រំលោភដីបឹងព្រៃលិចទឹកជម្រកត្រីពងកូន រាប់ពាន់ហិចតានៅឡូត៍នេសាទលេខ៦ អាជ្ញាធរបិទភ្នែកជិត
កណ្តាល៖ សង្ស័យមានការឃុបឃិតត្រូវរូវគ្នាជាប្រព័ន្ធទើប អាជ្ញាធរគ្មានចំណាត់ការ ចុះបង្ក្រាបគ្រឿងចក្រអត់ច្បាប់ ឈួសឆាយទន្ទ្រានដុតបំផ្លាញ ព្រៃលិចទឹកជម្រកត្រីពងកូន និងភ្ជួររាល់រំលោភបំពាន យកដីបឹងសាធារណៈរបស់រដ្ធក្នុង តំបន់អតីតឡូត៍នេសាទលេខ៦ រាប់ពាន់ហិកតា នៅស្រុកលើកដែក។
គ្រឿងចក្រអត់ច្បាប់ជាច្រើនគ្រឿង នៅតែបន្តសកម្មភាពឈួសឆាយទន្ទ្រានដុតបំផ្លាញ ព្រៃលិចទឹកជម្រកត្រីពងកូន និងភ្ជួររាល់រំលោភបំពានយកដីបឹងសាធារណៈរបស់រដ្ឋ រាប់ពាន់ហិកតាក្នុងតំបន់ដែននេសាទអតីតឡូត៍លេខ6 នៅភូមិសាស្ត្រឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល យ៉ាងគឃ្លើនដ៍ដែល។ បើតាមប្រភពពីមន្ត្រីសាលាស្រុកលើកដែក សុំមិនបញ្ចេញឈ្មោះបានលួចខ្សឹបប្រាប់ភ្នាក់ងារព័ត៌មានថា មេឈ្មួញលួចរំលោភយកដីសាធារណៈរបស់រដ្ឋនេះ មានឈ្មោះកេត តុវីរៈនិងឈ្មោះហ៊ុន ចាន់ធីបានដាក់គ្រឿងចក្រមកធ្វើសកម្មភាព ឈួសឆាយទន្ទ្រានដុតបំផ្លាញព្រៃលិចទឹក ជម្រកត្រីពងកូននិងភ្ជួររាស់ រំលោភបំពានព័ទ្ធយកដីបឹងសាធារណៈរបស់រដ្ធ ក្នុងតំបន់អតីតឡូត៍នេសាទលេខ6នេះ រយៈពេលជាង1ខែមកហើយ។ ប្រភពបន្តថា ចំពោះសកម្មភាពនេះ សង្ស័យខាងក្រុមឈ្មួញលួចយកដីរដ្ឋ នោះគេបាននិយាយ ត្រូវរូវគ្នាចាប់តាំងពីថ្នាក់ស្រុក រហូតទៅដល់ថ្នាក់ខេត្តជាប្រព័ន្ធអស់ហើយ ទោះបីជាអ្នកកាសែត ចង់ចុះអីក៏ចុះទៅ គេមិនឈឺក្បាលវិលមុខឡើយ ហើយបើថ្នាក់លើ ដាក់បញ្ជាមកឲ្យចុះបង្ក្រាប គឺលោកអភិបាលស្រុក គ្រាន់តែបញ្ជាឲ្យកម្លាំងសមត្ថកិច្ចនគរបាល ឬអាជ្ញាធរឃុំ5-6នាក់ គ្រាន់ចុះទៅដូចដើរលំហែរកាយមើលទេសភាព រួចឡើងមកវិញ រាយការណ៍ជូនថ្នាក់លើថា បានចុះទៅបង្ក្រាបហើយ តែខាងគ្រឿងចក្របើកគេចបាត់អស់។ តាមពិតគ្រឿងចក្រ3ទៅ4គ្រឿង នៅតែបន្តសកម្មភាពដដែលសោះ។ ជាការពិតណាស់ បើសិនជាខ្មោចស្រុកមិនឲ្យដៃ ម្លេះខ្មោវព្រៃក៏វាមិនហ៊ានធ្វើសកម្មភាពដែរ។
នៅថ្ងៃនេះវេបសាយភ្នំពេញរីផតធើ មិនអាចទំនាក់ទំនង សុំការបញ្ជាក់ការចោទប្រកាន់ខាងលើបានទេពីអាជ្ញាធរបានទេ។