ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លីកកំពូល:២ក្រុម មិនទាន់ស្គាល់ចាញ់ គឺព្រះខ័នរាជស្វាយរៀង និង អង្គរថាយហ្គឺរ

121


​ ភ្នំពេញ៖ ការប្រកួតបាល់ទាត់ក្របខណ្ឌលីគកំពូលកម្ពុជា(MCL) ឆ្នាំ២០១៩ បានបញ្ចប់សប្ដាហ៍ទី៥ ហើយខណៈដែលក្រុមខ្លាំងចំនួន ២បានរក្សាកំណត់ត្រាមិនទាន់ស្គាល់ចាញ់រួមមានក្រុមព្រះខ័នរាជស្វាយរៀង និងក្រុមអង្គរថាយហ្គឺរ ។
រីឯក្រុមភ្នំពេញក្រោន បានស្គាល់ឈ្នះក្នុងទឹកដីលើកដំបូង លើក្រុមអាស៊ីអឺរ៉ុប ដោយលទ្ធផល ១-០ នៅកីឡដ្ឋានSmartRSNយប់មិញ។ចំពោះក្រុមព្រះខ័នរាជស្វាយរៀងបានយកឈ្នះទាំងប្រផិតប្រផើយលើ
ក្រុមម្ចាស់ផ្ទះអគ្គិសនីកម្ពុជា ១ទល់០ ហើយ ១គ្រាប់ធ្វើឲ្យក្រុមលោក Conor Nestor ទទួលបាន ៣ពិន្ទុ គឺធ្វើសម្រេចដោយកីឡាករ សារ៉េត គ្រីយ៉ា នៅនាទី៤៩ ។
នេះគឺជ័យជម្នះលើកទី៥ របស់ក្រុមព្រះខ័នរាជស្វាយរៀង ដែលនាំឲ្យពួកគេមាន ១៥ពិន្ទុពេញ ដើម្បីរក្សាកៅអីកំពូលតារាងបណ្ដោះអាសន្ន ។ ចំពោះក្រុមអង្គរថាយហ្គឺរ បានធ្វើឲ្យអ្នកគាំទ្រកាន់តែជឿជាក់ ក្រោយយកឈ្នះក្រុមខ្លាំង វិសាខា ២ទល់១ ។
គ្រាប់បាល់រកបានដោយកីឡាករជប៉ុន រួមមាន ២គ្រាប់របស់ក្រុមម្ចាស់ផ្ទះអង្គរថាយហ្គឺរ ធ្វើសម្រេចដោយកីឡាករ Ogawa និង ១គ្រាប់របស់វិសាខា រកបានដោយកីឡាករ IDEGUCHI ។ ក្រោយបន្ថែម ៣ពិន្ទុនេះ អង្គរថាយហ្គឺរ បានឡើងទៅឈរលេខ ៣ និងមាន ១១ពិន្ទុ ជាមួយលទ្ធផល ៥ប្រកួតឈ្នះ៣ និងស្មើ២ ។
រីឯក្រុមភ្នំពេញក្រោនបន្ទាប់ពីរងបរាជ័យផ្ទួនៗការប្រកួតក្នុងទឹកដីក្រុមនេះបានយកឈ្នះក្រុមអាស៊ី
អឺរុប១ ទល់០ ដែលធ្វើសម្រេចដោយកីឡាករ Paulo Victor នៅនាទី៨៤ ។ នេះគឺជ័យជម្នះក្នុងដីលើកដំបូង បន្ទាប់ពីឆ្លងកាត់ ៤ប្រកួតមុន រួមមានចាញ់ក្រុមបឹងកេត ២ទល់៣ និងចាញ់ក្រុមវិសាខា ១ទល់៣ ក្នុងដី ហើយឈ្នះក្រុមយុវជន U-18 បាទី ២ទល់០ តែចាញ់ក្រុមព្រះខ័នរាជស្វាយរៀង ៥ទល់១ ក្រៅដី ។
ដោយឡែកលទ្ធផលប្រកួតសប្ដាហ៍ទី៥ ចំនួន ៤គូផ្សេងទៀត រួមមានក្រុមក្រសួងការពារជាតិ ស្គាល់ចាញ់លើកដំបូង ក្រោមថ្វីជើងក្រុមបឹងកេត០ទល់២ ។ ក្រុមណាហ្គាវើល យកឈ្នះក្រុមគិរីវង់ ៣ទល់១ ឡើងទៅឈរលេខ២ និងមាន ១២ពិន្ទុក្នុងដៃ ។ ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ស្មើក្រុមសូលទីឡូអង្គរ ២ទល់២ នៅកីឡដ្ឋានអគ្គិសនីកម្ពុជា និងក្រុមយុវជន U-18 បាទី រកបាន ៣ពិន្ទុដំបូង ក្រោយឈ្នះក្រុមម្ចាស់ផ្ទះខេត្តកំពង់ចាម ៣ទល់០ ៕

អត្ថបទដែលជាប់ទាក់ទង