ក្រសួងរ៉ែ និងថាមពល ឆ្លេីយមិនចំសំណួរ និងច្រានសំណួរចោល ពេលលោក វិល្លាមចោទសួរ
នៅថ្ងៃព្រហស្បតិ៍ ៥រោច ពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩នេះ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់បេីកកិច្ចប្រជុំ ជាមួយប្រតិភូក្រសួងរ៉ែនិងថាមពល នៅទីស្ដីការនាយករដ្ឋមន្ត្រី វិមានសន្តិភាព ។
លោកវីល្លាប បានថ្លែងថា សមាជិកឧត្តមក្រុមប្រឹក្សាប្រតិភូគណបក្សខ្មែរក្រោកយេីងខ្ញុំបានផ្ដោតសំនួរ ៣ ចំណុចជាចាំបាច់ ៖
១ / ខ្ញុំទាមទាឲ្យក្រសួងបង្ហាញប្រាក់ចំណូលក្រៅពីសារពេីពន្ធចំពោះ ការវិនិយោគរ៉ែមាស និងខ្សាច់ ដោយឡែកពីចំណូលសរុប ព្រោះភោគផលរ៉ែធម្មជាតិទាំងនោះពលរដ្ឋហាក់មិនបានដឹងថាតេីចំណូលសាកសមនិងការបាត់បង់ធនធានប្រកបដោយតម្លាភាពនោះទេ ។
៖ ប្រតិភូក្រសួងមិនបានឆ្លេីយចំសំនួរទេ និងបង្វែរអោយពិនិត្យមេីលរបាយការណ៍ដែលបង្ហាញពីចំណូលសរុប ដែលពុំមានបែងចែកច្បាស់លាស់ចំពោះ ចំណូលពី រ៉ែ និង ខ្សាច់ ។
២ / ខ្ញុំទាមទាអោយបំភ្លឺជុំវិញការពិតចំពោះករណីពុលស្រានៅក្រចេះដែលស្លាប់ពលរដ្ឋជាបន្តបន្ទាប់កាលពីឆ្នាំមុន ហេីយពុលទាំងព្រះសង្ឃ និងកុមារ ព្រោះព័ត៌មានមួយចំនួនបានផ្សាយថាពុលដោយសារសារធាតុស្យានីតដែលហូរចូលប្រភពទឹកបន្សល់ពីការរុករករ៉ែ ហេីយវាមានភាពស៊ីសង្វាក់ជាងការលេីកឡេីងថាពុល មេតាណុល ដែលបណ្ដាលពីស្រា ព្រោះព្រះសង្ឃ និងកុមារមិនបានផឹកស្រាទេ ហេតុអ្វីពុលដែរ ? ហេីយករណីនេះត្រូវបានស្ងប់ស្ងាត់ដល់បច្ចុប្បន្នដែលបង្ហាញពីការមិនទទួលខុសត្រូវចំពោះមរណភាពរបស់ពលរដ្ឋ ជាពិសេស មានការរុញដាក់គ្នារវាងក្រសួង៣ស្ថាប័ន ទីបំផុតពលរដ្ឋស្លាប់ដោយគ្មានពន្លឺចោលទទេរ
៖ ប្រតិភូក្រសួងមិនបានឆ្លេីយក្បោះក្បាយទេចំពោះបញ្ហានេះ ដោយរុញអោយយេីងខ្ញុំទៅសេីររេីឯកសាក្នុងកិច្ចប្រជុំពេញអង្គគណរដ្ឋមន្ត្រី
៣ /ខ្ញុំផ្ដល់នូវអនុសាសន៍អោយប្រតិភូក្រសួងពិនិត្យឡេីងវិញចំពោះគោលនយោបាយជាតិដែលដាក់ចេញស្ដីពីការគ្រប់គ្រងរចៀសវាងល្អតែគោលនយោបាយតែការអនុវត្តន៍ផ្ទុយពីស្មារតីក្នុងអារម្ភកថារបស់សម្ដេចតេជោ ។
លោក យស មុនីរ៉ាត់ អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានរ៉ែ និងជាអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩បានឱ្យដឹងថា ក្រសួងរ៉ែ និងថាមពល ព្រមទាំងអគ្គិសនីកម្ពុជា បានបំភ្លឺយ៉ាងក្បោះក្បាយរួចរាល់ហើយជាមួយ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ទៅលើសំណួរជាច្រើនទៅតាមលក្ខណៈបច្ចេកទេស ជំនាញ ក៏ប៉ុន្តែសម្រាប់ចម្លើយណាមួយ ដែលសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នៅតែមិនទាន់យល់អាចធ្វើការសិក្សាស្រាវជ្រាវបន្ថែមទៀត ជាមួយមន្ត្រីជំនាញ របស់ក្រសួងផងដែរ។
