ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកសុខ ទូច លើកហេតុផល៥យ៉ាងថា លោកសម រង្ស៊ីច្បាស់ជាមិនមកស្រុកខ្មែរវិញនោះទេ

411


ភ្នំពេញ៖ លោកសុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា កាលពីថ្ងៃទី១៦ឧសភា បានសរសេរលើហ្វេសប៊ុកថា ថ្មីៗនេះ លោកសម រង្ស៊ីអតីតប្រធានគណបក្សសង្គ្រោះជាតិបានលើកឡើង ថាលោកនឹងវិលចូលមកកម្ពុជាវិញ ប៉ុន្តែបើតាមការវិភាគរបស់ខ្ញុំ ខ្ញុំយល់ថាលោកសម រង្ស៊ីច្បាស់ជាមិនមកនោះទេ ។

លោកសុខ ទូច បានបញ្ជាក់ថា ដោយខ្ញុំឈរលើហេតុផល៥យ៉ាង៖
ទី១. លោកសម រង្ស៊ីធ្លាប់បានសន្យាថានឹងវិលមកកម្ពុជាវិញជាច្រើនលើកមកហើយ តែធាតុពិតគាត់បានត្រឹមសន្យាខ្យល់ដើម្បីប្រជាភិថុតិមហាជនប៉ុណ្ណោះជាក់ស្តែង នៅថ្ងៃ ១៦ វិច្ឆិកា ២០១៥ នៅថ្ងៃទី១៩ តុលា ២០១៦ នៅ ថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០១៧ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩។
ទី២. កាលពីរចនាសម្ព័ន្ធ CNRP នៅមានគាត់បានលាលែង ហើយដេករង់ចាំមើលសកម្មភាពរាជរដ្ឋាភិបាលកម្ពុជា
ទី៣. ភរិយារបស់គាត់អាចនឹងមិនផ្តល់ឱកាសឱ្យគាត់បានវិលមកកម្ពុជានោះទេ ព្រោះអ្នកលេងនយោបាយនៅពីខាងក្រោយឆាកគឺប្រពន្ធគាត់ មិនមែនលោកសម រង្ស៊ីឡើយ។
ទី៤.លោកសម រង្ស៊ីអាចធ្វើព្យុះ ធ្វើភ្លៀងបានពេលខ្លួននៅក្រៅស្រុក តែពេលខ្លួនចូលស្រុកខ្លួនបានលើកជើងពានជូនសម្តេចតេជោហ៊ុន សែនទៅវិញ ដូចជា ករណីវិសោធនកម្មរដ្ឋធម្មនុញ្ញពី២/៣ មក៥០+ ១ វិសោធនកម្មច្បាប់ក្រោយពេលបោះឆ្នោត លទ្ធផលនៃការបោះឆ្នោតឆ្នាំ២០១៨ គណបក្សប្រជាជនកម្ពុជាបានទទួលសំឡេងឆ្នោតគាំទ្ររហូតទៅដល់៨២,០៣% (ដេកផ្ទះឈ្នះឯង)
ទី៥. លោកសម រង្ស៊ីគាត់នឹងមកកម្ពុជាដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល និងមកចាប់សម្តេចតេជោហ៊ុន សែន តើគាត់ចាប់ដោយរបៀបណា? បើពេលខ្លួននៅមានសមត្ថភាពនិងលទ្ធភាព លោកធ្វើអ្វីមិនកើតផង ចុះទម្រាំពេលនេះ ខ្លួនជាទណ្ឌិត ហើយជាប់បណ្តឹងជាច្រើនករណីផ្សេងទៀតនោះ? ដូច្នេះ រដ្ឋាភិបាលមានសិទ្ធិគ្រប់គ្រាន់ដើម្បីការពាររដ្ឋធម្មនុញ្ញ និងរក្សានូវសណ្តាប់ធ្នាប់សង្គម។

ជារួមមក អ្វីដែលលោកសម រង្ស៊ីបំផុសចលនាវិលចូលស្រុកនេះ វាគ្រាន់តែជាសារមួយប្រាប់ទៅមហាជនថា សម រង្ស៊ីមិនដេកលក់ទេ ហើយខ្លួនអាចធ្វើអាជីវកម្មក្នុងការប្រមូលថវិកាពីការវិលចូលស្រុកនេះទៀតផង។ ម្យ៉ាងវិញទៀត សកម្មភាពរបស់លោកដែលនៅកូរ៉េកាលពីពេលថ្មីៗនេះ ថាជាភាពជោគជ័យ ប៉ុន្តែបើយើងក្រឡេកមកមើលពីចំនួនអ្នកចូលរួមក្នុងមហាបាតុកម្មភ្លើងទៀនកាលពីចុងខែមេសានេះគឺមិនដល់១ម៉ឺននាក់ផង ខណៈពេលដែលពលករខ្មែរនៅកូរ៉េមានដល់ជាង៦ម៉ឺននាក់ឯណោះ។ ជាងនេះទៅទៀតក្រោយបាតុកម្មនោះចប់ ក្រុមយុវជននៅកូរ៉េបានបែកបាក់ផ្ទៃក្នុងទៀតផង។

បើតាមផេកហ្វេសប៊ុក កាលពីថ្ងៃទី១៥ ឧសភា ២០១៩ លោកសម រង្ស៊ី បានសរសេរថា សូមបងប្អូន កូនក្មួយ មកតាមខ្ញុំ។ យើងទៅស្រុកយើងវិញ ទៅផ្ទះយើងវិញ ទៅដណ្តើមយកប្រទេសយើងមកវិញ ពីជនក្បត់ជាតិ ហ៊ុន សែន។ យើងទៅរៀបចំស្រុកខ្មែរឡើងវិញ ទៅជួយអ្នកក្រីក្រនិងអ្នកទន់ខ្សោយ ធ្វើយ៉ាងណាឲ្យកូនខ្មែរគ្រប់រូប រស់បានយ៉ាងសុខសាន្ត សម្បូរសប្បាយ និងថ្លៃថ្នូរ លើទឹកដីកំណើតរបស់ខ្លួន ក្នុងសង្គមមួយ ប្រកបដោយសេរីភាព និងយុត្តិធម៌៕

អត្ថបទដែលជាប់ទាក់ទង