ព្រះមហាក្សត្រ ស្តេចយាងជាព្រះរាជាធិបតីភាព ដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីបុណ្យ រុក្ខទិវា នៅខេត្តកំពត
កំពត៖ នាវេលាព្រឹកថ្ងៃចន្ទ ទី ៩ ខែកក្កដា ឆ្នាំ២០១៨ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យ ស្តេចយាងជាព្រះរាជាធិបតីភាព ដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីបុណ្យ ” រុក្ខទិវា ” ប្រារព្ធឡើងនៅលើផ្ទៃដីជាង ៥០ ហិកតា ស្ថិតក្នុងស្ថានីយដាំកូនឈើថ្មរូង ភូមិព្រែកអំពិល ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត ដោយមានការចូលរួមអមដង្ហែរ ដោយបណ្តាឥស្សរជន ជាន់ខ្ពស់ នៃរាជរដ្ឋាភិបាល បណ្តាអង្គទូតនានា និងបងប្អូនប្រជានុរាស្រ្តយ៉ាងច្រើនកុះករ ។
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង មានព្រះរាជបន្ទូលថា ៣ ព្រៃឈើគឺជាសរសៃឈាម ក្នុងវិស័យកសិកម្មជាតិ ជាអាយុជីវិតប្រជាកសិករ និងជាខឿននៃសេដ្ឋកិច្ចជាតិ ដូច្នេះយើងត្រូវតែរួបរួមគ្នា ថែរក្សាការពារព្រៃឈើ និងដាំដើមឈើឲ្យបានគ្រប់ៗគ្នា ”
ព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់នៃព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
ព្រះរាជពិធីនោះក៏មានអញ្ជើញចូលរួមផងដែរ ពីសំណាក់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងសមាជិក សមាជិកានៃព្រឹទ្ធសភា រដ្ឋសភា ក៏ដូចជាសមាជិករាជរដ្ឋាភិបាល និងលោក លោកស្រី ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូតភ្ញៀវកិត្តិយសជាតិ អន្ដរជាតិ និងបងប្អូនជនរួមជាតិយ៉ាងច្រើនកុះករ។
សូមបញ្ជាក់ថា ដើមឈើមានសារសំខាន់ណាស់ ចំពោះជីវិត មនុស្ស សត្វ និងជីវៈចម្រុះគ្រប់ប្រភេទ។ វាផ្តល់សារប្រយោជន៍យ៉ាងច្រើនដូចជា ផ្តល់មកនូវម្លប់ ផ្លែផ្កា អុសសម្រាប់ដុត ជាឈើសំណង់ ជាជម្រកសត្វព្រៃ ជម្រកមច្ឆាជាតិ ជារបាំងខ្យល់ របាំងទឹកជំនន់ និងនាំមកនូវទឹកភ្លៀងសំរាប់បង្កបង្កើនផលចិញ្ចឹមជីវិតមនុស្សលោក។
បុណ្យរុក្ខទិវាបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៥២ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះបរមរតនកោដ ព្រះមហាវីរក្សត្រ ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ក្នុងគោលបំណងបំផុសចលនាដាំដើមឈើឡើងវិញ និងការថែរក្សាសម្បត្ដិព្រៃឈើជាតិ តែពិធីនេះបានអាក់ខានមួយរយៈ រហូតដល់ឆ្នាំ១៩៨៩ ទើបចាប់ផ្ដើមឡើងវិញ ក្នុងបំណងបន្ដប្រពៃណីរុក្ខទិវា និងស្ដារព្រៃឈើឡើងវិញ។
បុណ្យរុក្ខទិវានេះ គឺជាវប្បធម៌ដ៏ឧត្តម ដែលប្រជាជាតិកម្ពុជាបានចូលរួមយ៉ាងសកម្ម និងធ្វើឲ្យសកម្មភាពនៃទិវានេះមានជារៀងរហូតនៅក្នុងសង្គមជាតិយើង ដែលធ្វើឲ្យតំបន់ដីព្រៃរេចរិល ដាំដុះដីព្រៃឈើឡើងវិញ និងចូលរួមការពារព្រៃឈើដែលមានឲ្យគង់វង្សកាន់តែប្រសើរឡើង។ ពីមួយឆ្នាំទៅមួយឆ្នាំ យើងសង្កេតឃើញថា ទិវាដាំដើមឈើនេះ មានការចូលរួមពីសំណាក់ មហាជនជាច្រើន ជាពិសេសយុវជនដែល សសរទ្រូងនេះប្រទេសជាតិ ក្នុងគោលបំណង ថែរក្សា ការពារ និង បណ្តុះគំនិតស្រឡាញ់ ព្រៃឈើ និង បរិស្ថានធម្មជាតិ ដែលកំពុងតែរកការ កាប់បំផ្លាញ ដែលនាំឲ្យឈានទៅរកការបាត់បង់ បន្តិចម្តងៗ។
ហេតុដូចនេះហើយ យើងទាំងអស់គ្នាដែលជា អ្នកទទួលប្រយោជន៍ ពីដើមឈើនោះ គប្បីចូលរួម ដាំ ថែរក្សា ការពារ និង ស្រឡាញ់ ព្រៃឈើ និង បរិស្ថានធម្មជាតិ ឲ្យបានគ្រប់ៗគ្នា ដើម្បីជាប្រយោជន៏ ដល់ខ្លូនយើងផ្ទាល់ ជីវិតសត្វព្រៃគ្រប់ប្រភេទ និង ប្រពន្ធជីវៈចម្រុះ ផងដែរ៕