ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សកម្មភាពកាយប្រឡាយបើកមុខទឹក ចាប់ពីចុងប្រឡាយមុខបុរីអង្គ ដល់ផ្លូវជាតិ៥ ឈានដល់ជិតបញ្ចប់ហើយ ដើម្បីបញ្ជូនទឹកទៅស្ថានីយបូមទឹកគីឡូម៉ែត្រលេខ៩

289

ភ្នំពេញ៖ ដើម្បីដោះស្រាយបញ្ហាលិចលង់ដោយជំនន់ទឹកភ្លៀងនារដូវវស្សានេះ រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោក ឃួង ស្រេង ជាអភិបាលរាជធានីភ្នំពេញបានយកចិត្តទុកដាក់ណាស់ក្នុងការធ្វើបណ្តាញលូ ជួសជុលអណ្តូងលូនិងប្រឡាយជាដើម ។
ជាក់ស្តែងនៅពេលនេះ អង្គភាពលូទឹកបូមទឹកនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរខណ្ឌពាក់ព័ន្ទ បាននិងកំពុងដាក់គ្រឿងចក្រ ចុះអន្តរាគមន៍កាយប្រឡាយ បើកមុខទឹកនៅក្នុងខណ្ឌឬស្សីកែវ ប្រមាណ២គីទ្បូរមែត្រ ទំហំ៦មែត្រ ដោយចាប់ពីចុងប្រឡាយមុខបុរីអង្គ រហូតដល់ផ្លូវជាតិ៥ (ស្ថានីយបូមទឹកគីឡូម៉ែត្រលេខ៩)។
លោក ដួង ចាន់សារ៉ាត់ ប្រធានអង្គភាពលូទឹកបូមទឹកនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងនៅព្រឹកថ្ងៃទី១០ កក្កដា២០១៨នេះថា តបតាមបញ្ជាដឹកនាំពីលោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ បានអោយអង្គភាពលូទឹកបូមទឹកនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញនិងរដ្ឋបាលខណ្ឌពាក់ព័ន្ធចុះស្ដារប្រឡាយមេមួយខ្សែរប្រមាណ២ គីទ្បូរមែត្រ ដែលមានទំហំ៦មែត្រ ដោយចាប់ពីចុងប្រឡាយមុខបុរីអង្គរហូតដល់ផ្លូវជាតិ៥ ពោលគឺទៅដល់ស្ថានីយបូមទឹកគីឡូម៉ែត្រលេខ៩ ដើម្បីបូមទឹកចេញរំដោះការលិចលង់ជូនប្រជាពលរដ្ឋ។
លោកបញ្ជាក់ថា មកដល់ពេលនេះ ក្រុមការងារបានសម្រេចការងាររបស់ខ្លួនជិតដល់ទីបញ្ចប់ហើយ ដោយបានកាយបើកមុខទឹកមកដល់ស្ថានីយបូមទឹកគីឡូម៉ែត្រលេខ៩ហើយ។


គួរបញ្ជាក់ដែរថា កន្លងមកនេះក្នុងគម្រោងរបស់រដ្ឋបាលរាជធានីភ្នំពេញ គឺបានដាក់ចេញជាផែនការ ដោយឱ្យមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញធ្វើការសិក្សាបច្ចេកទេស លើបញ្ហាដោះស្រាយទឹកលិចចំនួន ៥គម្រោង លើចំនួន ៥តំបន់ក្នុងរាជធានីភ្នំពេញនៅឆ្នាំ២០១៨នេះ។
តំបន់លិចទឹកទាំង៥កន្លែងដែលត្រូវដោះស្រាយនេះរួមមានទី១-តំបន់ផ្លូវជាតិលេខ ៤ មុខសាលាក្តីខ្មែរក្រហម ដោយកំពុងជីកភ្ជាប់ប្រឡាយស្របផ្លូវរថភ្លើង ប្រឡាយជើងឯក និងប្រឡាយទួលពង្រ។ទី២-តំបន់មហាវិថីសហព័ន្ឋរុស្ស៊ី ខាងជើងព្រលានយន្តហោះ។ គម្រោងដាក់លូប្រអប់ក្នុងសាច់ផ្លូវតាំងកសាង ចាប់ពីមហាវិថីសហព័ន្ឋរុស្ស៊ីទៅភ្ជាប់ប្រឡាយទួលសំពៅនិង១ខ្សែទៀតទៅភ្ជាប់ប្រឡាយចំការឳឡឹក។ ទី៣-តំបន់ខាងត្បូងនិងខាងកើតព្រលានយន្តហោះ។គម្រោងនឹងដាក់លូប្រអប់ទំហំ ៦.៨ម៉ែត្រ និង ៤.៨ម៉ែត្រ ដើម្បីដោះទឹកលិចនៅផ្លូវ ស ឡា ផ្លូវ ណ័រប្រ៊ីត ផ្លូវដួង ងៀប ភូមិថ្មគោល ប្រឡាយលូ៥ បុរី អូរបែកក្អម បុរី ស ឡា។ទី៤-គម្រោងស្ថាបនាប្រឡាយបេតុងស្ទឹងមានជ័យ និងផ្លូវអបប្រឡាយនិងទី៥-គម្រោងស្តារលូ នៅក្នុងខណ្ឌចំការមន ដូនពេញ ៧មករា និងទួលគោក។
ដើម្បីដោះស្រាយបាននូវការលិចលង់នេះដែរ រដ្ឋបាលរាជធានីភ្នំពេញក៏បានដាក់ចេញជា គម្រោងសាងសង់ស្ថានីយ៍បូមទឹកថ្មីចំនួន៤កន្លែងទៀតផងដែរ ដូចជា នៅគឺទី១ស្ថានីយ៍បុរី១០០ខ្នង ទី២ស្ថានីយ៍លូ ៥ ទី៣ស្ថានីយ៍បឹងទំពុន និងទី៤ស្ថានីយ៍ទួលសំពៅ ដែលបង្កើនសមត្ថភាពបូមទឹកបាន៣ដង។
ជាងនេះទៅទៀត រដ្ឋបាលរាជធានីភ្នំពេញនូវបានដាក់ចេញជាយុទ្ធនាការស្តារលូទាំងខ្នាតតូចនិងខ្នាតធំ នៅ៤ខណ្ឌកណ្តាលក្រុងដែលមានប្រវែង ៤១៨គីឡូម៉ែត្រថែមទៀតផងដែរ៕

អត្ថបទដែលជាប់ទាក់ទង