ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-ថៃ ស្ទឹងបត់ នឹងបម្រើតែសេវាដឹកជញ្ជូនទំនិញតែប៉ុណ្ណោះ

173

ភ្នំពេញ៖ លោករដ្ឋមន្រ្តីសាធារណការ បានគូសបញ្ជាក់ថា ច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់នេះ នឹងបម្រើតែសេវាដឹកជញ្ជូន ប៉ុណ្ណោះ ដោយរក្សាទុកច្រកអន្តរជាតិប៉ោយប៉ែតសម្រាប់បម្រើតែសេវាដឹកជញ្ជូនភ្ញៀវទេសចរ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ ។

ថ្ងៃសុក្រ ៦រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញចុះ ហត្ថលេខាលើកិច្ចសន្យាគម្រោងសាងសង់ច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ ជាមួយក្រុមហ៊ុនសាងសង់ FIN TECHNIC។

ពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់របស់ក្រសួងសាធារណការ និងដឹកជញ្ជូន លោកPanyarak Poolthup អគ្គរាជទូតថៃប្រចាំកម្ពុជាលោកPerames Vudthitornetiraks នាយកភ្នាក់ងារអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជិតខាង តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងនាយក ក្រុមហ៊ុន FIN TECHNIC និងភាគីពាក់ព័ន្ធផងដែរ។

គម្រោងនេះផ្ដោតលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែន ដែលរួមមាន៖ អគាររដ្ឋបាលច្រកចូលទ្វារព្រំដែន និងផ្លូវ សំណង់អគារអន្តេវាសិកដ្ឋាន ចំណតសម្រាប់ផ្ទេរទំនិញឆ្លងកាត់ សំណង់កាត់ បន្ថយគ្រោះទឹកជំនន់ និងការជួសជុលកែលម្អផ្លូវចាស់។ គម្រោងនេះគ្រោងចំណាយថវិកាប្រមាណ ៩២៨ ១១០ ៦៨១ បាត (Baht) ក្រោមហិរញ្ញប្បទានសម្បទានពីរាជរដ្ឋាភិបាលថៃ និងប្រើរយៈពេល២៤ខែ។

លោកទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា៖ ច្រកទ្វារព្រំដែនអន្តរជាតិនេះ នឹងបម្រើតែសេវាដឹកជញ្ជូន ប៉ុណ្ណោះ ដោយរក្សាទុកច្រកអន្តរជាតិប៉ោយប៉ែតសម្រាប់បម្រើតែសេវាដឹកជញ្ជូនភ្ញៀវទេសចរ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ ក៏ដូចជាផ្ដល់ភាពងាយស្រួលដល់សមត្ថកិច្ចក្នុងការត្រួតពិនិត្យទំនិញដឹក ជញ្ជូនឆ្លងកាត់ព្រំដែនឱ្យមានប្រសិទ្ធភាព តម្លាភាព និងចំណេញពេលវេលា។

គួររំលឹកផងដែរថា៖ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ កន្លងទៅនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបីផ្សេងគ្នានៅលើទឹកដីក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ ដែលកម្មវិធីទាំងបីនោះរួមមាន៖ ១) ការចាក់បេតុងតភ្ជាប់មុខតំណស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ពានស្ទឹងបត់) ២)ការបើកការដ្ឋានសាងសង់អគាររដ្ឋបាលច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ និងផ្លូវ តភ្ជាប់ទៅផ្លូវជាតិលេខ ៥ និង ៣) ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រតិបត្តិការរួមគ្នាលើការដឹកជញ្ជូន ឆ្លងកាត់ព្រំដែន និងពិធីប្រគល់-ទទួលក្បាលរដ្ឋភ្លើងDMU។

ជាទីបញ្ចប់ លោកទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ភាគីពាក់ព័ន្ធទាំងអស់ដែល បានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត និងចំណាយពេលវេលាដ៏តម្លៃ ដើម្បីជំរុញឱ្យគម្រោងនេះលេច ចេញជារូបរាង និងបានផ្ដាំផ្ញើឱ្យក្រុមហ៊ុន FIN TECHNIC សាងសង់ឱ្យមានប្រសិទ្ធភាព និងបញ្ចប់ គម្រោងតាមពេលវេលាកំណត់៕

អត្ថបទដែលជាប់ទាក់ទង