ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ខ្លួនយុវជនម្នាក់លួចហេក Facebook របស់គេរហូតដល់ជាង២០០គណនី ដើម្បីឆបោកប្រាក់តាមគ្រប់រូបភាព

164


ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣១ឧសភា បានឲ្យដឹងថា កម្លាំងសមត្ថកិច្ច បានចាប់ខ្លួនយុវជនម្នាក់ដែលធ្វើសកម្មភាព Hack Facebook របស់គេរហូតដល់ជាង២០០គណនី ដើម្បីឆបោកប្រាក់តាមគ្រប់រូបភាព ក្នុងនោះមានគណនី Facebook ចំនួន៥០ ដែលចាញ់បោកយុវជនម្នាក់នេះ។

លោកឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា យុវជនម្នាក់នេះត្រូវបានចាប់ខ្លួន នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ នៅត្រង់ចំណុចផ្លូវលេខ១៨២ សង្កាត់ទឹកល្អក២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយកម្លាំងនាយកដ្ឋានរបស់លោក ដោយដឹកនាំដោយ ឧត្តមសេនីយ៍ទោ ស៊ីវ ឈាន់ សហការជាមួយការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

យុវជនម្នាក់នេះឈ្មោះ គ្រួច ស៊ីឆៃ ជនជាតិខ្មែរ កើតថ្ងៃទី១៧ ខែឧសភា ឆ្នាំ១៩៩៧ មុខរបរមិនពិតប្រាកដ មានស្រុកកំណើត សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទីលំនៅបច្ចុប្បន្នផ្លូវ១៩៨១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងមានស្ថិតក្រោមការសម្របសម្រួលពី ព្រះរាជអាជ្ញារង រៀល សុភិន។

បើតាមលោកឧត្តមសេនីយ៍ប្រធាននាយកដ្ឋាន បុគ្គលរូបនេះ ត្រូវបានជនរងគ្រោះដាក់ពាក្យបណ្ដឹងពីបទ លួចចូលប្រើប្រាស់គណនី Facebook អ្នកដទៃ ដោយគ្មានការអនុញ្ញាត រួចឆាតទៅខ្ចីប្រាក់ពីមិត្តភ័ក្តិនៅក្នុង Facebook ដោយតម្រូវឲ្យផ្ញើប្រាក់តាមក្រុមហ៊ុនវេរលុយ ដែលកន្លងមក នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានទទួលពាក្យបណ្ដឹង ជាច្រើនពីជនរងគ្រោះ។

ក្រោយធ្វើការចាប់ខ្លួន ជនសង្ស័យខាងលើបានសារភាពថា ធ្លាប់បានធ្វើការឆបោកប្រាក់ជាច្រើនសារ ហើយរូបគេ បានលួចចូលគណនី Facebook បានប្រហែល២០០គណនី និងជាង៥០គណនី ទទួលបានប្រាក់ពីការឆបោក។ បច្ចុប្បន្ននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

អត្ថបទដែលជាប់ទាក់ទង