លោក ស ថេត បដិសេធចំពោះសារព័ត៌មាន ដែលចុះផ្សាយថាស្នងការក្រុង មានបំណងបង្កើតក្រុមកុម្ម៉ង់ដូថ្មី
ភ្នំពេញ៖ នៅថ្ងៃទី២២ឧសភានេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមបដិសេធទាំងស្រុងចំពោះសារព័ត៌មានទាំងឡាយដែលចុះផ្សាយថាស្នងការក្រុង មានបំណងបង្កើតក្រុមកុម្ម៉ង់ដូថ្មី ជាព័ត៌មានមិនគ្រប់ជ្រុងជ្រោយឡេីយ។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា លោក ឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានស្នើភាគីវៀតណាម ជួយបណ្ដុះបណ្ដាល និងបំប៉នជំនាញដល់ក្រុមកុម៉ង់ដូ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលលោកស្នងការ មានបំណងបង្កើតឡើង។
ស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ មានបំណងកែសម្រួល និងបំប៉នក្រុមអន្តរគមន៍ដែលមានស្រាប់ ឱ្យទៅជាក្រុមអន្តរាគមន៍ពិសេស ដោយក្រុមនេះ នឹងត្រូវទទួលវគ្គបំប៉នជំនាញបន្ថែមទាំងក្នុង និងក្រៅប្រទេស។
ថ្មីៗនេះ ក្នុងឱកាសជួបជាមួយប្រតិភូវៀតណាម លោកឧត្តមសេនីយ៍ ស ថេត អគ្គស្នងការរង និងស្នងការនគរបាលរាជធានីភ្នំពេញ បានស្នើដល់ភាគីវៀតណាមជួយរៀបចំបើកវគ្គសិក្សាសំខាន់ៗសម្រាប់ក្រុមអន្តរាគមន៍ពិសេសមួយនេះផងដែរ។
លោក ឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានស្នើភាគីវៀតណាម ជួយបណ្ដុះបណ្ដាល និងបំប៉នជំនាញដល់ក្រុមកុម៉ង់ដូ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលឯកឧត្ដមស្នងការ មានបំណងបង្កើតឡើង។
ការស្នើនេះគ្រាដែលលោកឧត្ដមសេនីយ៍ឯក ស ថេត នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩នេះ បានទទួលជួបគណ:ប្រតិភូវៀតណាម ដែលមកបំពេញទស្សនកិច្ច នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
លោកស ថេត បានថ្លែង ថា លោកមកកាន់តំណែង ជាស្នងការនគរបាលរាជធានីភ្នំពេញ មិនទាន់បាន១ឆ្នាំនៅឡើយទេ ដោយឯកឧត្ដមមានបំណងបង្កើតក្រុមកុម៉ង់ដូ (ក្រុមអន្តរាគមន៍ដែលមានស្រាប់) របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលមានគ្នាប្រមាណជា៦០នាក់។
ក្រុមកុម៉ង់ដូនេះ គឺត្រូវចេះរបៀបបាញ់កាំភ្លើងវែង កាំភ្លើងខ្លី និងរបៀបការពារថ្នាក់ដឹកនាំផងដែរ។
នៅចំពោះមុខគណៈប្រតិភូវៀតណាម លោកស្នងការនគរបាល រាជធានីភ្នំពេញ បានស្នើឲ្យទទួលយកសំណើជួយបណ្ដុះបណ្ដាល និងបំប៉នជំនាញដល់ក្រុមកុម៉ង់ដូ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនេះ រាយការណ៍ជូនថ្នាក់ដឹកនាំវៀតណាមផង ព្រោះធនធានមនុស្ស និងសម្ភារៈសម្រាប់បំពាក់នោះ គឺខាងស្នងការរាជធានីភ្នំពេញ បានជ្រើសរើស និងបញ្ជាទិញរួចរាល់ហើយ តែនៅខ្វះការបណ្ដុះបណ្ដាលលើជំនាញនេះប៉ុណ្ណោះ។
លោក ឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងដែរ ថា ចាប់ពីពេលនេះតទៅ នៅប្រទេសកម្ពុជា នឹងមានកិច្ចប្រជុំធំៗជាច្រើន ហើយក្រុមកុម៉ង់ដូនេះទៀតសោត ក៏ជួយបន្ថែមទៀតទៅលើការការពារសន្តិសុខ សណ្ដាប់ធ្នាប់ប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ ឲ្យបានកាន់តែល្អប្រសើរ ថែមទៀតផង។
គណ:ប្រតិភូវៀតណាម បានសន្យា ថា នឹងយកសំណើនេះទៅរាយការណ៍ ជូនថ្នាក់ដឹកនាំរបស់ខ្លួន ដើម្បីពិចារណា ទៅលើការជួយបណ្ដុះបណ្ដាល និងបំប៉នជំនាញដល់ក្រុមកុម៉ង់ដូ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៕