ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រារព្ធទិវាជាតិនៃការចងចាំ ២០ឧសភា នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក

190

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី20ឧសភា2019 នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក មានការប្រារព្ធទិវាជាតិនៃការចងចាំ ដើម្បីគោរពវិញ្ញាណក្ខ័ន្ធ និងរាប់បាតព្រះសង្ឃចំនួន207អង្គ ដើម្បីឧទ្ទិសកុសលជូនដល់បុព្វបុរស និង ប្រជាជនដែលបានស្លាប់បាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ ដែលចូលរួមដោយគណ:អធិបតី និងប្រជាជនជាច្រើន នៅពេលព្រឹកក្នុងបរិវេណ និងនៅជុំវិញមណ្ឌល។

២០ឧសភាទិវាជាតិនៃការចងចាំគឺជាអ្វី ?

ថ្ងៃទី២០ ឧសភានេះគឺជា «ទិវាជាតិនៃការចងចាំ» ដែលរំលឹកដល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្ម ដែលបានកើតឡើងក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត (១៧ មេសា ១៩៧៥ -៦ មករា ១៩៧៩)។

គោលបំណនៃទិវាជាតិនៃការចងចាំនេះ គឺបង្កើតឡើងដើម្បីរំលឹក គោរពវិញ្ញាណក្ខន្ធ និងធ្វើបុណ្យឧទ្ទិសកុសលដល់ជនរងគ្រោះដែលបានស្លាប់ជាង៣លាននាក់ នៅក្នុងរបបប៉ុលពតដ៏ឃោរឃៅ។

គួររំ​លឹក​ថា ទិវាចងចាំ ២០ ឧសភា កន្លងទៅត្រូវបានគេហៅថា «ទិវាចងកំហឹង»។ ទិវានេះ​ត្រូវបានសភា​នៃសាធារណរដ្ឋ​ប្រជាមានិត​កម្ពុជានៅឆ្នាំ១៩៨៣ កំណត់យកជាថ្ងៃចងកំហឹងទៅនិងរបបខ្មែរក្រហមដែលបានកាប់សម្លាប់​ប្រជា​ពលរដ្ឋ​។

ថ្ងៃទី២០ ខែឧសភា ឆ្នាំ១៩៧៣ គឺជាថ្ងៃកំណើត​សហករណ៍របស់របបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហមបាន ហើយបានបន្តសង្គ្រាមរហូតឈានដល់ការគ្រប់គ្រងរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។

«ទិវាជាតិនៃការចងចាំ» ទើបនឹងត្រូវរាជរដ្ឋាភិបាលកម្ពុជា កំណត់ជាថ្ងៃបុណ្យជាតិ​ កាលពីថ្ងៃ​ទី​១៤​ ​ខែ​កុម្ភៈ ​ឆ្នាំ​២០១៨​។​ ការកំណត់យកថ្ងៃនេះធ្វើជា​ថ្ងៃ​បុណ្យ​ជាតិ​ផ្លូវការ ​សម្រាប់​ជា​ការ​រំឭក​ដល់​ជន​រងគ្រោះ​ ​និង​ការ​ឈឺចាប់​ពី​ឧក្រិដ្ឋកម្ម​ដែល​កើត​មាន​ក្នុង​របបកម្ពុជា​ប្រជា​ធិបតេយ្យ​ចាប់ពីថ្ងៃទី​១៧ ​ខែ​មេសា​ ​ឆ្នាំ​១៩៧៥​ ​ដល់​ថ្ងៃទី​៦ ​ខែ​មករា​ឆ្នាំ​១៩៧៩។

២០ឧសភាគឺជាថ្ងៃកាន់មរណទុក្ខ ដែលប្រជាជនកម្ពុជាបានចារឹកជាប់ក្នុងបេះដូងមិនអាចបំភ្លេចបាន
​គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានរៀបចំទិវាជាតិនៃការចងចាំដោយមាននិមន្តព្រះសង្ឃចំនួន២០៧អង្គបង្សុកូលរាប់បាត្រដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធបុព្វបុរស និងប្រជាជន ដែលបានស្លាប់បាត់បង់ជីវិត ក្រោមរបបប្រល័យពូជសាសន៍ ដែលពិធីនេះបានធ្វើឡើងនៅមជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯក ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ នាថ្ងៃទី២០ឧសភា ដែលមានការចូលរួមពីថ្នាក់ដឹកនាំរាជធានីភ្នំពេញ និងមានការអញ្ជើញចូលរួមពីមន្ត្រី ជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាជាច្រើនរូប និងមានប្រជាពលរដ្ឋចូលរួមប្រមាណ។

