សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត អំពាវនាវ ឲ្យព្រះសង្ឃទូទាំងប្រទេស ត្រូវតែខិតខំសិក្សា រៀនសូត្រ ដដើម្បីលបបំបាត់អវិជ្ជា
ភ្នំពេញ៖ សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត ព្រះអគ្គាធិការពុទ្ធិកសិក្សា និងជាព្រះសង្ឃនាយកនៃព្រះរាជណាចក្រកម្ពុជា បានអំពាវនាវឲ្យព្រះ
សង្ឃទូទាំងប្រទេស ត្រូវតែខិតខំសិក្សា រៀនសូត្រ ដើម្បីលប់ បំបាត់អវិជ្ជា។
ព្រះថេរដិការបស់សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត បែបនេះក្នុងពិធីបើកបវេសនកាល និងព្រហ្មទានក្នុងឆ្នាំ សិក្សាថ្មី២០១៩–២០២០ ស្រប តាមផែនការប្រចាំឆ្នាំ របស់អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ក្រោមព្រះវត្តមានចូលរួមសម្តេចព្រះពោធិវ័ង្ស អំ លីមហេង ព្រះអគ្គាធិការរងពុទ្ធិកសិក្សា សម្តេចព្រះមហាអរិយវង្សបណ្ឌិត សៅរ៍ ចន្ទថុល្ល ព្រះអគ្គាធិការរងពុទ្ធិកសិក្សា, នានាព្រឹកថ្ងៃទី០៩ ឧសភា ២០១៩ ។
សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត មានព្រះថេរដិកាទៀតថា ប្រសិនបើសង្ឃធុញថប់ក្នុងការបួស ហើយនឹងសឹកនាពេលណាមួយនោះ ក៏ចំណេះដឹងក្នុងខ្លួនយើង នៅតែមានអាចយកទៅប្រើប្រាស់ ដើម្បីផលប្រយោជន៍សម្រាប់ខ្លួនឯង សម្រាប់គ្រួសារ និងសម្រាប់សង្គមជាតិ។ ដូច្នេះចំណេះដឹង គឺវាមានតម្លៃធំធេងណាស់សម្រាប់បុគ្គលម្នាក់ៗ ដែលវាទាមទារអោយយើងត្រូវតែសិក្សារៀនសូត្រអោយចេះ អោយចាំគ្រប់ៗគ្នា។
សម្តេចព្រះមហាសុមេធាធិបតី បានក្រើនរំលឹកថា ការអប់រំ គឺជាកូនសោរដោះស្រាយបញ្ហាសង្គម និងសេដ្ឋកិច្ច។ ដូចនេះ វិស័យពុទ្ធិកសិក្សាកំពុងដើរលើកន្លងផ្លូវយ៉ាងសំខាន់ លើការបណ្ដុះបណ្ដាលគ្រហស្ថ និងបព្ធជិត ទាំងផ្លូវលោក ទាំងផ្លូវធម៍គុណធម៍ចរិយាធម៍ អោយបានល្អប្រសើរថ្លៃថ្លាក្នុងការរស់នៅក្នុងសង្គមគ្រួសារ និងសង្គមជាតិ។ នេះជាការបំពេញបន្ថែមលើភារកិច្ចរបស់រាជរដ្ឋាភិបាល ជាពិសេសលើវិស័យអប់រំ។
ជាមួយគ្នានោះដែរ ឯកឧត្តម ផ្លោក ផន ក្នុងនាមក្រសួងធម្មការ និងសាសនា បានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចព្រះអគ្គាធិការពុទ្ធិកសិក្សា ក៏ដូចជាប្រមុខរាជរដ្ឋាភិ បាល ដែលបានដាក់ចេញនូវគោលនយោបាយពង្រឹង និងពង្រីកលើវិស័យពុទ្ធិកសិក្សាជាតិ ស្របតាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៥ ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលក្នុងពេលបច្ចុប្បន្ននេះ បាននឹងកំពុងខិតខំប្រឹងប្រែងកែទម្រង់លើគ្រប់វិស័យ ជាពិសេសវិស័យអប់រំ និងវិស័យពុទ្ធិកសិក្សា។
បើតាមព្រះបិដកធម្ម ម៉ៅ នីម នាយកពុទ្ធិកវិទ្យាល័យ ព្រះសុរាម្រឹត បានសង្ឃដិការ ថា ពុទ្ធិកវិទ្យាល័យនេះ ត្រូវបានរៀបចំឲ្យមានគណៈគ្រប់គ្រងតាមឋានានុក្រមការងារ ដែលមាននាយក នាយករង មន្ត្រីសង្ឃ មន្ត្រីរាជការ បុគ្គលិកសិក្សាក្របខណ្ឌ បុគ្គលិកកិច្ចសន្យា សរុបចំនួន ៣៨ អង្គ/នាក់។
ក្នុងឆ្នាំសិក្សា២០១៩–២០២០នេះ សាស្ត្រាចារ្យមានចំនួន៩៥អង្គ/នាក់ ក្នុងនោះក្របខណ្ឌ២៤រូប។ កម្រិតបឋមភូមិមានចំនួន៤៨៣អង្គ/នាក់, កម្រិតទុតិយភូមិមានចំនួន៥៧០អង្គ/នាក់ និងគណៈគ្រប់គ្រងពុទ្ធិកវិទ្យាល័យ ព្រះសុរាម្រឹតបានរៀបចំកម្មវិធីព្រហ្មទាន សម្រាប់ប្រគេន និងលើកទឹកព្រះទ័យ ចំពោះសមណ-សិស្សដែលខិតខំឱហាតស្វាធ្យាយ ប្រឹងប្រែងយកព្រះទ័យទុកដាក់ ក្នុងការរៀនសូត្រ ទាំងផ្លូវពុទ្ធចក្រ និងអាណាចក្រ រហូតទទួលបានចំណាត់ថ្នាក់ល្អប្រសើរ ពីលេខមួយដល់លេខប្រាំ៕ ដោយ៖ សារិទ្ធី