រដ្ឋបាលជលផល បង្រ្កាបបទល្មើសនេសាទ ធ្វើឲ្យប្រជាពលរដ្ឋផ្ទុះការតវ៉ា មកទាមទារយកឧបករណ៍ និងសម្ភារៈទៅវិញ
កំពត៖ បើតាមរបាយការណ៍របស់មន្ទីរកសិកម្មខេត្តកំពត ឲ្យដឹងថា បន្ទាប់ពីកងកម្លាំងសមត្ថកិច្ច បង្ក្រាបបទល្មើសនេសាទ ដោយរត់ទូកនេសាទ និងឧបករណ៍នេសាទនោះ មានប្រជាពលរដ្ឋដែលជាអ្នកប្រកបរបរនេសាទនោះ នាំគ្នាឡើងមកតវ៉ា ទាមទារឧបករណ៍របស់ខ្លួន ដើម្បីទៅប្រកបរបរនេសាទ ប៉ុន្តែទោះជាយ៉ាងណា កងកម្លាំងសមត្ថកិច្ច ក៏ដូចជាអាជ្ញាធរខណ្ឌរដ្ឋបាលជលផល បាននាំគាត់ឲ្យមុខរបរតាមច្បាប់ ហើយកុំប្រព្រឹត្តល្មើសច្បាប់តទៅទៀត។
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត នៅថ្ងៃពុធ ១២រោច ខែចេត្រ ឆ្នាំ កុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ០១ ខែឧសភា ឆ្នាំ២០១៩ បានឲ្យដឹងថា កម្លាំងអធិការកិច្ច ខណ្ឌរដ្ឋបាលជលផលកំពត បានឃាត់ចាប់ ទូកនេសាទល្មើសច្បាប់ ៧គ្រឿង នេសាទប្រើលបកន្ទុយកណ្តុរ ជនល្មើស១០ នាក់ សរុបលបកន្ទុយ កណ្តុរចំនួន ៤០០ លប នៅក្នុងព្រែកកំពត មុខសាលាខេត្តកំពត ក្រោយពីចាប់រួច ជនល្មើសទាំងនោះ បានហៅគ្នីគ្នា និងអ្នកនេសាទផ្សេងប្រមាណ ៦០ នាក់ មកធ្វើការតវ៉ាប្រឆាំងនិងការចាប់បង្រ្កាបនេះ ហើយនៅតែសុំប្រើលបកន្ទុយកណ្តុរនេះតទៅទៀត។ លោកនាយខណ្ឌ បានធ្វើការអប់រំច្បាប់ ស្តីពីជលផល និងសារាចរណែនាំ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពីទោសទណ្ឌ ការប្រើឧបករណ៍នេសាទនេះ៕