អាវុធហត្ថចាប់បានរថយន្ត ដឹកឈើកកោះជាង២ម៉ែត្រគូប នៅស្រុកបរកែវ
រតនគិរី៖ កងរាជអាវុធហត្ថស្រុកបរកែវ បានចុះបង្ក្រាប និងទប់ស្កាត់ការដឹកជញ្ជូនឈើដោយខុសច្បាប់ និងឃាត់បានរថយន្តចំនួន ០១គ្រឿង ផ្ទុកប្រភេទឈើកកោះ ជាង ២ម៉ែត្រគូប ។ ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ច ចាប់បានរថយន្តនិងឈើតែប៉ុណ្ណោះ ចំណែកឈ្មួញឈើពុំដែលចាប់បាននៅទេ ហើយអ្នកបើកបរបានរត់គេចបាត់ទៀត។
យោងតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរី នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកបរកែវ ដឹកនាំដោយលោក អនុសេនីយទោ ប៉ូច ប៉ូណាន មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថស្រុកបរកែវ បានចុះបង្ក្រាប និងទប់ស្កាត់ការដឹកជញ្ជូនផលអនុផលព្រៃឈើដោយខុសច្បាប់ និងឃាត់បានរថយន្តចំនួន ០១គ្រឿង ម៉ាកសាំយ៉ុងពណ៌ស ស្លាកលេខរតនគិរី.2N.4335 ផ្ទុកប្រភេទឈើកកោះ ចំនួន ៨០ដុំ ស្មើនឹង ២,៧៥០ម៉ែត្រគូបអ្នកបើកបរបានរត់គេចបាត់។
បច្ចុប្បន្នវត្ថុតាង ត្រូវបានប្រគល់ជូនរដ្ឋបាលព្រៃឈើស្រុកបរកែវរក្សាទុក ដើម្បីចាត់ការបន្តតាមនីតិវិធី៕