ល្បែងភ្នាល់ទឹកភ្លៀងនៅក្រុងបាត់ដំបង បានបើកលេងជាថ្មីតាមរដូវកាល បន្ទាប់ពីថៅកែមេល្បែងទឹកភ្លៀង បានស្ពាយលុយដើរសែនព្រេនសមត្ថកិច្ចតាមស្ថាប័នក្នុងខេត្តត្រូវរូវគ្នារួចរាល់
ខេត្តបាត់ដំបង៖ ជារៀងរាល់ឆ្នាំ ឲ្យតែដល់រដូវវស្សា គឺចាប់ពីដើមខែឧសភានេះទៅ ជាទម្លាប់នៅក្នុងក្រុងបាត់ដំបងគេសង្កេតឃើញក្រុមអ្នកលេងល្បែងភ្នាល់ទឹកភ្លៀងបានប្រមូលជើងគ្នា រៀបចំបន្តលេងល្បែងស៊ីសងខុសច្បាប់នេះនារដូវកាលថ្មី ។ ហើយក៏ជាពេលវេលារបស់ថៅកែបនល្បែង ត្រូវរួសរាន់បង់ប្រាក់ទៅឲ្យគ្រប់ស្ថាប័នមានអំណាចពាក់ព័ន្ធក្នុងដើមខែឧសភានេះដូចសព្វមួយដងដែរ ដើម្បីចៀសវាងការបង្ក្រាបណាមួយកើតឡើងដែលរំខានដល់ដំណើរការលេងរបស់ពួកគេ។ ជាទម្លាប់គេសង្កេតឃើញថា ល្បែងភ្នាល់ទឹកភ្លៀងនោះរយៈពេលបើកលេងចំនួន៥ខែចាប់ពីខែឧសភាដល់ខែតុលា ព្រោះខែក្រោយពីខែតុលាធាតុអាកាសបានខ្សត់ទឹកភ្លៀង។ រាល់ឆ្នាំកន្លងទៅទាំងមេបនល្បែង និងអ្នកចាក់ភ្នាល់ បានជួបជុំគ្នាលេងដោយរលូន ឮថាសមត្ថកិច្ចគ្រប់ជំនាញពាក់ព័ន្ធបានទទួលសំណែនគ្រប់ៗគ្នា រហូតពួកអាមីអាថោងកូនជឹងលោកថៅកែមេល្បែងទឹកភ្លៀងនោះទម្លាយថាក្នុងមួយរដូវៗ (១ឆ្នាំ) បានចំណាយប្រាក់បង់ឲ្យស្ថាប័នសមត្ថកិច្ច នៅខេត្តបាត់ដំបង ជិត១០ម៉ឺនដុល្លារអាមេរិក ប៉ុន្តែគេកើបលុយវិញក៏មិនធម្មតាដែរ។
គេសង្កេតឃើញការបើកលេងល្បែងភ្នាល់ទឹកភ្លៀងខុសច្បាប់នេះ មានលក្ខណៈ ទ្រង់ទ្រាយធំដោយក្នុងមួយថ្ងៃទៅមួយថ្ងៃ ហើយថៅកែបនល្បែងនេះអាចរកចំណូលបានរាប់សែនដុល្លារអាមេរិក។ ទីតាំទីតាំងល្បែងភ្នាល់ទឹកភ្លៀងនោះមាននៅ ក្រុងបាត់ដំបង។ ទីតាំងនេះជាធម្មតា គេមិនដែលឃើញ អាជ្ញាធរមានសមត្ថកិច្ច ដូចជា នគរបាល និងអាវុធហត្ថបញ្ចេញស្នាដែបង្ក្រាបម្តងណាឡើយ ផ្ទុយទៅវិញមេបនល្បែងនេះ និងមនុស្សមួយចំនួន តែងតែអះអាងប្រាប់អ្នកលេងល្បែងនោះកុំឲ្យភ័យព្រួយថាគ្មានអ្នកចុះចាប់ទេ ព្រោះលោកថៅកែ បានបង់ខែជូនលោកធំក្នុងខេត្តអស់ហើយ។
នៅទីនោះគេសង្កេតឃើញក្រុមមនុស្សទៅលេងដោយមានសភាពអ៊ូរអដោយប្រើវិទ្យុទាក់ទង (Icom) ទំនាក់ទំនងគ្នាផ្តល់ព័ត៌មានអំពីស្ថានភាពមេឃទៅកាន់បណ្តាក្រុមអ្នកលេងដទៃទៀតដោយសម្លេងស្រែកឡូឡាយ៉ាងកងរំពង ដែលក្រុមអ្នកលេងល្បែងភ្នាល់ទឹកភ្លៀងនោះមិនខ្វល់អ្វីទាំងអស់ ព្រោះតែមានជំនឿថាលោកថៅកែល្បែងភ្នាល់ទឹកភ្លៀងនេះ បានយកប្រាក់ដុល្លារទៅចង លោកស្នងការនគរបាលខេត្ត និងមេបញ្ជាការកងរាជអាវុធហត្ថខេត្តរួចអស់ទៅហើយ។ ករណីល្បែងស៊ីសងភ្នាល់ទឹកភ្លៀង ពេញមួយឆ្នាំកន្លងទៅ លោក គណៈបញ្ជាការឯកភាពខេត្តបាត់ដំបង ពុំបានមានវិធានការដឹកនាំស្ថាប័នជំនាញជំនាញថ្នាក់ក្រោមបង្ក្រាបនោះទេ។ ករណីនេះបានធ្វើឲ្យមានការរិះគន់ថា លោកអភិបាលខេត្តបាត់ដំបង ទុកឲ្យបនល្បែងស៊ីសងទ្រង់ទ្រាយដ៏ធំនេះ ធ្វើព្យុះធ្វើភ្លៀងតាមអំពើចិត្ត ខណៈវាជាប្រភពបង្កភាពអសន្តិសុខដល់ពលរដ្ឋស្លូតត្រង់។
ទន្ទឹមគ្នានេះដែរ ពលរដ្ឋក្នុងក្រុងបាត់ដំបងមានសេចក្តីសង្ឃឹមយ៉ាងមុតមាំចំពោះ លោកអភិបាលខេត្ត ថានឹងយកចិត្តទុកដាក់លុបបំបាត់បនល្បែងភ្នាល់ទឹកភ្លៀងដែលបង្កប់ទៅដោយល្បែងចម្រុះនោះ ដើម្បីបញ្ចប់ការភ័យព្រួយរបស់ប្រជាពលរដ្ឋ ព្រោះវាជាប្រភពនៃអសន្តិសុខសង្គម ហើយរំពឹងថានឹងដាក់បទបញ្ជាទៅលោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងស្ថាប័នពាត់ព័ន្ធ រួមគ្នាកម្ខាត់ឲ្យខាងតែបាននូវរបស់ដែលគេហៅថាប្រឆាំងទៅនឹងគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព៕