ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមយុទ្ធ “ហនុមានមាស ២០១៩” បានបិទបញ្ចប់ ដោយជោគជ័យតាមផែនការ

112

លោកឈុំ សុជាត អ្នកពាក្យក្រសួងការជាតិ បានឲ្យដឹងថា សមយុទ្ធ “ហនុមានមាស ២០១៩” រយៈពេល៥ថ្ងៃ នៅលើទីលានបាញ់គ្រាប់ពិតតេជោសែនជុំគិរី ខេត្តកំពត បានបិទបញ្ចប់ដោយជោគជ័យ និងរលូនតាមផែនការ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩នេះ។

ពិធីបិទសមយុទ្ធនេះ បានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ខណៈដែលពិធីបើកបានធ្វើឡើងក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៩។

ជោគជ័យសម្រាប់សមយុទ្ធ “ហនុមានមាស ២០១៩” នេះ គឺកើតឡើងដោយសារកត្តា២យ៉ាងនោះ គឺបញ្ជាការរបស់យើងបានរៀបចំផែនការប្រយុទ្ធបានល្អ ហើយកម្លាំងសមយុទ្ធរបស់យើង ក៏បានអនុវត្តតាមផែនការ បានយ៉ាងល្អប្រសើរផងដែរ។

ក្នុងសមយុទ្ធ “ហនុមានមាស ២០១៩” ៥ថ្ងៃមកនេះ មានកម្លាំងយោធាចូលរួមចំនួន ២៣៣២នាក់ មកពីអង្គភាពផ្សេងៗនៃកងទ័ពជើងគោក។ អាវុធយុទ្ធភណ្ឌដែលប្រើក្នុងសកម្មភាពសមយុទ្ធនោះ រួមមានរថក្រោះ, រថពាសដែក, ឧត្ថម្ភាចក្រ, ត្រូន រួមទាំងកាំភ្លើងត្បាល់120mm ផងដែរ។

“ហនុមានមាស ២០១៩” ត្រូវបានធ្វើឡើងដើម្បីពង្រឹងសមត្ថភាព ចំណេះដឹង បណ្តាជំនាញដល់ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងទ័ពជើងគោក ក្នុងកិច្ចការពារបូរណភាពទឹកដី នាពេលបច្ចុប្បន្ន និងអនាគត។ សមយុទ្ធនេះក៏ជាការវាស់ស្ទង់សមត្ថភាព ក្រោយពីធ្វើការហ្វឹកហ្វឺនតាមបណ្តាសាលា និងកងឯកភាពរួចផងដែរ។ មួយវិញទៀត សមយុទ្ធហនុមានមាស នឹងជួយលើកកម្ពស់សមត្ថភាព គុណភាព ផ្តល់ចំណេះដឹងការងារសេនាធិការ ក្នុងការធ្វើសមយុទ្ធដល់កម្មសិក្សា នាយទាហានសេនាធិការ ក្នុងការសហការរវាងប្រភេទទ័ព និងទ័ពជំនាញ ក្នុងពេលហ្វឹកហ្វឺន ក៏ដូចក្នុងពេលប្រយុទ្ធថែមទៀត។

សមយុទ្ធហនុមានមាស បានប្រើប្រាស់យុទ្ធវិធីវាយបកយកទីតាំងដែលខ្មាំងដណ្តើមបានត្រឡប់មកវិញ ខុសប្លែកអំពីសមយុទ្ធនាគមាស ២០១៩ ដែលកម្លាំងសមយុទ្ធបានវាយរំដោះចំណាត់ខ្មាំងពីជំរុំខ្មាំងជាដើម៕

អត្ថបទដែលជាប់ទាក់ទង