ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រកាសបិទសម័យប្រជុំរដ្ឋសភា នីតិកាលទី៥

129

ភ្នំពេញ៖ លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា នៅថ្ងៃទី៩ខែកក្កដា នេះបានថ្លែងថា សម័យប្រជុំរដ្ឋសភាលើកទី១០ នីតិកាលទី៥ ត្រូវបិទបញ្ចប់នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨នេះតទៅ។

លោក ឡេង ប៉េងឡុង បានថ្លែងថា អនុលោមតាមមាត្រា៨៣ វាក្យខណ្ឌទី២ កថាខណ្ឌទី១ នៃរដ្ឋធម្មនុញ្ញ និងប្រការ១ វាក្យខណ្ឌទី២ នៃបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា ដែលចែងថា ” សម័យប្រជុំរដ្ឋភានីមួយៗ មានថិរវេលាយ៉ាងតិចបីខែ ” ។ សម័យប្រជុំរដ្ឋសភាលើកទី១០ នីតិកាលទី៥ បានចាប់ផ្លើមដំណើរការនៅថ្ងៃទី៩ខែមេសា ឆ្នាំ២០១៨ មកដល់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៨ មានរយៈពេលបីខែគត់ ក្នុងរយៈពេលនេះ រដ្ឋសភា សម្រេចបានលទ្ធផលការងារ ៖ ១) អនុម័តសេចក្តីព្រាងច្បាប់បានចំនួន១០ ដែលស្នើឡើងដោយរាជរដ្ឋាភិបាល ២)បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ចំនួន២រូប។

លោកបន្តថា ដំណើរការរបស់រដ្ឋសភាពេញមួយអាណត្តិទី៥នេះ បានប្រព្រឹត្តទៅដោយភាពល្អប្រសើរ និងគោរពទៅតាមរដ្ឋធម្មនុញ្ញរបស់កម្ពុជា។ លោកបន្តថា ដំណើរការពេញមួយអាណត្តិរបស់រដ្ឋសភា បានជួយជំរុញឲ្យលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាដំណើរការទៅដោយភាពល្អប្រសើរ។

សូមបញ្ជាក់ថា រដ្ឋសភានីតិកាលទី៥ បានបើកសម័យប្រជុំដំបូងក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ព្រះករុណា ព្រះបាទសម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃចន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០១៣។ តំណាងរាស្រ្ត​បានធ្វើសច្ចាប្រណិធាន នៅព្រះបរមរាជវាំង មុនចូលកាន់តំណែងនៅរសៀលថ្ងៃដដែល។

រដ្ឋសភាបានប្រជុំក្រោមអធិបតីភាព សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ព្រឹទ្ធសមាជិករដ្ឋសភា ​ដើម្បីបោះឆ្នោតជ្រើសតាំង​ប្រធាន អនុប្រធាន រដ្ឋសភា ប្រធាន អនុប្រធានគណៈកម្មការជំនាញ និងផ្តល់សេចក្តីទុកចិត្តរាជរដ្ឋាភិបាល នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣។

បើទោះបីជាយ៉ាងណាការបើសម័យប្រជុំរដ្ឋសភាលើកដំបូងនេះ មានភាពរកាំរកូសមួយចំនួនផងដែរ ព្រោះតែតំណាងរាស្ត្រចំនួន ៥៥រូបមកពីគណបក្សសង្គ្រោះជាតិ មិនចូលរួមបើកសម័យប្រជុំលើកដំបូង ហើយនាំគ្នាទៅស្បថនៅឯប្រាសាទអង្គរវត្តទៅវិញ ទុកឲ្យតំណាងរាស្ត្រ មកពីគណបក្សប្រជាជនកម្ពុជា ៦៨រូបស្បថ ចូលបម្រើការងារ ដោយគ្មានតំណាងរាស្ត្រ មកពីគណបក្សសំឡេងភាគតិច។

ក្នុងអាណត្តិទី៥ មានព្រឹត្តិការណ៍សំខាន់ៗជាច្រើន បានកើតឡើងនៅវិមានរដ្ឋសភា ហើយក៏មានការតស៊ូមតិ និងការកោះហៅរដ្ឋមន្ត្រីចូលបំភ្លឺលើការងាររបស់ខ្លួន ដែលធ្វើឲ្យការចាប់អារម្មណ៍ខ្លាំងណាស់ផងដែរ។ ព្រឹត្តិការណ៍ដែលគេចាប់អារម្មណ៍ខ្លាំងទៀតនោះ គឺតំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិ៥៥រូប ត្រូវបានបាត់បង់តំណែងទាំងអស់ បន្ទាប់ពីគណបក្សរបស់ពួកគេ ត្រូវបានតុលាការកំពូលកាត់រំលាយចោល នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ហើយតំណែងរបស់ពួកគេ ត្រូវបានយកទៅប្រគល់ជូនគណបក្សហ្វ៊ុនស៊ិនប៉ិច ដែលបានចូលរួមបោះឆ្នោតកាលពីឆ្នាំ២០១៣៕

   

អត្ថបទដែលជាប់ទាក់ទង