លោក គួច ចំរើន ណែនាំអោយ សិស្សានុសិស្សខិតខំរៀនសូត្រ គោរពច្បាប់ចរាចរណ៍នឹងដើរអោយឆ្ងាយពីគ្រឿងញៀន
កំពង់ចាម៖ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម លោក គួច ចំរើន បានធ្វើការណែនាំអោយក្មួយៗ
សិស្សានុសិស្សទាំងអស់ត្រូវខិតខំរៀនសូត្រ គោរពច្បាប់ចរាចរណ៍នឹងដើរអោយឆ្ងាយពីគ្រឿងញៀន ព្រោះថា ក្មួយៗជាទំពាំងស្នងឬស្សីសម្រាប់ប្រទេសជាតិទាំងមូល ដែលមិនអាចខ្វះបាន។
លោក គួច ចំរើន បានណែនាំបែននេះ កាលពីព្រឹកថ្ងៃទី១០ខែកក្តដាឆ្នាំ២០១៨នេះ ខណៈដែលលោកអញ្ជើញចុះផ្សព្វផ្សាយ គ្រោះថ្នាក់ចរាចរណ៍ នឹងបញ្ហាគ្រឿងញៀន ដើម្បីកាត់បន្ថយនូវផលប៉ះពាល់ដល់អាយុជីវិតជនរួមជាតិជារៀងរាល់ថ្ងៃ នៅបឋមសិក្សា និងអនុវិទ្យាល័យទួលថ្ម ។
លោក គួច ចំរើន បានថ្លែងប្រាប់ទៅសិស្សានុសិស្សនៃបឋមសិក្សា-អនុវិទ្យាល័យទួលថ្មថា ក្នុងនាមជាសិស្សសាលាត្រូវគិតលើបញ្ហា២ដ៏ធំ គឺមាន គ្រោះថ្នាក់ចរាចរណ៍ នឹងបញ្ហាគ្រឿងញៀន ដើម្បីកាត់បន្ថយនូវផលប៉ះពាល់ដល់អាយុជីវិតជនរួមជាតិជារៀងរាល់ថ្ងៃ ។យើងត្រូវផ្សព្វផ្សាយបន្ត ត្រូវប្រុងប្រយ័ត្នដោយគោរពច្បាប់ចរាចរណ៍ត្រូវពាក់មួកសុវត្ថិភាព ចេះអធ្យាស្រ័យគ្នា ចេះយោគយល់គ្នា ហាមប្រើប្រាស់គ្រឿងញៀន សេពគ្រឿងស្រវឹងជាដើមក្នុងពេលកំពុងបើកបរ ដើម្បីបញ្ជៀសនូវគ្រោះថ្នាក់ក្នុងការបើកបរ ។ យើងត្រូវរួមគ្នាថែរក្សាជីវិតដល់ពលរដ្ឋដោយកុំខឹងនឹងការអនុវត្តន៍នូវច្បាប់ចរាចរណ៍ គឺដើម្បីកាត់បន្ថយអត្រាស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវ។
លោកអភិបាលបានបន្តទៀតថា ក្រៅពីបញ្ហាខាងលើ បញ្ហាសម្រាមក៏ជាបញ្ហាប្រឈមដែលត្រូវយកចិត្តទុកដាក់ផងដែរ ដោយយើងត្រូវរួមគ្នាគ្រប់គ្រង ទុកដាក់ សម្រាមអោយបានត្រឹមត្រូវ រៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ សម្រួលចរាចរណ៍កុំឲ្យកកស្ទះនៅលើដងផ្លូវផងដែរ។
លោកអភិបាលបានបន្តទៀតថា យុវជនគឺជាទំពាំងស្នងឬស្សីសម្រាប់ប្រទេសជាតិ ដើម្បីអភិវឌ្ឍន៍កសាងប្រទេសឲ្យមានភាពរុងរឿង រីកចម្រើនជាបន្តបន្ទាប់ទៀត ដោយត្រូវជៀសឆ្ងាយពីគ្រឿងញៀន ត្រូវយល់ដឹងនូវផលប៉ះពាល់ដោយខ្លួនឯងនិងសង្គមជាតិផងដែរ។
លោក គួច ចំរើន ក្នុងឱកាសនោះក៏បានស្នើដល់លោកគ្រូអ្នកគ្រូត្រូវធ្វើការណែនាំ លើបញ្ហាអសកម្មនានាដែលបានកើតមានឡើង ដូចជាបញ្ហាគ្រោះថ្នាក់ ដោយគ្រឿងញៀន នៅក្នុងពេលគោរពទង់ជារៀងរាល់សប្តាហ៍។ ជម្រុញដល់សិស្សានុសិស្សទាំងអស់បន្តខិតខំរៀនសូត្រដើម្បីខ្លួនឯង ដើម្បីសង្គមគ្រួសារនឹងឈានដល់ការអភិវឌ្ឍន៍ប្រទេសជាតិអោយបានរីកចំរើន៕