ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្មករសន្លប់ប្រមាណ ៥០នាក់ នៅរោងចក្រប៉ុសតឹសហ្វូតវែ ខេត្តតាកែវ

117

តាកែវ៖ នៅព្រឹកថ្ងៃចន្ទ ទី៩ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោងប្រមាណ ៧ និង ៥០នាទីព្រឹក មានករណីកម្មករដួលសន្លប់នៅរោងចក្រ ប៉ុន តឹស ហ្វូតវែ មានអាសយដ្ឋាននៅផ្លូវជាតិលេខ០៣ ស្ថិតក្នុងភូមិខ្លាគ្រហឹម ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ (ខាងជើងផ្សារអង្គតាសោម ចំងាយប្រមាណ ២០ម៉ែត្រ)។

នៅក្នុងហេតុការណ៍នេះ មានកម្មករ កម្មការិនីសរុបប្រមាណ ៥០នាក់ បានដួលសន្លប់។ មូលហេតុដែលបណ្តាលឱ្យមានករណីសន្លប់នេះ ផ្តើមចេញពីកម្មករម្នាក់ បានវៃឡេវត្រូវម្រាមដៃ បណ្តាលឱ្យបែកចុងម្រាម និងស្រែកខ្លាំងៗ បណ្តាលឱ្យកម្មករ កម្មការិនីធ្វើការនៅក្បែរនោះ ឃើញភ័យស្លន់ស្លោ និងទន់ដៃជើងបណ្តាលឱ្យដួលសន្លប់តៗគ្នា(ជំងឺស្នេហ៍ហ្វូង) តែម្តងទៅ។

ពេលទទួលបានព័ត៌មានភ្លាម ក្រុមការងារ ប.ស.ស សាខាខេត្តតាកែវ បានសហការជាមួយសមត្ថកិច្ចមូលដ្ឋាន និងរដ្ឋបាលរោងចក្រ ចុះទៅសម្របសម្រួល និងបញ្ជូនជនរងគ្រោះទៅសង្គ្រោះបន្ទាន់ និងសម្រាកព្យាបាលភ្លាមនៅមូលដ្ឋានសុខាភិបាល មានមន្ទីពេទ្យបង្អែកអង្គរកា និងមន្ទីរពេទ្យ តុង ប៊ុនធឿន។

រាល់ថ្លៃសេវាដឹកជញ្ជូនជនរងគ្រោះ ថ្លៃពិនិត្យ និងព្យាបាលរហូតដល់ជាសះស្បើយជាបន្ទុកទាំងស្រុងរបស់ ប.ស.ស និងអត្ថប្រយោជន៍ជាច្រើនទៀតពី ប.ស.ស ។

សូមបញ្ជាក់ផងដែរថា ស្ថានភាពខាងរោងចក្រ បានឱ្យកម្មករ កម្មការិនីឈប់សម្រាកពីការងាររយៈពេល ១ថ្ងៃ៕

 

អត្ថបទដែលជាប់ទាក់ទង