ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គឿម សុវណ្ណឌឿត និង អេ ហនុមានសន្លប់ទឹក២ដូចគ្នា

109

​ភ្នំពេញ:ព្រឹត្តិការន៍Tv5 Boxing Knock-Out Serie by K-Cementនាយប់ថ្ងៃទី១១ឧសភាក្នុងការប្រកួតវគ្គជម្រុះជុំទី២អ្នកប្រដាល់អេ ហនុមានក្លិបអេភូថងកីឡា និង គឿម សុវណ្ណឌឿតក្លិបមោងឬស្សីមរតកគុនខ្មែរសុទ្ធតែត្រូវគូប្រកួតវាយឲ្យសន្លប់ទឹកទី២ដូចគ្នា ។

​អេ ហនុមាន ជួបប្រកួតជាមួយអ្នកប្រដាល់ផាន់ សុផាតរបស់ក្លិបពុទ្ធសេរីវង្ស ។ ការប្រកួតនៅទឹកទី១ទោះបីគេបង្ហាញពីការស្ទាបស្ទង់គ្នាមួយរយៈខ្លីក៏ពិតមែនតែចាប់ពីពាក់កណ្ដាលទឹកទៅពួកគេចាប់ឲ្ផ្ដើមកញ្ជ្រោកដាក់គ្នាតែម្ដង ។

​មកដល់ទឹកទី២ពួកគេកាន់តែវាយសម្រុកលើគ្នាទៅវិញទៅមកដោយគ្មានសំចៃ តែអេ ហនុមានត្រូវអ្នកប្រដាល់ផាន់ សុផាតបញ្ចេញកណ្ដាប់ដៃ និង កែងចំគោលដៅបានយ៉ាងល្អធ្វើឲ្យកូនសិស្សរបស់លោកអេ ភូថងរូបនេះសន្លប់ក្រោកលែងរួច ។ ផាន់ សុផាតត្រៀមខ្លួនចាំប្រកួតជម្រុះនៅជុំទី៣បន្តទៀត ឯ អេ ហនុមានខ្ទាតចេញពីការប្រកួតត្រឹមនេះហើយ ។

​ចំពោះគឿម សុវណ្ណឌឿតវិញត្រូវអ្នកប្រដាល់កូយ ឡាយក្លិបទ័ពឆ័ត្រយោង៩១១ប្រើជង្គង់ផ្ដួលបាននៅមុនស្នូរជួងបញ្ចប់ទឹកទី២ដែរ ។

​អ្នកប្រដាល់មកពីខេត្តបាត់ដំបងរូបនេះត្រូវហាលអាវត្រឹមនេះក្នុងខណៈដែលកូយ ឡាយដណ្ដើមបានកៅអីសម្រាប់ប្រកួតជម្រុះនៅជុំទី៣ទៀត ។

​ការប្រកួតជាមិត្តភាពជាមួយថៃវិញនោះអ្នកប្រដាល់ប៉ោ ភារិទ្ធដែលគេស្គាល់ជាទូទៅថាយ៉ន ឌីណាសមាគមប្រដាល់ក្រសួងកសិកម្មបានយកឈ្នះជើងខ្លាំងមកពីស្រុកថៃគឺលូម លេង(Loom Leng)ដោយពិន្ទុ ។

​លូម លេងត្រូវអាជ្ញាកណ្ដាលរាប់៨នៅទឹកទី៣បន្ទាប់ ពីឌីណាដាល់មួយកែងចំថ្គាមយ៉ាងធ្ងន់មកនោះ ។ទោះជាយ៉ាងណាក៏គូនេះប្រកួតគ្នារហូតចប់ទឹកទី៥ហើយឌីណាបានទទួលជ័យជំនះដោយពិន្ទុ ។

អត្ថបទដែលជាប់ទាក់ទង