លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានប្រាប់លោកស្រី រ៉ូណា ស្មីត អំពីវឌ្ឍនភាពលើវិស័យដីធ្លី និងលំនៅឋាន
ភ្នំពេញ៖ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អនុញ្ញាតឱ្យ លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួង ថ្ងៃអង្គារ ៤កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ៧ ខែឧសភា ឆ្នាំ២០១៩។
បើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានសំដែងការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល ដែលរាជរដ្ឋាភិបាលសម្រេចបានក្នុងវិស័យដីធ្លី និងលំនៅឋាន។
ក្នុងជំនួបនោះ លោកស្រី រ៉ូណា ស្មីត បានលើកឡើងពីបញ្ហាចំនួន៥ រួមមាន៖ ១៖ ការកែសម្រួលនីតិវិធី នៃការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច កាន់តែងាយស្រួល និងលឿនជាងមុនពិសេសការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច នៅស្រុកសំឡូតដែលទីតាំងនេះ មិនទាន់មានសុវត្ថិភាព ដោយនៅមានគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងការចុះបញ្ជីដីរបស់សហគមន៍ជនជាតិដើមភាគតិចចំនួន ៣ សហគមន៍ស្ថិតនៅស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ ២៖ ការតាំងទីលំនៅថ្មីរបស់ប្រជាជនរស់នៅលើទឹកនៅឆ្លៀកទ្រខេត្តកំពង់ឆ្នាំង មកលើដីគោក។ ៣៖ ការរៀបចំឱ្យមានគោលការណ៍ណែនាំជារួមក្នុងការងារដោះស្រាយវិវាទដីធ្លី។ ៤៖ ការចូលរួមអនុវត្តគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពរបស់កម្ពុជា (CSDG)
៥៖ ការសហការកែលម្អក្របខ័ណ្ឌនគរូបនីយកម្មនៅកម្ពុជា និងរៀបចំវេទិកាថ្នាក់ជាតិស្តីពីនគរូបនីយកម្ម។
លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានជម្រាបជូនគណៈប្រតិភូ អំពីវឌ្ឍនភាពលើវិស័យដីធ្លី និងលំនៅឋាន ក្នុងនោះបានចុះបញ្ជីដី ៥.២លានក្បាលដី ស្មើនឹង៧៤% នៃក្បាលដីសរុបប្រមាណ៧លានក្បាលដី និងគ្រោងបញ្ចប់១០០% នៅឆ្នាំ២០២១ ចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិចបាន ២៤ សហគមន៍ និងបានដោះស្រាយបញ្ចប់វិវាទដីធ្លី ៨,០៦២ករណី នៅបន្តដោះស្រាយប្រមាណ ២០០០ករណី និងលោកឧបនាយករដ្ឋមន្ត្រី បានឆ្លើយបំភ្លឺនូវចំណុចដែលបានលើកឡើងខាងលើ ព្រមទាំងបញ្ជាក់អំពីការជំរុញពន្លឿន ការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច ដែលនៅសេសសល់ ការរៀបចំផែនការសកម្មភាពរបស់ក្រសួង ក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពរបស់កម្ពុជា ការគាំទ្រដល់រដ្ឋបាលខេត្តកំពង់ឆ្នាំង ក្នុងការរៀបចំការតាំងទីលំនៅថ្មី របស់ប្រជាពលរដ្ឋរស់នៅលើទឹក និងការបន្តកិច្ចសហការរៀបចំកែលម្អ ក្របខណ្ឌនគរូបនីយកម្មនៅកម្ពុជា និងរៀបចំវេទិកាថ្នាក់ជាតិស្តីពីនគរូបនីយកម្មឱ្យបានជោគជ័យ៕