ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គនាយកដ្ឋានអន្តោប្រវេសន៍​  ចាត់វិធានការកែលម្អរ ភាពមិនប្រក្រតីមួយចំនួន នៅប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់

90


ភ្នំពេញ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ បានផ្សព្វផ្សាយព័ត៌មាន នៅលើផេកហ្វេសប៊ុកផ្លូវការរបស់ខ្លួន កាលពីថ្ងៃទី 10 ខែឧសភាឆ្នាំ 2019 ន័យថា បន្ទាប់ពីទទួលព័ត៌មានមួយចំនួន ដែលបានចុះផ្សាយពាក់ព័ន្ធនឹងភាពមិនប្រក្រតី ក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់នាយប៉ុស្តិ៍ និងមន្រ្តីនគរបាលអន្តោប្រវេសន៍ នៅប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ពាក់ព័ន្ធនឹងការទារប្រាក់ពីប្រជាពលរដ្ឋ លោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានចាត់ក្រុមការងារមួយក្រុមដែល ដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក ជា ធា អគ្គនាយករងអន្តោប្រវេសន៍ ដើម្បីចុះត្រួតពិនិត្យស្រាវជ្រាវពាក់ព័ន្ធនឹងព័ត៌មាននេះ ។

បន្ទាប់ពីបានចុះត្រួតពិនិត្យស្រាវជ្រាវរួចមក តាមរយៈការបំភ្លឺ និងការពិនិត្យឃើញថា ជុំវិញព័ត៌មានអំពីការទារប្រាក់ ពីប្រជាពលរដ្ឋ ដែលបានធ្វើដំណើរឆ្លងកាត់ គឺពិតជាមានការឲ្យលុយ ៥០០០រៀល ឫ ១០០០០រៀល ដល់នគរបាលនៅទីនោះពិតមែន ក៏ប៉ុន្តែមិនជាការទាមទារទេ គឺអាស្រ័យដោយប្រជាពលរដ្ឋមួយចំនួនច្រើនជារៀងរាល់ថ្ងៃ ប្រជាពលរដ្ឋមួយចំនួន លោកមិនចេះបំពេញសាលកប័ត្រ ទើបពេលខ្លះមន្រ្តីនគរបាលអន្តោប្រវេសន៍ជួយបំពេញជូនពួកគាត់ ដើម្បីឲ្យបានទាន់ពេលវេលា។ ទទ្ទឹមនឹងនោះ ប្រជាពលរដ្ឋមួយចំនួនក៏មានសណ្តានចិត្ត ជូនប្រាក់បន្តិចបន្តួច ខ្លះ ប្រាំពាន់រៀល ខ្លះទៀតមួយម៉ឺនរៀល ដល់មន្រ្តីនគរបាលអន្តោប្រវេសន៍ជួយបំពេញ។

ទោះជាយ៉ាងណា ក៏ក្រុមការងារបានរកឃើញភាពអសកម្មមួយចំនួន បណ្តាលមកពីការគ្រប់គ្រងរបស់លោកឧត្តមសេនីយ៍ត្រី ខូង ទីន ជានាយប៉ុស្តិ៍ មានការធូររលុង មិនមានការយកចិត្តទុកដាក់ ដូចជា អវត្តមានច្រើន មិនសូវនៅជាប់លាប់ និងដឹកនាំបញ្ជាកម្លាំងជាប្រចាំ ដែលនៅគោលដៅឈរជើងរបស់ខ្លួន ។ នៅពេលអវត្តមាន លោកនាយប៉ុស្តិ៍ បានប្រគល់សិទ្ធិដឹកនាំការងារ ឲ្យលោកវរសេនីយ៍ឯក ជា ព្រឿង នាយរងប៉ុស្តិ៍ ជានាយប៉ុស្តិ៍ស្តីទី ដើម្បីដឹកនាំបញ្ជា និងដោះស្រាយបញ្ហាការងារនៅក្នុងអង្គភាព។ ពេលខ្លះលោកឧត្តមសេនីយ៍ត្រី ខូង ទីន នៅកន្លែង ក៏ប្រគល់ការងារឲ្យសិទ្ធិឲ្យលោកវរសេនីយ៍ឯក ជា ព្រឿង ជានាយប៉ុស្តិ៍ស្តីទីដែរ ។

ក្នុងគោលបំណងកែលម្អរបញ្ហានេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងចាត់វិធានការមួយចំនួន ក្នុងការទប់ស្កាត់ភាពអសកម្ម របស់មន្រ្តីនគរបាលអន្តោប្រវេសន៍ ដើម្បីរៀបចំសណ្តាប់ធ្នាប់ ក្នុងធ្វើដំណើរចេញ-ចូល ឲ្យមានភាពងាយស្រួល ជូនប្រជាពលរដ្ឋរួមមាន៖  ១. សូមគោរពសុំគោលការណ៍ ដាក់ពិន័យលោកឧត្តមសេនីយ៍ត្រី ខូង ទីន អត្តលេខ ០៥១៨២ ជានាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ដោយរូបភាព ព្រមានជាលើកទី១, ២.រៀបចំកែលម្អរបញ្ជរបែបបទចេញ-ចូល ឲ្យបានសមស្រប និងរៀបចំលំហូរអ្នកដំណើរ ឲ្យមានការតម្រង់ជួរត្រឹមត្រូវ កុំឲ្យមានការឆ្លៀតឱកាសជួយសម្រួល លឿន រហ័សទាន់ពេល ដើម្បីរកផលប្រយោជន៍ផ្ទាល់ខ្លួន, ៣.ពង្រឹងការគោរពបទបញ្ជា វិន័យរបស់កងកម្លាំងនគរបាលជាតិ អប់រំសីលធម៌ ឥរិយាបថ និងអកប្បកិរិយា បំពេញការងាររបស់មន្រ្តី តាមជំនាញវិជ្ជាជីវៈរបស់ខ្លួន និងធ្វើការដាក់វិន័យយ៉ាងតឹងរឹងបំផុត ចំពោះមន្រ្តីណាដែលប្រព្រឹត្តខុសឆ្គង  ៕

អត្ថបទដែលជាប់ទាក់ទង