កូនស្លាប់ និងឪពុករងរបួសធ្ងន់ ដោយសារ ត្រូវម៉ូតូបុក
កោះកុង៖ ស្នងការដ្ឋាននគរបាលខេត្តកោះកុង បានឲ្យដឹងថា
នៅយប់ថ្ងៃទី ១៩ឧសភា២០១៩ វេលាម៉ោង ២៤.១០ នាទីអធ្រាត នៅចន្លោះ គីឡូម៉ែត្រលេខ ៤១ – ៤២ ស្ថិតនៅចំណុចភូមិធ្នង់ ឃុំកណ្ដោល ស្រុកបុទុមសាគរ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង បង្ករដោយ ម៉ូតូ បុកអ្នកថ្មើរជើង បណ្តាលអោយស្លាប់ ១ នាក់ និង រងរបួសធ្ងន់ ២ នាក់ ។
បង្កឡើងដោយម៉ូតូ អិចសេនទ័រ ពណ៌ក្រហមលាយខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ សុខ បូ ភេទប្រុស អាយុ ២៤ ឆ្នាំ មានទីលំនៅភូមិប្រលាន ឃុំកណ្តោល ស្រុកបុទុមសាគរ បានបើកបុកឪពុកកូន ២ នាក់ បណ្តាលឲ្យស្លាប់កូន និងឪពុករងបួសធ្ងន់ ជនរងគ្រោះឈ្មោះ រស្មី ចិត្រា ភេទប្រុស អាយុ ២៤ ឆ្នាំ មានទីលំនៅភូមិ. ឃុំថ្មស ស្រុកបុទុមសាគរ បណ្តាលឲ្យរងរបួសធ្ងន់ បានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ចំណែកឯកូនឈ្មោះ រស្មី ភារម្យ ភេទប្រុស អាយុ ៥ ឆ្នាំ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ រីឯជនបង្ករក៏រងរបួសធ្ងន់ដូចគ្នា ។ មូលហេតុ បើកបរមិនប្រុងប្រយ័ត្ន និងប្រើប្រាស់ល្បឿនហួសកំណត់ ។
បច្ចុប្បន្ន ករណីនេះ កម្លាំងសមត្ថកិច្ចយើង កំពុងធ្វើការដោះស្រាយ ៕