ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមហ៊ុនអាកាសចរណ៍ ឧស្សាហ៍លុបចោល និងពន្យារពេលហោះហើរ បង្កការរិះគន់ពីអ្នកដំណើរ ផ្អើលដល់អន្តរក្រសួងនឹងចាត់វិធានការ

68

ភ្នំពេញ៖ គណៈកម្មការអន្តរក្រសួង ដើម្បីសម្របសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិទូទាំងប្រទេស នឹងចាត់វិធានការ លើក្រុមហ៊ុនអាកាសចរណ៍ណា ពាក់ព័ន្ធនឹងបញ្ហាឧស្សាហ៍លុបចោល និងពន្យារពេលហោះហើរ ដែលបង្កការរិះគន់ពីសំណាក់ភ្ញៀវទេសចរ និងអ្នកដំណើរ។

បញ្ហានេះ ត្រូវបានលើកឡើង ក្នុងកិច្ចប្រជុំពេញអង្គលើកទី១ អាណត្តិទី៦ របស់គណៈកម្មការអន្តរក្រសួង  នាថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងទេសចរណ៍ ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

លោក ថោង ខុន បានឱ្យដឹងថា កន្លងមក ធ្លាប់មានភ្ញៀវទេសចរ និងអ្នកដំណើរបានលើកឡើងពីការរិះគន់ដោយផ្ទាល់ និងប្រយោលចំពោះក្រុមហ៊ុនអាកាសចរណ៍មួយនៅកម្ពុជាដែលតែងតែឧស្សាហ៍លុបចោលជើងហោះហើរ ឬក៏ពន្យារពេលហោះហើរ ដោយគ្មានហេតុផលត្រឹមត្រូវ ហើយពេលខ្លះគ្មាន បញ្ហាអាកាសធាតុអ្វីសោះ ក៏មានការលុបចោល ឬពន្យារពេលហោះហើរដែរ។

បញ្ហានេះធ្វើឱ្យភ្ញៀវមានការខកចិត្ត មិនសប្បាយចិត្តទាល់តែសោះ ហើយករណីនេះ មន្ត្រីថ្នាក់ដឹកនាំភាគច្រើន ក៏ដូចភ្ញៀវទេសចរ ក៏តែងបានជួបបញ្ហាជាមួយក្រុមហ៊ុនអាកាសចរណ៍មួយនេះជាញឹកញាប់ ដែលជាហេតុធ្វើឲ្យពេលខ្លះ ខកដំណើរទៅចូលរួមប្រជុំ ខកដំណើរក្នុងការតភ្ជាប់ជើងហោះហើរ ខាតបង់ពេលវេលា ហើយពេលខ្លះខូចដល់គម្រោងផែនការធំៗផងក៏មាន។

លោករដ្ឋមន្ត្រីបានប្រកាសថា នាពេលខាងមុខ គណៈកម្មការអន្តរក្រសួង នឹងកោះប្រជុំជាមួយក្រុមហ៊ុនមួយនេះ ក៏ដូចជាក្រុមហ៊ុនគ្រប់គ្រងព្រលានយន្តហោះ ភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីពិភាក្សា ឬក៏ចាត់វិធានការណាមួយ ចំពោះបញ្ហាច្រំដែលៗដែលកើតមានយូរហើយផងដែរ៕

អត្ថបទដែលជាប់ទាក់ទង