គ្រោះថ្នាក់រថយន្តនិងម៉ូតូ បណ្ដាលឲ្យស្ត្រីវ័យក្មេង ទាំង២នាក់ស្លាប់
ខេត្តព្រះសីហនុ៖ គ្រោះថ្នាក់ចរាចររវាងរថយន្តនិងម៉ូតូ បណ្ដាលឲ្យជនរងគ្រោះជាស្ត្រីវ័យក្មេងទាំង២នាក់ ភាគីខាងម៉ូតូ ស្លាប់ទាំង២នាក់ ដែលហេតុការណ៍នេះ បានកើតឡើងនៅកែងផ្លូវជិតមីហិរ ក្នុងសង្កាត់លេខ២ ក្រុងព្រះសីហនុ កាលពីម៉ោងជិត៨យប់ ថ្ងៃទី៨ កក្កដា ២០១៨ ។
មន្ទីរព័ត៌មានខេត្តព្រះសីហនុ បានឲ្យដឹងថា ការស្លាប់ក្មេងស្រីទាំង ២នាក់នេះ ក្នុងពេលដែលក្រុមគ្រួសារ កំពុងព្យាយាមជួយសង្គ្រោះ បញ្ជូនយកទៅព្យាបាលបន្ត ប៉ុន្តែអាការៈរបួសធ្ងន់ធ្ងរពេក មិនអាចជួយសង្គ្រោះបានឡើយ។ ជនរងគ្រោះទី១ ឈ្មោះ ស៊ន គន្ធី អាយុ២៣ឆ្នាំ ហើយជនរងគ្រោះទី២ឈ្មោះ កែវ ណាលីន អាយុ២៣ឆ្នាំ អ្នកទាំង២មានស្រុកកំណើតនៅខេត្តកំពត និងជាមន្ត្រីធ្វើការនៅមន្ទីរផែនការខេត្តព្រះសីហនុ។
យោងតាមរបាយការណ៍របស់នគរបាលចរាចរណ៍ បញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កដោយ រថយន្ត ១គ្រឿងម៉ាក COROLLA ពណ៌ ទឹកមាស ពាក់ផ្លាកលេខភ្នំពេញ2V-1280 បើកបរដោយឈ្មោះ កែវ វាសនា ភេទ ប្រុស អាយុ ៣៤ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅភូមិ៣ សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ មានទិសដៅពី មហោស្រពចាស់ ឆ្ពោះទៅ ផ្លូវកោះទន្សាយ លុះដល់ចំណុចខាងលើក៏បានបុកពីខាងក្រោយម៉ូតូ ១គ្រឿង ម៉ាក HONDA WAVE ពណ៌ ខ្មៅ ពាក់ផ្លាកលេខព្រះសីហនុ1F-2051 បើកបរដោយឈ្មោះ កៅ ណាលីន ភេទ ស្រី អាយុ ២៣ឆ្នាំ មុខរបរ មន្ត្រីមន្ទីរផែនការ មានទីលំនៅភូមិ២ សង្កាត់លេខ២ ក្រុង/ខេត្តព្រះសីហនុ មានអ្នករួមដំណើរម្នាក់ឈ្មោះស៊ន គន្ធីភេទ ស្រី អាយុ ២៣ឆ្នាំ មានទីលំនៅដូចគ្នាដែលបើកបរមានទិសដៅស្របគ្នា។ ភ្លាមៗភាគីខាងម៉ូតូរបួសធ្ងន់ធ្ងរ និងក្រោយមកបានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ។
ចំណែកអ្នកបើកបររថយន្ត នគរបាលបាននាំខ្លួន មកកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់ ដោយនាំយកវត្ថុតាងរថយន្ត និង ម៉ូតូ មករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកផងដែរ៕