ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វិភាគ៖ គណបក្សប្រជាជនកម្ពុជា បង្ហាញកម្លាំងដ៏មហិមា នៅថ្ងៃ បើកយុទ្ធនាការឃោសនាបោះឆ្នោត

316

ភ្នំពេញ៖នៅថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត នាថ្ងៃទី០៧ ខែកក្កដានេះ គណបក្សប្រជាជនកម្ពុជា នឹងមានសមាជិកសមាជិការចូលរួមប្រមាណពី ៨ម៉ឺន ទៅ១០ម៉ឺននាក់ ដែលជួបជុំគ្នា នៅសាលមហោស្រពកោះពេជ្រ ក្នុងរាជធានីភ្នំពេញ មុននឹងហែក្បួនឃោសនាតាមមូលដ្ឋានក្នុងរាជធានីភ្នំពេញ។ រីឯនៅតាមខេត្តនានា ក៏ដូចគ្នា ក៏មានការជួបជុំ ហើយហែក្បួនឡានម៉ូតូរាប់ម៉ឺននាក់គ្រឿងនៅទូទាំងប្រទេស។
នាព្រឹកថ្ងៃសៅរ៍ ទី០៧ ខែកក្កដា នៅថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នឹងថ្លែងសន្ទរកថា ដែលប្រកាសជាចំហរនូវ គោលនយោបាយថ្មី ដើម្បីជាផលប្រយោជន៍ដល់ប្រទេសជាតិ និងប្រជាជនកម្ពុជាទាំងមូល។


ក្នុងពេលសម្តេចតេជោ ហ៊ុន សែន ថ្លែងសន្ទរកថា និងជួបជុំបើកយុទ្ធនាការឃោសនាបោះឆ្នោត នៅម៉ោងប្រមាណ ៧ ព្រឹក ថ្ងៃទី០៧ ខែកក្កដា គណបក្សប្រជាជនកម្ពុជា ក៏បានជួលវិទ្យុ ទូរទស្សន៍ឯកជនជាច្រើនផ្សាយបន្តផ្ទាល់ ទៅទូទាំងប្រទេស។
ក្រោយពេលចប់ពិធីបើកយុទ្ធនាការធំ សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា ដែលបានចូលរួមនៅក្នុងមហាមិទ្ទីញនេះ នឹងចែកផ្លូវគ្នា ទៅតាមមុខព្រួញ ដែលបានកំណត់ ហែក្បួននៅក្នុងរាជធានីភ្នំពេញ និងហែក្បួននៅតាមបណ្តាខេត្ត-ស្រុកនានា ព្រមៗគ្នា នៅទូទាំងប្រទេស នាព្រឹកថ្ងៃសៅរ៍ ទី០៧ ខែកក្កដា ដែលជាថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត នៅថ្ងៃដំបូង។
គណបក្សប្រជាជនកម្ពុជា បានប្រារព្ធខួប លើកទី៦៧ ឆ្នាំ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ស្របគ្នានឹងថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត។ ការជួបជុំទ្រង់ទ្រាយធំ ក៏ធ្វើឡើងនៅទូទាំងប្រទេសផងដែរ។
ចំពោះការចំណាយលើដំណើរការឃោសនាយុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា នាពេលនេះវិញ ត្រូវបានលោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បញ្ជាក់ថា ចូលខ្ទង់លានដុល្លារ។
ទាំងចំនួនមនុស្ស ទាំងចំនួនឡានម៉ូតូ និងទាំងការចំណាយចូលខ្ទង់លានដុល្លារអាមេរិក ក្នុងពេលយុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា នាពេលនេះ គឺមិនមានគណបក្សណាមួយធ្វើបានដូចឡើយ។


គ្រាន់តែប្រៀបធៀបចំនួនអ្នកចូលរួមដង្ហែក្បួនឃោសនាបោះឆ្នោត នៅរាជធានីភ្នំពេញ នាថ្ងៃទី០៧ ខែកក្កដា ដែលជាថ្ងៃផ្តើមយុទ្ធនាការឃោសនាបោះឆ្នោត ក៏មានច្រើនលើសលុប បើធៀបនឹងចំនួនអ្នកចូលរួមដង្ហែក្បួនឃោសនារបស់គណបក្សនយោបាយ ១៩ ផ្សេងទៀត។
ជាការពិតណាស់ គេដឹងគ្រប់ៗគ្នាថា គណបក្សប្រជាជនកម្ពុជា នឹងបន្តជាប់ឆ្នោត បន្តដឹកនាំប្រទេស ក្នុងការបោះឆ្នោត នាថ្ងៃទី២៩ ខែកក្កដាខាងមុខ។ តែហេតុអ្វី បានជាគណបក្សប្រជាជនកម្ពុជា បង្ហាញកម្លាំងនៅថ្ងៃបើកយុទ្ធនាការ ដោយប្រើកម្លាំងសរុប ចាប់តាំងពីប្រធានគណបក្ស រហូតដល់ក្រុមការងារ ក្រុមគ្រួសាររបស់ក្រុមការងារចុះជួយមូលដ្ឋាន គឺធ្វើដំណើរចេញឃោសនាតាមបណ្តាខេត្តទូទាំងប្រទេស?
ការបង្ហាញមុខកម្លាំងរបស់គណបក្សប្រជាជនកម្ពុជានេះ ដើម្បីឲ្យអ្នកបោះឆ្នោតឃើញថា មានតែគណបក្សប្រជាជនកម្ពុជាមួយប៉ុណ្ណោះ ដែលមានសមត្ថភាពគ្រប់គ្រាន់ ទាំងធនធានមនុស្ស ទាំងធនធានថវិកា និងមានសមត្ថភាពក្នុងការថែរក្សាសុខសន្តិភាព ដើម្បីបន្តដឹកនាំ និងអភិវឌ្ឍន៍ប្រទេសកម្ពុជាតទៅទៀត៕ ដោយ៖ សុខ ស្រីពៅ

អត្ថបទដែលជាប់ទាក់ទង