សម្ដេចក្រឡាហោម ជំរុញអោយអង្គការសង្គមស៊ីវិល លើកយកបញ្ហាប្រឈម ដែលជួបប្រទះ យកមកដោះស្រាយរួមគ្នា ដើម្បីផលប្រយោជន៍ទាំងអស់គ្នា
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យលោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់ អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស នៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃពុធ ៥កេីត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងមហាផ្ទៃ ។
សម្ដេចក្រឡាហោមស ខេង បានជំរុញដល់អង្គការក្រៅរដ្ឋាភិបាល និងសង្គមស៊ីវិលលើកយកបញ្ហាប្រឈមដែលកំពុងជួបប្រទះ ក៏ដូចជាក្តីកង្វល់នានា យកមកដោះស្រាយរួមគ្នា ដើម្បីឲ្យរាជរដ្ឋាភិបាល និងសង្គមស៊ីវិលកាន់តែយល់ច្បាស់គ្នា និងទទួលបានផលប្រយោជន៍រួមគ្នាផងដែរ។
លោក ផាត សុផានិត អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ដើម្បីជំរុញដល់ការលើកកម្ពស់ទំនាក់ទំនង និងភាពជាដៃគូ រវាងអង្គការក្រៅរដ្ឋាភិបាល សង្គមស៊ីវិល ជាមួយរាជរដ្ឋាភិបាល យើងបានដាក់ចេញនូវ យន្តការវេទិកាជួបគ្នាចំនួន ២ ដងក្នុងមួយឆ្នាំ រវាងរាជរដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល និងសង្គមស៊ីវិល ដែលនេះគឺជាបើកឱ្យមានការចូលរួមផ្ដល់មតិយោបល់ បញ្ហាប្រឈមនានា យកមកដោះស្រាយ ដើម្បីជាប្រយោជន៍ទាំងអស់គ្នា ក្នុងការបំពេញភារកិច្ចប្រកបដោយប្រសិទ្ធភាព ដែលវេទិការទាំងនេះ គឺធ្វើឡើងក្នុងខែមករា និងខែកក្កដា។
ក្នុងកិច្ចប្រជុំ លោកស្រី រ៉ូណា ស្មីត បានលើកឡើង ៤ចំណុច រួមមាន៖ បច្ចុប្បន្នភាពនៃលំហរសេរីភាព និងការបំពេញការងារ របស់អង្គការសង្គមស៊ីវិល ការអនុវត្តយន្តការច្រកចេញចូលតែមួយ កំណែទម្រង់ច្បាប់ យុទ្ធនាការបង្ក្រាបគ្រឿងញៀន និងការបង្កើតវេទិការរវាងក្រសួងមហាផ្ទៃ និងសង្គមស៊ីវិល។
បន្ទាប់ពីកិច្ចប្រជុំ លោក ផាត សុផានិត បានប្រាប់ថា សម្ដេចក្រឡាហោម ស ខេង បានពន្យល់យ៉ាងលម្អិត អំពីការវិវត្តន៍ចុងក្រោយ និងប្រកបដោយភាពវិជ្ជមាន ពាក់ព័ន្ធនឹងការងារសំខាន់ៗ ទាំង៤ ដែលលោកស្រី រ៉ូណាស្មីត ចង់ដឹង។ បន្ទាប់ពីស្ដាប់ការពន្យល់នេះរួចមក អ្នករាយការណ៍ពិសេសអង្គការសហប្រជាតិរូបនេះ បានសម្ដែងការកោតសរសើរនូវវឌ្ឍនភាពការងារទាំងនេះ គិតចាប់តាំងពីក្រោយជំនួបលើកទី៦ រវាងលោកស្រី និងសម្ដេច ស ខេង កាលពីចុងឆ្នាំ២០១៨កន្លងទៅ។
លោកស្រី រ៉ូណា ស្មីត ក៏បានសំណូមឲ្យក្រសួងមហាផ្ទៃ កែលម្អរចំណុចខ្វះខាតមួយចំនួន ដើម្បីឲ្យកិច្ចការសំខាន់ទាំង៤ ដែលលោកស្រី ផ្ដោតការយកចិត្តទុកដាក់នោះ កាន់តែដំណើរការប្រកបដោយភាពវិជ្ជមាន ដូចជាពន្លឿនការពង្រីកហេដ្ឋារចនាសម្ព័ន្ធពន្ធនាគារ ដើម្បីកាត់បន្ថយភាពចង្អៀតណែន និងការពង្រឹងអាជ្ញាធរមូលដ្ឋាន ឲ្យមានភាពស៊ីសង្វាក់គ្នានឹងការអនុវត្តសិទ្ធិរបស់សង្គមស៊ីវិល ជាដើម។
សូមរំលឹកថា លោកស្រី រ៉ូណា ស្មីត បានមកបំពេញបេសកកកម្ម លើកទី៧ នៅកម្ពុជា ចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩។ លោកស្រី បានជួបជាមួយមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អ្នកនយោបាយ អង្គការសង្គមស៊ីវិល និងសហគមន៍អន្តរជាតិ ជាដើម។ លោកស្រី នឹងធ្វើសន្និសីទកាសែត នៅរសៀលថ្ងៃទី៩ ខែឧសភា នៅទីស្នាក់ការឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំកម្ពុជា ៕