រាជធានីភ្នំពេញមានស្ថានីយបូមទឹក១៤កន្លែង ដើម្បី ប្រតិបត្តិការបូម ទឹកចេញពីរាជធានីភ្នំពេញពេលមានភ្លៀងធ្លាក់ខ្លាំងម្តងៗ








លោកសាំ ពិសិដ្ឋប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងនៅព្រឹកថ្ងៃទី២៥ ឧសភានេះថា នៅរាជធានីភ្នំពេញរបស់យើងមកដល់បច្ចុប្បន្ននេះមានស្ថានីយបូមទឹកទាំងថ្មី ទាំងចាស់ចំនួន១៤កន្លែង ដើម្បីប្រតិបត្តិការបូមទឹកចេញពីក្នុងរាជធានីភ្នំពេញនៅពេលមានភ្លៀងធ្លាក់ខ្លាំងម្ដង ដែលធ្វើឲ្យរាជធានីភ្នំពេញមិនទទួលការលិចលង់ដោយជំនន់ទឹកភ្លៀងយូរដូចបណ្ដាឆ្នាំមុនៗទៀតទេ។
លោកសាំ ពិសិដ្ឋ បញ្ជាក់ទៀតថា ក្នុងចំនោមស្ថានីយបូមទឹក១៤កន្លែងនេះ មានស្ថានីយ៍បូមទឹកថ្មីចំនួន៣កន្លែង ដូចជាស្ថានីយបូមទឹកព្រះពន្លា នៅខណ្ឌច្បារអំពៅ ស្ថានីយបូមទឹកបុរី១០០ខ្នង នៅខណ្ឌសែនសុខ និងស្ថានីយបូមទឹកលូ៥ នៅខណ្ឌមានជ័យ។
សម្រាប់ការដ្ឋានស្ថានីយបូមទឹកលូ៥ មកដល់ពេលនេះ ការដ្ឋានទាំងមូលសម្រេចបានជិតរួចរាល់១០០%ហើយ នឹងអាចបូមទឹករំដោះការលិចលង់បាននៅខែមិថុនា ឆ្នាំ ២០១៩ខាងមុខនេះ។ស្ថានីយបូមទឹកថ្មី ទាំង៣កន្លែងខាងលើនេះមានសមត្ថភាពបូមទឹកបានខ្លាំងជាងស្ថានីយបូមទឹកចាស់រហូតដល់៣ដង ។
លោកសាំ ពិសិដ្ឋ បានបន្តអោយដឹងទៀតថា ខណៈមានភ្លៀងធ្លាក់ខ្លាំងម្តងៗ ស្ថានីយបូមទឹកទាំង១៤កន្លែងបានបើកប្រតិបត្តិការព្រមៗគ្នាតែម្តង ដែលធ្វើអោយយើងអស់ក្តីបារម្ភ រឿងលិចរាជធានីភ្នំពេញយូរៗ ដូចឆ្នាំ
មុនៗទៀត។
ប៉ុន្តែទោះបីជាយ៉ាងណាក្តីលោកសាំ ពិសិដ្ឋ បានសំណូមពរ និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញទាំងអស់ ត្រូវទុកដាក់សំរាមអោយបានត្រឹមត្រូវ ជៀសវាងអោយបាន ការបោះសំរាមចូលក្នុងអណ្តូងលូ ប្រឡាយ ដែលធ្វើអោយទឹកមិនអាចហូរបាន៕