លោក គួច ចំរើន៖ សុខសន្តិភាពដែលកម្ពុជា កំពុងមានពេលនេះ បានផ្ដល់ភាពសុខសាន្តដល់ប្រជាជនគ្រប់រូបនិងដល់គ្រប់សាសនាថែមទៀត
កំពង់ចាម ៖ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម លោក គួច ចំរើន បានលើកឡើងថា សុខសន្តិភាពដែលកម្ពុជា កំពុងមាននាពេលនេះ មិនត្រឹមតែផ្ដល់ភាពសុខសាន្តដល់ប្រជាជនគ្រប់រូបប៉ុណ្ណោះទេ គឺបានផ្ដល់ភាពសុខសាន្តដល់គ្រប់សាសនាថែមទៀតផង។ ដូច្នេះទេសូមឲ្យបងប្អូនប្រជាពលរដ្ឋ យើងចូលរួមថែរក្សានូវសុខសន្តិភាព ដែលយើងទទួលបានមកដោយលំបាក ដោយការលះបង់ដោយការឈឺចាប់រាប់មិនអស់នេះ អោយបានគង់វង្សយូរអង្វែងសម្រាប់យើង និងកូនចៅយើងច្រើនជំនាន់បន្តទៀត។
ការលើកលើកឡើងបែបនេះរបស់ លោក គួច ចំរើនបានធ្វើឡើង កាលពីល្ងាចថ្ងៃទី១៩ ខែឧសភា ឆ្នាំ ២០១៩ ខណៈដែលលោក និងលោក ស៊ឹម សុខ ព្រី អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាអីមាំខេត្តកំពង់ចាម ព្រមទាំងមន្ត្រីពាក់ព័ន្ធ អញ្ជើញចូលរួមពិសាអាហារស្រាយបួស ជាមួយបងប្អូនសាសនិកខ្មែរឥស្លាម«រ៉ាម៉ាឌន»ប្រមាណជា៥៥០នាក់នៅបរិវេណវិហារនូរ៉ុលហ៊ូដា ស្ថិតក្នុងភូមិទី១៣ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។
លោក ស៊ឹម សុខព្រី អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាអីមាំ ខេត្តកំពង់ចាម បានថ្លែងអំណរគុណចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រ ក៏ដូចជាក្រសួងសុខាភិបាល ដែលបានអនុញ្ញាតឲ្យគ្រប់មន្ទីរពេទ្យរដ្ឋទាំងអស់ គឺមានរៀបចំជាកន្លែងថ្វាយបង្គុំ របស់អ្នកជំងឺខ្មែរ-ឥស្លាម ដែលទៅសម្រាកព្យាបាលជំងឺ ហើយនឹងរៀបចំកន្លែងថ្វាយបង្គុំ នៅតាមសាលារៀនជាបន្តបន្ទាប់ទៀតផង។
ថ្លែងក្នុងពិធីនោះដែរ លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម បានរំលឹកថា បន្ទាប់ពីប្រទេសកម្ពុជាយើង បានធ្លាក់ក្នុងភ្លើងសង្គ្រាម ជាពិសេសនៅជំនាន់ ប៉ុល ពត ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ដែលមានតែការកាប់សម្លាប់ គឺគ្មានសេរីភាពក្នុងការរស់នៅគោរពជំនឿសាសនា ហើយព្រះវិហារព្រះពុទ្ធសាសនា និងព្រះវិហារឥស្លាម ក៏ដូចជាព្រះវិហារសាសនាដទៃទៀត ត្រូវបានបំផ្លិចបំផ្លាញចោលគ្មានសេសសល់ ដោយគុណបុណ្យថ្ងៃរំដោះ ៧ មករា ១៩៧៩ យើងមាន ជីវិតរស់រានឡើងវិញ ជាមួយនឹងសិទ្ធិសេរីភាព និងការគោរពតាមជំនឿសាសនាក្រោមការ ដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើការអភិវឌ្ឍលើគ្រប់វិស័យជាបន្តបន្ទាប់រហូត ដល់មានការរីកចម្រើនដូចសព្វថ្ងៃនេះ។
លោកអភិបាលខេត្ត បានថ្លែងបន្តទៀតថា សុខសន្តិភាពដែលកម្ពុជា កំពុងមាននាពេលនេះ មិនត្រឹមតែផ្ដល់ភាពសុខសាន្តដល់ប្រជាជនគ្រប់រូបប៉ុណ្ណោះទេ គឺបានផ្ដល់ភាពសុខសាន្តដល់គ្រប់សាសនាថែមទៀតផង។ ដូច្នេះសូមឲ្យបងប្អូនប្រជាពលរដ្ឋ យើងចូលរួមថែរក្សានូវសុខសន្តិភាព ដែលយើងទទួលបានមកដោយលំបាក ដោយការលះបង់ដោយការឈឺចាប់រាប់មិនអស់នេះ អោយបានគង់វង្សយូរអង្វែងសម្រាប់យើង និងកូនចៅយើងច្រើនជំនាន់បន្តទៀត។
ជាមួយគ្នានោះ លោកអភិបាលខេត្ត ក៏បានកោតសរសើរ និងបានថ្លែងអំណរគុណចំពោះសាសនិកឥស្លាមកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំសាសនាឥស្លាមទាំងអស់ ដែលបានចូលរួមចំណែកថែរក្សា នូវសុខសន្តិភាព និងតាមរយៈការអញ្ជើញទៅចូលរួមបោះឆ្នោតកន្លងទៅនេះ ជាពិសេសអរគុណចំពោះការបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដើម្បីរក្សានូវសុខសន្តិភាព និងការអភិវឌ្ឍប្រទេសកម្ពុជា ឲ្យរីកចម្រើនបន្តទៅមុខទៀត៕