អាជ្ញាធររាជធានីភ្នំពេញស្តារ ប្រឡាយបឹងសាឡាងនិង ប្រឡាយបឹងត្របែកសម្រេចបាន១០០% ខណៈ ការប្រឡាយបឹងទំពន់ទើបសម្រេចបាន៥០% ស្មើនឹងជាង៣ម៉ឺនម៉ែត្រគូប









ជាក់ស្តែងនៅពេលនេះ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងជីកស្តារប្រឡាយ និងកាយប្រមូលសម្រាមពីប្រឡាយធំៗចំនួន៣កន្លែង ដែលក្នុងនោះ សម្រាប់ប្រឡាយបឹងសាឡាងនិងប្រឡាយបឹងត្របែកសម្រេចបាន១០០% ខណៈ ការប្រឡាយបឹងទំពន់ទើបតែសម្រេចបាន៥០% ស្មើនឹងជាង៣ម៉ឺនម៉ែត្រគូប។
លោក ដួង ចាន់សារ៉ាត់ ប្រធានអង្គភាពលូទឹកបូមទឹកនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានអោយដឹងនៅព្រឹកថ្ងៃទី០៦ ឧសភានេះថាប្រឡាយបឹងសាឡាងយើងបានចាប់ផ្ដើមស្តារ កាលពីថ្ងៃទី២៦ខែមិនាឆ្នាំ២០១៩ ។ចំណែកប្រឡាយបឹងត្របែកយើងបានធ្វើសកម្មភាពស្តារសំរាម និងស្មៅត្រិបកាលពី
ថ្ងៃទី២៧ កុម្ភៈ ២០១៩ ហើយបើគិតមកដល់ពេលនេះ ប្រឡាយទាំង២ខាងលើយើងសម្រេចស្តារសំរាម និងស្មៅត្រិបបាន១០០ភាគរយហើយ ។ ដោយឡែកសម្រាប់ប្រឡាយបឹងទំពន់យើងបាននិងកំពុងស្តារ កើបសំរាម និងស្មៅត្រិបផងដែរ ដែលរហូតមកដល់ពេលនេះ យើងសម្រេចបាន៥០%ហើយដែរ។ បើគិតសរុបយើងប្រមូលសំរាមបានចំនួន៧០០ឡានស្មើនឹង៣៥០០ម៉ែត្រគូប។
ពាក់ព័ន្ធនិងបញ្ហានេះ លោក ដួង ចាន់សារ៉ាត់ បាន
អំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់សូមបញ្ឈប់ការបោះចោលសម្រាមចូលលូ ចូលប្រឡាយ ដែលនាំបង្កើតជាឧបសគ្គដល់ផ្លូវបង្ហូរទឹក និងប៉ះពាល់ដល់បរិស្ថាន និងសោភណ្ឌភាពទីក្រុងយើង៕