លោកបានបន្ថែមទៀតថា ពាក់ព័ន្ធនឹងសំណួរផ្សេងៗទៀត របស់សមាជិក ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ គឺលោករដ្ឋមន្ត្រី ស៊ុយ សែម បានឆ្លើយជាទូទៅតាមលក្ខណៈជំនាញរបស់ក្រសួង ដែលមានសមត្ថកិច្ចធ្វើការទៅលើរឿងទាំងនោះតែប៉ុន្តែ ក៏ប៉ុន្តែលើកលែងតែសំណួរមួយរបស់ លោក ពេជ្រ ស្រស់ ពាក់ព័ន្ធនឹងកង្វល់រឿងបញ្ហាដីធ្លីរបស់ប្រជាពលរដ្ឋនៅភ្នំសែនហាន ដែលមេឃុំបានប្រាប់ទៅ លោក ពេជ្រ ស្រស់ ថាជាដីរបស់ក្រសួង ភ្លាមៗលោករដ្ឋមន្ត្រីក៏បំភ្លឺតបទៅវិញក្រសួងរ៉ែ និងថាមពល មិនដែលមានដីនៅទីតាំងខាងលើនោះទេ។
លោក យស មុនីរ៉ាត់ បានថ្លែងយ៉ាងដូច្នេះថា ពីព្រឹកមិញនេះ និយាយឱ្យចំទៅគ្រប់សំណួរ ដែលសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលបានលើកមកនឹង គឺក្រសួងបានធ្វើការបំភ្លឺយ៉ាងក្បោះក្បាយរួចហើយ អ្វីដែលសួរនោះ ប៉ុន្តែពាក់ព័ន្ធដែលយើងឆ្លើយទៅគាត់ មិនពេញចិត្តត្រង់ណា យើងអត់ដឹងដែរ ប៉ុន្តែឯកឧត្តមរដ្ឋមន្ត្រី បានសួរបញ្ជាក់ទៅ ក្នុងអង្គប្រជុំថា តើសំណួរអ្វីដែលយើងឆ្លើយទៅ តើអ្នកដែលសួរហ្នឹង សមាជិកនីមួយៗសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ តើទទួលបានចំម្លើយពេញចិត្តហើយ ឬនៅហើយអត់មានលើអ្វីនៅក្នុងអង្គប្រជុំបន្ថែមទៀតផង លើកលែងតែមានចំណុចខ្លះអត់ទាន់ច្បាស់លាស់ ដែលត្រូវឱ្យមកធ្វើការជាមួយនឹងជំនាញបន្តទៀត។
បន្ថែមនៅក្នុងការឆ្លើយតប លោក ស៊ុយ សែម ក៏បានបន្ថែមទៀតថា ក្រសួងរ៉ែ និងថាមពល បានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ប្រកបដោយ ទស្សនវិស័យ ដើម្បីអនុវត្តការងាររបស់ខ្លួន ដែលរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ប្រគល់ជូន ហើយក្នុងនាមជាសេនាធិការដែលមានបេសកកម្ម ដឹកនាំ គ្រប់គ្រប់ និងអភិវឌ្ឍវិស័យរ៉ែ ថាមពល ប្រេងកាត បរមាណូស៊ីវិល រួមទាំងវិទ្យុសកម្ម និងអគ្គិសនី។
ពាក់ព័ន្ធនឹងសំណួររបស់លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិករបស់ឧត្តមក្រុមប្រឹក្សាពីគ្រោះ និងផ្តល់យោបល់ ដែលបានចោទសួរនោះ លោករដ្ឋមន្ត្រី ស៊ុយ សែម ក៏ធ្វើការឆ្លើយបំភ្លឺភ្លាមៗថា ក្រសួងពុំមានសមត្ថកិច្ចក្នុងការផ្តល់ទន្លេឱ្យទៅក្រុមហ៊ុន ទ្រី ភាព ធ្វើការស្តារនោះទេ តែក្រសួងមានកាតព្វកិច្ចគ្រប់គ្រងរ៉ែ ដែលនៅខាងក្រោមបាទទន្លេ រួមមានដូចជា៖ ខ្សាច់, ថ្ម, គ្រួស ជាដើម ហើយចំពោះការដឹកជញ្ជូនចេញពុំមានច្បាប់អនុញ្ញាត ក្រសួងនឹងមានវិធានការ ដោយត្រួតពិនិត្យមើលថាលក់នោះ លក់ទៅឱ្យភាគីណារួចក្រសួងនឹងកំណត់ឱ្យធ្វើការបង់ពន្ធចូលរដ្ឋតែប៉ុណ្ណោះ៕