​មន្ត្រីរដ្ឋាភិបាល និងមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ មន្ត្រីរាជការ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋបានបានដាក់កម្រងផ្កា និងអុជធូប ដោយសម្រួមកាយវាចាចិត្តនៅចំពោះមុខស្តូបតម្កល់អដ្ឋិធាតុជនរងគ្រោះប្រមាណ៨.៩៨៥នាក់ ដែលត្រូវបានគេគាស់ចេញពីរណ្តៅសព រួមចំនួន៨៦រណ្តៅ ដែលត្រូវពួកឃាតករអាវខ្មៅ យកមកសម្លាប់នៅជើងឯកនេះ ដោយយកចេញពីគុកទួលស្លែងកណ្តាលក្រុងភ្នំពេញ ហើយក៏សូមឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធជនរងគ្រោះទាំងជិត១ម៉ឺននាក់សូមទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ថ្វីត្បិតស្រមោលអន្ធកាលដ៏ខ្មៅងងឹតបានកន្លងផុតទៅជាង៣ទសវត្សរ៍ក៏ដោយចុះ តែស្លាកស្នាមនៃសោកនាដកម្មប្រល័យពូជសាសន៍ នៅតែដក់ជាប់ក្នុងបេះដូងកូនខ្មែរគ្រប់ៗរូប និងហាក់ដូចជានៅថ្មីៗ ស្រស់ៗនៅឡើយ។ មហាសោកនាដកម្ម និងវិនាសកម្មប្រល័យពូជសាស៍នៃរបបដ៏ព្រៃផ្សៃ៣ឆ្នាំ ៨ខែនិង២០ថ្ងៃ បានធ្វើឲ្យជីវិតជនស្លូតត្រង់ នៃប្រជាជនកម្ពុជាជាង៣លាននាក់ ត្រូវបានគេកាប់សម្លាប់ និងរាប់លាននាក់ទៀត ត្រូវព្រាត់ប្រាស់បែកបាក់គ្រួសារ ហើយក៏ពុំមានគ្រួសារខ្មែរណាម្នាក់ ដែលដែលមិនបាត់បង់សមាជិកគ្រួសារនោះទេ។ ស្ត្រីមេម៉ាយ ក្មេងកំព្រា និងជនពិការជាដើម មាននៅពាសពេញផ្ទៃប្រទេស ក្រោមស្នាដៃតែមួយ នៃរបបកម្ពុជាប្រជាធិបតេយ្យប្រល័យពូជសាសន៍៣ឆ្នាំ៨ខែនិង២០ថ្ងៃ។ ថ្ងៃ២០ឧសភា ក៏ជាសាររំលឹកទៅដល់កូនខ្មែរគ្រប់រូប ក៏ដូចមនុស្សជាតិលើសាកលលោក កុំភ្លេចនូវរបបប្រល័យពូជសាសន៍ដ៏សាហាវឃោរឃៅ​និងគួរឲ្យស្អប់ខ្ពើមនេះ។ គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ ក៏ដូចជា រាជរដ្ឋាភិបាល គឺជាស្ថាបនិកតែមួយគត់ ក្នុងការទប់ស្កាត់មិនឲ្យរបបប្រល័យពូជសាសន៍នេះ កើតមានជាលើកទី២ នៅលើទឹកដីអង្គរនៃយើង និងរួមគ្នាថែរក្សាសុខសន្តិភាព ដែលរាជរដ្ឋាភិបាលខំប្រឹង រកបានដោយលំបាកនេះឲ្យបានស្ថិតស្ថេរគង់វង់ ក៏ដូចរួមគ្នាទប់ស្កាត់ឲ្យបាន នូវរាល់ឧបាយកលរបស់ពួកអគតិ ដែលមានបំណងនាំប្រទេសកម្ពុជា ឲ្យទៅធ្លាក់ក្នុងរណ្តៅមរណៈជាថ្មី និងបង្កអសន្តិសុខ ប៉ះពាល់ស្ថិរភាពសង្គម និងសណ្តាប់ធ្នាប់សាធារណៈ ក៏ដូចជាភាពសុខសាន្ត របស់ប្រជាពលរដ្ឋផងដែរ៕

អត្ថបទដែលជាប់ទាក់ទង