និមន្តព្រះសង្ឃ២០៧អង្គបង្សុកូលរាប់បាត្រដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធ័បុព្វបុរស និងប្រជាជនដែលបានស្លាប់នៅក្នុងរបបប្រល័យពូជសាសន៏ប៉ុល ពត
ភ្នំពេញ៖ គណៈអចិន្ត្រៃយ៏គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានរៀបចំទិវាជាតិនៃការចងចាំ ថ្ងៃទី២០ឧសភា ដោយបាននិមន្តព្រះសង្ឃចំនួន២០៧អង្គបង្សុកូលរាប់បាត្រដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធ័បុព្វបុរស និងប្រជាជនដែលបានស្លាប់បាត់បង់ជីវិតក្រោមរបបប្រល័យពូជសាសន៏។
ពិធីនេះបានធ្វើឡើងនៅមជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៏ជើងឯក ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ កាលពីព្រឹកថ្ងៃទី២០ឧសភា២០១៩ក្រោមវត្តមាន លោក ប៉ា សុជាតិវង្ស សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ លោកម៉ប់ សារិន អនុប្រធានប្រចាំការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោកឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ និងជាអភិបាលរាជធានីភ្នំពេញ មន្ត្រីគណបក្សប្រជាជនកម្ពុជាជាច្រើនរូប និងមានប្រជាពលរដ្ឋចូលរួមប្រមាណជិត៤០០០នាក់។
ក្នុងពិធីនេះមន្ត្រីរដ្ឋាភិបាល និងមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ មន្ត្រីរាជការ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋបានបានដាក់កំរងផ្កាដោយសំរួមកាយវាចាចិត្តនៅចំពោះមុខស្តូបតំកល់អដ្ឋិធាតុជនរងគ្រោះប្រមាណ៨.៩៨៥នាក់ដែលត្រូវបានគេគាស់ចេញពីរណ្តៅសពរួមចំនួន៨៦រណ្តៅ ដែលត្រូវពួកឃាតករអាវខ្មៅយកមកសម្លាប់នៅជើងឯកនេះដោយយកចេញពីគុកទួលស្លែងកណ្តាលក្រុងភ្នំពេញ ហើយក៏សូមឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធ័ជនរងគ្រោះទាំងជិត១ម៉ឺននាក់សូមទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ថ្វីត្បិតស្រមោលអន្ធកាលដ៏ខ្មៅងងិតបានកន្លងផុតទៅ៤ទស្សវត្សក៏ដោយចុះ តែស្លាកស្នាមនៃសោកនាដកម្មប្រល័យពូជសាសន៏ នៅតែដក់ជាប់ក្នុងបេះដូងកូនខ្មែរគ្រប់ៗរូបនិងហាក់ដូចជានៅថ្មីៗស្រស់ៗនូវឡើយ។
មហាសោកនាដកម្ម និងវិនាសកម្មប្រល័យពូជសាសន៏នៃរបបដ៏ព្រៃផ្សៃ៣ឆ្នាំ ៨ខែនិង២០ថ្ងៃបានធ្វើឲ្យជីវិតជនស្លូតត្រង់នៃប្រជាជនកម្ពុជាជាង៣លាននាក់ត្រូវបានគេកាប់សម្លាប់ និងរាប់លាននាក់ទៀត ត្រូវព្រាត់ប្រាស់បែកបាក់គ្រួសារ ហើយក៏ពុំមានគ្រួសារខ្មែរណាម្នាក់ដែលមិនបាត់បង់សមាជិកគ្រួសារនោះទេ។ស្ត្រីមេម៉ាយ ក្មេងកំព្រា និងជនពិការជាដើមមាននៅពាសពេញផ្ទៃប្រទេសក្រោមស្នាដៃតែ១នៃរបបកម្ពុជាប្រជាធិបតេយ្យប្រល័យពូជសាសន៏៣ឆ្នាំ៨ខែនិង២០ថ្ងៃ។
ថ្ងៃ២០ឧសភា ក៏ជាសាររំលឹកទៅដល់កូនខ្មែរគ្រប់រូបក៏ដូចមនុស្សជាតិលើសាកលលោកកុំភ្លេចនូវរបបប្រល័យពូជសាសន៏ដ៏សាហាវឃោឃៅនិងគួអោយស្អប់ខ្ពើមនេះ។គណបក្សប្រជាជនកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ជាប្រមុខ ក៏ដូចជារាជរដ្ឋាភិបាលគឺជាស្ថាបនិកតែ១គត់ក្នុងការទប់ស្កាត់មិនអោយរបបប្រល័យពូជសាសន៏នេះកើតមានជាលើកទី២នៅលើទឹកដីអង្គរនៃយើង និងរួមគ្នាថែរក្សាសុខសន្តិភាពដែលរាជរដ្ឋាភិបាលខំប្រឹងរកបានដោយលំបាកនេះឲ្យបានស្ថិតស្ថេរគង់វង់ ក៏ដូចរួមគ្នាទប់ស្កាត់ឲ្យបាននូវរាល់ឧបាយកលរបស់ពួកអគតិដែលមានបំណងនាំប្រទេសកម្ពុជាអោយទៅធ្លាក់ក្នុងរណ្តៅមរណៈជាថ្មី និងបង្កអសន្តិសុខ ប៉ះពាល់ស្ថេរភាពសង្គម និងសណ្តាប់ធ្នាប់សាធារណៈក៏ដូចជាភាពសុខសាន្តរបស់ប្រជាពលរដ្ឋផងដែរ៕