យកឈ្មោះ និងរូបសម្ដេចតេជោ ហ៊ុន សែន ទៅប្រើប្រាស់ខុសច្បាប់ សមត្ថកិច្ចចុះបិទ និងឃាត់ខ្លួនប្រធានក្រុមហ៊ុន GCG Asia
ភ្នំពេញ៖សមត្ថកិច្ចចម្រុះ និងមន្រ្តីធនាគារជាតិ បានចុះទៅបិទ
ក្រុមហ៊ុន GCG Asia Co., LTD ដែលបានយកឈ្មោះ និងរូបសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ទៅបង្ហោះក្នុងគេហទំព័ររបស់ខ្លួន ដោយខុសច្បាប់ និងមានប្រតិកម្មភ្លាមៗ ពីប្រមុខនៃរាជរដ្ឋាភិបាល ត្រូវបានចុះបិទនិងឃាត់ខ្លួនប្រធានក្រុមហ៊ុននេះ នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩នេះ។ ក្រុមហ៊ុន GCG Asia ស្ថិតនៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
មន្រ្តីនគរបាលជាន់ខ្ពស់នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានថ្លែងប្រាប់ថា កម្លាំងនគរបាល ក៏បានឃាត់ខ្លួនប្រធានក្រុមហ៊ុនទាំង២នាក់ ប្តីប្រពន្ធ ជាជនជាតិម៉ាឡេស៊ី យកទៅសួរនាំដើម្បីចាត់ការបន្តទៀត ហើយឥឡូវកម្លាំងរបស់សមត្ថកិច្ច សហការជាមួយមន្រ្តីធនាគារជាតិ បានចុះឆែកឆេរ និងបានបិទអាជីវកម្មជាបណ្តោះអាសន្ន រួមទាំងឃាត់ខ្លួនប្រធានក្រុមហ៊ុនទាំង២នាក់ប្តីប្រពន្ធជនជាតិម៉ាឡេស៊ី យកទៅសួរនាំ។ ក្រុមហ៊ុនខាងលើអាចជាប់ព័ន្ធការលាងលុយកខ្វក់ និងឆបោកលុយពីប្រជាពលរដ្ឋនៅតាមបណ្តាខេត្ត តែយ៉ាងណានោះរង់ចាំការសួរនាំបន្តទៀត។
លោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានថ្លែងថា កម្លាំងជំនាញរបស់អគ្គស្នងការដ្ឋានគរបាលជាតិ បានបើកកិច្ចប្រជុំបន្ទាន់ជាមួយលោក ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា ដើម្បីសម្រេចចុងក្រោយ ឈានទៅរកការបន្តនីតិវិធីតាមផ្លូវច្បាប់ចំពោះថៅកែក្រុមហ៊ុននោះ។
សម្តេចតេជោ ហ៊ុន សែន បានចេញមកប្រកាសអំពីដំណឹងសន្តិសុខជាតិបន្ទាន់មួយ ថា ក្រុមហ៊ុនមួយឈ្មោះ GCG Asia Co., LTD បានយករូបថត និងឈ្មោះសម្តេច ទៅបង្ហោះនូវលើ Website របស់ខ្លួន ដោយបានអះអាងសម្តេចនឹងចូលរួមសម្ពោធក្រុមហ៊ុននេះ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ខាងមុខនេះ។
ក្រុមហ៊ុនបានយកឈ្មោះ ធនាគារជាតិកម្ពុជា និងធនាគារចិនថាជាដៃគូទទួលខុសត្រូវក្នុងជំនួញជួញដូរ Crypto Currency ប៉ុន្តែក្រុមហ៊ុននេះ ត្រូវបានស្ថានទូតឥណ្ឌូណេស៊ី បញ្ជាក់ថា ជាក្រុមហ៊ុនរកស៊ីមិនត្រូវ និងដាក់ក្នុងបញ្ជីខ្មៅទៅហើយ។
សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុងហ្វេសប៊ុកកាលពីថ្ងៃទី១៦ឧសភាថា៖ «ដំណឹងសន្តិសុខជាតិបន្ទាន់ ! កាលពីពេលថ្មីៗនេះ មានក្រុមហ៊ុន ឈ្មោះ GCG Asia Co., LTD បានយករូបថតខ្ញុំ និងឈ្មោះខ្ញុំ ទៅបង្ហោះនៅក្នុង Website របស់ក្រុមហ៊ុន http://gcgasiacoin.com/ ដែលនិយាយថា ខ្ញុំជាអ្នកគាំទ្រ និងចូលរួមសម្ពោធកាត់ខ្សែបូក្រុមហ៊ុន នៅក្នុងប្រទេសកម្ពុជានៅថ្ងៃទី ២០ ខែ ឧសភា ២០១៩។ ទន្ទឹមនឹងនោះ ក្រុមហ៊ុននេះ បានយកឈ្មោះធនាគារជាតិ និងធនាគារចិននៅកម្ពុជាថា ជាដៃគូទទួលខុសត្រូវក្នុងជំនួញដូរលុយ ក្នុងរូបភាពគ្រីបតូឃឺរិនស៊ី (Crypto Currency)។ តាមព័ត៌មានពីស្ថានទូតឥណ្ឌូណេស៊ីនៅកម្ពុជា គឺបញ្ជាក់ថា GCG Asia ជាក្រុមហ៊ុនរកស៊ីមិនត្រឹមត្រូវហើយ ត្រូវបានដាក់ចូលក្នុង Black List»។
សម្តេចតេជោ ហ៊ុន សែន តាមរយៈហ្វេសប៊ុកផ្លូវការ នៅយប់ថ្ងៃទី១៦ឧសភានេះបានប្រកាសថា ក្នុងនាមខ្ញុំជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមបដិសេធន៍ព័ត៌មានដែលផ្សាយក្នុងវេបសាយរបស់ក្រុមហ៊ុនខាងលើនេះគឺមិនពិតទេ។ សូមអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ឋទាំងអស់ពិនិត្យតាមដាន និងស្រាវជ្រាវរកមុខជនខិលខូចយកមកផ្តន្ទារទោសតាមច្បាប់ជាធរមានជាបន្ទាន់។
សូមបងប្អូនប្រជាពលរដ្ឋ និងពាណិជ្ជករទាំងក្នុងនិងក្រៅប្រទេសមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការទិញដូរប្រាក់ដែលគ្មានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា៕