ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចៅក្រមកាយសម្ព័ន្ធអន្តរជាតិកម្ពុជា២រូបទៅចូលរួម សិក្ខាសាលានៅហ្វីលីពីន

107

​ភ្នំពេញ:យប់ម៉ិញ(១៣ឧសភា)ចៅក្រមកីឡាកាយសម្ព័ន្ធកម្រិតអន្តរជាតិកម្ពុជាចំនួន២រូបបាន ចេញដំណើរទៅកាន់ប្រទេសហ្វីលីពីន ហើយដើម្បីចូលរួមក្នុងសិក្ខាសាលាចៅក្រមអន្តរជាតិនៅទីនោះ ដើម្បីត្រៀមព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣០មកដល់ ។

​លោកណយ ផាណាដែលជាអគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាមានប្រសាសន៍ថា ចៅក្រមកម្ពុជាទាំង២រូបនោះគឺសោ សុផេង និងលោកវាស សារិទ្ធពួកគេសុទ្ធតែធ្លាប់បានទទួលការបណ្ដុះបណ្ដាលនៅប្រទេសជប៉ុន និង ចិនក្នុងថានៈជាចៅក្រមអន្តរជាតិ ។

​ពួកគេទាំង២នឹងត្រឡប់មកវិញនៅថ្ងៃទី១៧ឧសភា ។សិក្ខាសាលានេះមានប្រទេសចំនួន១១ក្នុងតំបន់អាស៊ីអាគ្នេយ៍ចូលរួមដែលនេះ ជាសិក្ខាសាលាមួយសម្រាប់ស៊ីហ្គេមលើកទី៣០ដើម្បីឲ្យ ពួកគេធ្វើការវិនិច្ឆ័យដោយភាពយុត្តិធម៌ក្នុងការផ្ដល់ពិន្ទុ ។

​សិក្ខាសាលានេះត្រូវបានគេប្រសិទ្ធិនាមថាMAG Judges Seminar Philippineដែលជាសិក្ខាសាលាលើប្រភេទកីឡាកាយសម្ព័ន្ធអាកទីស្ទិក(Artistic Gymnastic)សូមបញ្ជាក់ថាលោកវាស សារិទ្ធ និងលោកសោ សុផេងជាចៅក្រមកាយសម្ព័ន្ធអាអេរ៉ូប៊ិក(Aerobic Gymnastic)ពេលនេះពួកគេនឹងបានទទួលជំនាញបន្ថែមក្នុងការផ្ដល់ពិន្ទុ សម្រាប់កាយសម្ព័ន្ធអាកទីស្ទីក ។

​ធនធានមនុស្សមានសារៈសំខាន់ណាស់សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមពិសេសភាពយុត្តិធម៌របស់មន្ត្រីខាងកាត់ក្ដី នេះតែម្ដងអញ្ចឹងហើយទើបមុនពេលស៊ីហ្គេមមកដល់ប្រទេសដែលជាម្ចាស់ផ្ទះតែងតែរៀបចំសិក្ខាសាលាដើម្បីឲ្យអ្វីៗ ប្រព្រឹត្តិទៅដោយយុត្តិធម៌នោះ ។

អត្ថបទដែលជាប់ទាក់ទង