តុលាការក្រុងភ្នំពេញ មិនចោទប្រកាន់ លោកសុខ ទូច
ភ្នំពេញ៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩នេះ មិនទាន់ចោទប្រកាន់ លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា នោះទេ បន្ទាប់ពីលោកបានចូលបំភ្លឺរឿងក្តី ពាក់ព័ន្ធនឹងបណ្ដឹងគណបក្សខ្មែរក្រោកទាក់ទងបញ្ហាកោះត្រល់ ខណៈថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្សខ្មែរក្រោក បានសម្តែងនូវការអស់សង្ឃឹមចំពោះការអត្ថាធិប្បាយរបស់លោកបណ្ឌិតសុខទូច ដែលធ្វេីឲ្យមហាជនយល់ច្រលំ មកលេីយុទ្ធនាការរបស់គណបក្សខ្មែរក្រោក។
បន្ទាប់ពីបញ្ចប់ការសាកសួររបស់តុលាការ លោកលោកសុខទូចប្រាប់ក្រុមអ្នកសារព័ត៌មាន នៅខាងក្រៅរបងតុលាការក្រុងភ្នំពេញថា លោកសម្រេចមិនប្តឹងបកទៅកាន់ គណបក្សខ្មែរក្រោកនោះទេ ប៉ុន្តែបើបក្សនេះប្តឹងបន្តទៀតលោកស្វាគមន៍ជានិច្ច។
លោក សុខ ទូច បានចាត់ទុកថា ការប្តឹងរបស់គណបក្សខ្មែរក្រោកមកលើរូបលោកនោះ មិនត្រឹមត្រូវទេ ដោយសារលោកក៏ជាមន្រ្តីរាជរដ្ឋាភិបាល ដែលផ្តល់ធាតុចូលទៅស្ថាប័នពាក់ព័ន្ធ ហើយអ្វីដែលលោកមានទស្សនៈជំទាស់ទៅនឹងការប្រកាសដើរប្រមូលស្នាមមេដៃទាមទារយកកោះត្រល់ របស់ប្រធានគណបក្សខ្មែរក្រោក ដោយសារតែសកម្មភាពនេះ មិនដែលមានក្នុងប្រវត្តិសាស្រ្ត ហើយខុសនឹងច្បាប់អន្តរជាតិ។
លោក សុខ ទូច អះអាងថា លោកមិនប្តឹងបកទៅគណបក្សខ្មែរក្រោកវិញឡើយ ដោយសារតែលោកមិនចូលចិត្តនូវការប្តឹងផ្តល់នេះ។ លោកបញ្ជាក់យ៉ាងខ្លីថា «ទាំងទិដ្ឋភាពច្បាប់ នយោបាយ សង្គម និងសច្ចធម៌ ទាំង៤នេះគឺ (គណបក្សខ្មែរក្រោកប្តឹង) មិនត្រូវទាំងអស់ ខ្ញុំមិនប្តឹងតទេ តែបើសិនជាគណបក្សខ្មែរក្រោកបន្តប្តឹងខ្ញុំនឹងស្វាគមន៍»។
ទោះបីជាយ៉ាងណាពាក់ព័ន្ធករណីនេះ លោកអនុប្រធានគណបក្សខ្មែរក្រោក លោក ម៉ាក ធីបុត្រ បានឆ្លេីយតបទៅនឹងលោក បណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិតសភា ៖ សុំកុំធ្វេីការបន្លប់អង្គហេតុ ចំពោះយុទ្ធនាការស្នាមមេដៃមួយដេីម្បីកោះត្រល់ គណបក្សខ្មែរក្រោកធ្វេីការផ្ដួចផ្ដេីមតាមការចង់បានរបស់មហាជន ដោយយោង និងពិនិត្យលេី រដ្ឋធម្មនុញ្ញមាត្រា៩២ ដែលប្រមូលស្នាមមេដៃដាក់ញត្តិអោយក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យសារឡេីងវិញ។
សុំមេត្តាកុំបន្លប់អង្គច្បាប់ ចំពោះការប្ដឹងលើលោកបណ្ឌិតសុខទូច គឺគណបក្សប្ដឹងពីបទ ញុះញង់ឲ្យមានការរេីសអើង និងបទជ្រៀតជ្រែកដោយខុសច្បាប់នៅក្នុងការបំពេញមុខងារសាធារណៈ យោងលេីពាក្យបណ្ដឹងផ្លូវការលេខ ០៦៨/១៨ គខក តែគណបក្សបានឃេីញតុលាកាចេញដីកាកោះអញ្ជេីញលោកបណ្ឌិត សុខ ទូច អោយបំភ្លឺពីបទកុបកម្មទៅវិញ។
លោកអនុប្រធានគណបក្សខ្មែរក្រោកបានបន្ថែមថា ខ្ញុំបាទជាថ្នាក់ដឹកនាំមួយរូបរបស់គណបក្សខ្មែរក្រោកអស់សង្ឃឹមចំពោះតុលាការដែលធ្វេីការធ្វេសប្រហែសនាំអោយមហាជនយល់ច្រឡំចំពោះបណ្ដឹងនេះ និងអស់សង្ឃឹមចំពោះការអត្ថាធិប្បាយរបស់លោកបណ្ឌិតសុខទូចដែលធ្វេីឲ្យមហាជនយល់ច្រលំមកលេីយុទ្ធនាការរបស់គណបក្សខ្មែរក្រោក៕