន្ធពន្ធរបស់កម្ពុជា គួរតែផ្លាស់ប្តូរទៅប្រព័ន្ធជាក់លាក់ (uniform specific tax system) ដែលងាយស្រួលជាងសម្រាប់រដ្ឋបាលសារពើពន្ធ ជាងប្រព័ន្ធបច្ចុប្បន្ន។ ទន្ទឹមនឹងនោះ គួរតែតម្រូវអោយមានអាជ្ញាប័ណ្ណសម្រាប់គ្រប់អ្នកផលិត អ្នកនាំចូល អ្នកចែកចាយ និងអ្នកលក់រាយផលិតផលថ្នាំជក់ ដើម្បីសម្រួលដល់ការប្រមូលពន្ធ និងប្រយុទ្ធប្រឆាំងនឹងការផលិតនិងការនាំចូលខុសច្បាប់ នូវផលិតផលថ្នាំជក់។
ច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ ត្រូវបានអនុម័តនៅឆ្នាំ២០១៥ ចង្អុលបង្ហាញវិធានការសំខាន់ៗ ពាក់ព័ន្ធទៅនឹងការផ្គត់ផ្គង់ និងការកាត់បន្ថយតម្រូវការថ្នាំជក់ រួមទាំងវិធានការពន្ធដារផងដែរ ដោយសមស្របជាមួយនឹងអនុសញ្ញាស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ ដែលកម្ពុជាបានផ្តល់សច្ចាប័ននៅឆ្នាំ២០០៥។
ការប្រើប្រាស់ថ្នាំជក់ នៅតែជាមូលហេតុចំបងដែលបណ្តាលអោយស្លាប់ ដែលអាចជៀសវាងបាន នៅក្នុងពិភពលោក។ នៅកម្ពុជា ប្រជាពលរដ្ឋប្រមាណ១០០០០នាក់ ស្លាប់ជារៀងរាល់ឆ្នាំបណ្តាលមកពីជំងឺដែលបង្កដោយការប្រើប្រាស់ថ្នាំជក់ ខណៈដែលការព្យាបាលជម្ងឺទាំងនេះ ត្រូវចំណាយយ៉ាងហោចណាស់ក៏១៦២.៧០លានដុល្លារសហរដ្ឋក្នុង១ឆ្នាំៗ៕