ជនជាតិចិនម្នាក់ស្លាប់ និងបីនាក់ទៀតរងរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍បើករថយន្តធ្លាក់ផ្លូវ
ព្រះសីហនុ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង នៅលើផ្លូវទៅក្រុមហ៊ុនយិះជៀ ត្រង់ចំណុច កណ្តាលព្រៃស្ងាត់ ស្ថិតនៅក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាវេលាម៉ោងប្រហែល ៤ ទៅ ៥ ទៀបភ្លឺ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ ហើយបីនាក់ទៀតរងរបួសធ្ងន់ និងបានបញ្ជូន ទៅសង្គ្រោះមន្ទីរពេទ្យភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្តដែលបង្កគ្រោះថ្នាក់ចរាចរណ៍ ដោយខ្លួនឯង រថយន្តនេះមានម៉ាក LEXUS RX300 ពណ៌ ស ពាក់ផ្លាកលេខ ភ្នំពេញ 2AS-8569 ជិះដោយជនជាតិ ចិន ចំនួន ០៤នាក់ ភេទប្រុស មិនទាន់ស្គាល់អត្តសញ្ញាណទាំងអស់ មានទិសដៅពីលិច ឆ្ពោះទៅកើត លុះដល់ចំណុចខាងលើ ស្ថានភាពផ្លូវកោង រថយន្តមានល្បឿនលឿន ទាញចង្កូតមិនផុត ក៏ធ្លាក់ផ្លូវក្រឡាប់តែម្ដង។
បច្ចុប្បន្នសមត្ថកិច្ចជំនាញ កំពុងស្រាវជ្រាវរកអត្តសញ្ញាណរបស់ជនរងគ្រោះ៕