ធនាគារជាតិរុះរើស្នាក់ការកណ្ដាល ដើម្បីសាងសង់អគារថ្មី
ភ្នំពេញ៖ ធនាគារកណ្ដាលកម្ពុជា បានសម្រេចផ្ទេរអគាររដ្ឋបាលកណ្ដាលរបស់ខ្លួន នៅបណ្ដោយមហាវិថីនរោត្តម កណ្តាលទីក្រុងភ្នំពេញ ទៅកាន់ទីតាំងថ្មី ដើម្បីរុះរើសាងសង់អគារថ្មីនៅទីតាំងបច្ចុប្បន្ន។
ក្នុងសេចក្ដីជូនដំណឹងចុះថ្ងៃ៣០ ខែមេសា ស្តីពី ការប្តូរទីតាំងជាបណ្តោះអាសន្នអគាររដ្ឋបាលនៃធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា យោងតាមការចាំបាច់ ឆាប់ៗខាងមុខនេះ ធនាគារជាតិកម្ពុជា នឹងធ្វើការរុះរើអគារស្នាក់ការកណ្តាល បច្ចុប្បន្នហើយចាប់ផ្ដើមសាងសង់អគារធនាគារជាតិនៃកម្ពុជាជាថ្មីឡើងវិញនៅលើទីតាំងចាស់ដដែល។ អគាររដ្ឋបាលនៃធនាគារជាតិ នឹងត្រូវផ្លាស់ប្ដូរទៅកាន់ទីតាំងថ្មី ស្ថិតសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ចាប់ពីថ្ងៃទី២ ខែឧសភា តទៅ។
កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ ធនាគារបានប្រកាស ពីគម្រោងសាងសង់អគារថ្មីរបស់ខ្លួន ដែលយករចនាតាមរចនាបទប្រាសាទភ្នំ ដែលបង្ហាញពីការរីកចម្រើនវិស័យធនាគារ ប៉ុន្តែ ធនាគារជាតិមិន បានបង្ហាញពីតម្លៃនៃអគារថ្មី ដែលត្រូវសាងសង់នោះទេ។
ធនាគារជាតិ បានរងការខូតទាំងស្រុងក្នុងសម័យសង្រ្គាម រហូតដល់ថ្ងៃរំដោះ៧មករា និងត្រូវបានសាងសង់ឡើងវិញនៅឆ្នាំ១៩៩០ ហើយបានកែលម្អបន្ថែមនៅឆ្នាំ២០០៣ នឹងត្រូវបានប្រើប្រាស់រហូតមកដល់ពេលបច្ចុប្បន្ន៕