ផឹកស៊ីស្រវឹងកូនប្រុសតិរច្ឆាន កាប់ឪពុកបង្កើត ៤កាំបិតដេកពេទ្យ
ពោធិ៍សាត់ ៖ កូនប្រុសតិរច្ឆាន ផឹកស៊ីស្រវឹងជោកជាំ ហើយត្រូវឪពុកស្តីបន្ទោស ក៏កើតជាកំហឹង ទាញកាំបិត កាប់ឪពុកបង្កើត៤កាំបិតដេកពេទ្យស្រុកភ្នំក្រវាញ។ បន្ទាប់ពីកើតហេតុ សមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ នគរបាលស្រុកភ្នំក្រវាញ បានចុះធ្វើការឃាត់ខ្លួនជនសង្ស័យយកកាន់អធិការដ្ឋាននគរបាលស្រុកតែម្តង ដើម្បីអនុវត្តន៍នីតិវិធីច្បាប់។ ប៉ុន្តែមកដល់ថ្ងៃទី៩កក្កដា លេចឮពីក្រុមគ្រួសារជនសង្ស័យថា ចង់សុំឱ្យ សមត្ថកិច្ចដោះលែង តែទោះយ៉ាងណាក្តី សមត្ថកិច្ចត្រូវចាប់ខ្លួនជនសង្ស័យ មកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ដោយមិនទុកឱ្យជនសង្ស័យរត់គេចខ្លួនបានឡើយ។
សូមបញ្ជាក់ថា ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង៧និង១០នាទី ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចអណ្តូងច្រុះ ស្ថិតក្នុងភូមិព្រៃខ្លុង ឃុំរកាត ស្រុក ភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ជនសង្ស័យឈ្មោះគិត គាលី ហៅខួច ភេទប្រុស អាយុ២៧ឆ្នាំ មានមុខរបរមិនពិតប្រាកដ រស់នៅភូមិព្រៃខ្លុង ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនយកមកកាន់អធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ចាត់ការតាមផ្លូវច្បាប់ ពីបទ “ប្រើអំពើហឹង្សាក្នុងគ្រួសារ មានស្ថានទម្ងន់ទោស”។
អធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ បានឱ្យដឹងថា មុនពេលកើតហេតុជនសង្ស័យខាងលើ បានផឹកស៊ីជាមួយមិត្តភក្តិស្រវឹងជោកជាំ ខណៈនោះជនរងគ្រោះឈ្មោះងួន គិត អាយុ៥៧ឆ្នាំ ជាឪពុក បានស្តីបន្ទោស ហើយក៏ជនសង្ស័យនិងជនរងគ្រោះ បានប្រកែកគ្នា ហើយមួយសន្ទុះក្រោយមក ស្រាប់តែកូនតិរច្ឆានរបស់ខ្លួន រត់ទៅយកកាំបិតកាប់ទៅលើ ឪពុកបង្កើត ចំនួន៤កាំបិតចំថ្ងាស១កន្លែង- ចំចិញ្ចើមខាងឆ្វេង១កន្លែង-ចំ ថ្ពាល់ខាងឆ្វេង១កន្លែង និងចំសៀតផ្កា១កន្លែង បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ បន្ទាប់មកក្រុមគ្រួសារបានបញ្ជូនមកសម្រាកព្យាបាលនៅមណ្ឌលសុខភាពក្រវាញ ហើយរត់ទៅប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ក្នុងរឿងនេះ ។
លោកវរសេនីយ៍ទោ តាន់ គារិទ្ធ អធិកានគរបាលសស្រុកភ្នំក្រវាញ បានឱ្យដឹងថា ក្រោយពីទទួលបានការផ្តល់ព័ត៌មានពីក្រុមគ្រួសារជនរងគ្រោះ សមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ ធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ គិត គាលី យកកាន់អធិការដ្ឋាននគរបាលស្រុកតែម្តង ៕